សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃនាំអង្ករចេញបានជិត ២,៨លានតោន ត្រឹម៤ខែ
22, May 2023 , 5:39 pm        
រូបភាព
រូបភាពពី thairiceandfoods ។
រូបភាពពី thairiceandfoods ។
រដ្ឋាភិបាលថៃរំពឹងថាការនាំចេញអង្កររបស់ប្រទេសខ្លួន នឹងបន្តកើនឡើងដោយសារតែតម្រូវការកើនឡើងនៅក្នុងប្រទេសជាច្រើន ហើយតួលេខនាំចេញអង្ករក្នុងឆ្នាំ២០២៣ អាចឈានដល់៨លានតោន។
 
នៅថ្ងៃទី ២២ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ថៃបាននាំចេញអង្ករចំនួន២,៧៩លានតោន ដែលមានតម្លៃ១,៥ពាន់លានដុល្លារកើនឡើង ២៣ភាគរយបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
 
រដ្ឋាភិបាលថៃរំពឹងថា ការនាំចេញអង្ករនៅឆ្នាំ​នេះ​នឹងបន្តកើនឡើងដោយសារតែមានតម្រូវការខ្ពស់នៅបណ្តាប្រទេសជាច្រើន ហើយសម្រាប់តួលេខនាំចេញនៅឆ្នាំ២០២៣ អាចឈានដល់ ៨ លានតោនអង្ករ។ បច្ចុប្បន្ន ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​ពីរ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ឥណ្ឌា។
 
ថ្មីៗនេះ ការកើនឡើងតម្លៃអង្ករត្រូវបានគេសន្មតថាដោយសារតែប្រាក់បាតមានស្ថិរភាព ដែលធ្វើឱ្យវាមុខទំនិញនេះមានការប្រកួតប្រជែងនៅក្នុងទីផ្សារបរទេស។ ជា​លទ្ធផល តម្លៃ​ពូជ​ស្រូវ​ភាគ​ច្រើន​បាន​ឡើង​ថ្លៃ​លើស​ពីការ​ធានា​តម្លៃ​របស់​រដ្ឋាភិបាល។
 
បើតាមលោក Anucha បើគិតត្រឹមថ្ងៃទី១០ ខែឧសភាវិញ ការនាំចេញអង្ករសម្រេចបាន ៣,០៥លានតោន ហើយការបញ្ជាទិញអង្ករថៃពីបរទេសនៅតែបន្តកើនឡើង។​ ទីផ្សារសំខាន់ៗសម្រាប់អង្ករថៃរួមមាន អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី អាម៉េរិក អាហ្រ្វិកខាងត្បូង សេណេហ្គាល់ បង់ក្លាដែស ចិន ជប៉ុន កាមេរូន និងម៉ូសំប៊ិក។ ថៃ​នាំ​ចេញ​អង្ករ​ស​ច្រើន​ជាង​គេ បន្ទាប់​មកគឺ​អង្ករ​ក្រអូប។
 
កន្លងមកលោក ប្រាយុទ្ធ ចាន់អូចា ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះថៃ ក៏ធ្លាប់បានព្រមានពីការអនុវត្តការនាំចេញដែលក្លែងបន្លំណាមួយនឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះអង្ករថៃក្នុងឆាកអន្តរជាតិ។
 
ចំណែកឯប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamthat បានលើកឡើងថា រដ្ឋាភិបាលថ្មីដែលនឹងមកកាន់ដំណែងនាពេលខាងមុខដ៏ខ្លីនេះ មិនគួរពន្យារពេល ឬណែនាំការផ្លាស់ប្តូរភ្លាមៗចំពោះគោលនយោបាយដែលអាចរារាំងដល់ការអភិវឌ្ឍន៍នៃដំណាំសំខាន់ៗនៅក្នុងប្រទេសនេះឡើយ ដែលវាអាចជាការរាំងស្ទះក្នុងការនាំចេញ៕
 
 

Tag:
 អង្ករ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com