កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនីវាយកូនបាល់ សោម ចិន្តា រំភើបនឹងសំឡេងហ៊ោអ្នកគាំទ្រ ស្របពេលឈ្នះមេដាយស៊ីហ្គេមលើកដំបូង
24, May 2023 , 8:59 am        
រូបភាព
ដោយ:
ក្រោយឈ្នះមេដាយសំរឹទ្ធមួយ លើវិញ្ញាសាវាយក្រុមនារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា កីឡាការិនី សោម ចិន្តា ថាខ្លួនមានមោទកភាពខ្លាំងណាស់ ដែលបានប្រកួតតំណាងកម្ពុជា។ នេះជាលើកដំបូងក្នុងអាជីពជាកីឡាវាយកូនបាល់រសប់ ចិន្តា ដែលឈ្នះមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម។
 
បង្ហាញខ្លួនជាលើកទី៤ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលបានធ្វើឡើងនៅលើទឹកដីកម្ពុជា ដ្បិតមិនអាចដណ្តើមបានមេដាយមាសក៏ពិតមែនតែការឈ្នះមេដាយសំរឹទ្ធជូនជាតិកម្ពុជា កីឡាការិនីវាយកូនបាល់កម្ពុជា ថាខ្លួនសប្បាយរីករាយ និងរំភើបចិត្តដែលអាចឈ្នះមេដាយជូនជាតិ គ្រួសារ និងខ្លួនឯង។ 
 
កីឡាការិនី សោម ចិន្តា និយាយថា៖«ស៊ីហ្គេមនៅកម្ពុជា ជាលើកទី៤ហើយសម្រាប់ខ្ញុំដែលចូលប្រកួតតំណាងកម្ពុជា ប្រកួតលើកដំបូងខ្ញុំមានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ ដែលកាលណោះស៊ីហ្គេមធ្វើឡើងនៅប្រទេសសិង្ហបុរី(២០១៥) ខ្ញុំមិនដែលឈ្នះមេដាយទេក្នុងការប្រកួតស៊ីហ្គេមមុនៗ។ ខ្ញុំមានមោទកភាពណាស់ដែលមានឈាមជ័រជាខ្មែរ និងបានប្រកួតតំណាងឱ្យខ្មែរ និងអាចឈ្នះមេដាយជាលើកដំបូង»។ កញ្ញា សោម ចិន្តា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះនៅថ្ងៃទី២៣ ខែឧសភា នេះ។ 
 
កញ្ញា សោម ចិន្តា បន្តថា អ្វីដែលអស្ចារ្យគឺសំឡេងហ៊ោរបស់អ្នកគាំទ្រកម្ពុជា ដែលជាបរិយាកាសមួយមិនអាចបំភ្លេចបាន និងជាចលករទឹកចិត្ត ជួយឱ្យខ្លួនអាចសម្រេចបានជ័យជម្នះដំបូង ក្នុងទឹកដីកម្ពុជា។ ចិន្តា រៀបរាប់ថា៖«ការប្រកួតនៅចំពោះមុខអ្នកគាំទ្រកម្ពុជា ដ៏ច្រើន និងស្រែកហ៊ោគាំទ្រគឺមានឥទ្ធិពលខ្លាំងណាស់។ ការប្រកួតបង្ហាញថាយើងខ្មែរមិនបោះបង់ ត្បិតការប្រកួតនោះខ្ញុំមានបញ្ហារបួសមែនតែខ្ញុំតស៊ូរហូតដល់ការប្រកួតត្រូវបានបញ្ចប់»។
 
គួបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់វិញ្ញាសាវាយក្រុមនារី កម្ពុជា ឈ្នះមេដាយសំរឹទ្ធ១ ដែលធ្វើបានដោយកីឡាការិនី សោម ចិន្តា, ញ៉ែម ស្រីណុច, ឡៅ ពេជ្ររស្មី, កា អេឌ្រាដារ៉ាវី, គ្រូស្លីង គ្រែសអេនីតេ(Krusling Grace Annete)៕  
 

Tag:
 កីឡាវាយកូនបាល់
 សោម ចិន្តា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com