ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាការៈ​ទាំងនេះមានន័យ​ថា ​តម្រងនោម​កំពុង​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​ហើយ​
28, May 2023 , 6:59 am        
រូបភាព
តម្រងនោម​មនុស្ស​យើង​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ឆ្អឹងជំនី​ទាំង​សងខាង និង​នៅ​ខាងក្រោយ​។ ការងារ​របស់​សរីរាង្គ​ដ៏​សំខាន់​នេះ​គឺ ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​ដើម្បី​បញ្ចេញ​ចោល​តាម​ទឹកនោម និង​លាមក​។
 
វា​ក៏​មាន​នាទី​ច្រោះ​ជាតិពុល​តាម​រយៈ​ការ​លាង​ឈាម​រាល់ថ្ងៃ ដើម្បី​រក្សា​សម្ពាធ​ឈាម​ឲ្យ​មាន​លំនឹង ផ្គត់ផ្គង់​អុក​ស៊ី​សែន​គ្រប់គ្រាន់ អេ​ឡិច​ត្រូ​លី​ត្រ​មាន​តុល្យភាព និង​ឆ្អឹង​រឹង​មាំ​។ ដូច្នេះ​បើសិនជា​តម្រងនោម​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ រាង​កាយ​នឹង​បង្ហាញ​ជា​អាកា​រៈ​ដូច​ខាងក្រោម​នេះ​ឲ្យ​អ្នកដឹង​ជា​មិន​ខាន​។
 
ហើម​តាម​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ
រឿង​ដែល​អាច​ដឹង​លឿន​បំផុត​ថា​តម្រងនោម​ខ្សោយ គឺ​នៅ​ពេល​អ្នក​នោម ឬ​បែកញើស​តិច​។ ការ​ដែល​ហើម​ក្នុង​សន្លាក់ ដៃជើង និង​មុខ សុទ្ធតែ​ជា​អាកា​រៈ​បញ្ជាក់​ថា តម្រងនោម​មាន​បញ្ហា​ហើយ​។
 
ទឹកនោម​ប្រែប្រួល
ការ​ដែល​នោម​មាន​សម្ពាធ ឬ​ពិបាក​នោម គឺជា​អាកា​រៈ​មួយ​ដ៏​សំខាន់​។ លើស​ពី​នេះ​ទៅ​ទៀត បើសិនជា​អ្នក​នោម​តិច​ជាង​ធម្មតា និង​នោម​មក​មាន​ពណ៌​ចាស់​ខ្លាំង ឬ​នោម​ច្រើន​ពេក និង​ទឹកនោម​ប្រែ​ពណ៌​ស្លេកស្លាំង វា​ក៏​ជា​សញ្ញា​បញ្ជាក់​ថា​មាន​បញ្ហា​ក្នុង​តម្រងនោម​ដែរ​។
 
ស្បែក​ឡើង​រមាស់
នៅ​ពេល​មាន​អ្វីមួយ​ប្រែប្រួល​រហូត​ដល់​ស្បែក​មាន​ប្រតិកម្ម​រមាស់​ខុស​ពី​ធម្មតា វា​ច្រើន​តែ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា តម្រងនោម​កំពុង​តែ​ធ្វើការ​មិន​បាន​ល្អ​ទេ​។ បញ្ហា​ប​ស្បែក​នេះ​អាច​មាន​លក្ខណៈ រមាស់​ខ្លាំង កន្ទួល ស្ងួត និង​រលាក​ជាដើម​។
 
ងាយ​នឹង​អស់កម្លាំង
តម្រងនោម​ដែល​មាន​សុខភាព​ល្អ​គឺ​ផលិត​អ័រម៉ូន EPO (Erythropoietin) សម្រាប់​បង្កើត​គ្រាប់​ឈាមក្រហម​ដើម្បី​ដឹក​នោម​អុក​ស៊ី​សែន​។ បើសិនជា គ្រាប់​ឈាមក្រហម​ចុះ​ទាប អ្នក​នឹង​មាន​អារម្មណ៍​ថា​ងាយ​នឹង​អស់កម្លាំង​ណាស់ ហើយ​វា​ក៏​ប៉ះពាល់​ដល់​មុខងារ​សាច់ដុំ និង​ខួរក្បាល​ផង​ដែរ​។
 
ពិបាក​ដកដង្ហើម
អាកា​រៈ​មួយ​ដ៏​ចំបង​នៃ​បញ្ហា​តម្រងនោម​គឺ​នៅ​ពេល​ដែល​រាង​កាយ​មិនសូវ​មាន​អុក​ស៊ី​សែន​ដោយសារ​តែ​គ្រាប់​ឈាមក្រហម​ចុះ​ទាប ដូច្នេះ​វា​នឹង​បង្កើន​ជាតិពុល​កាន់តែ​ច្រើន​ក្នុង​សួត រហូត​ដល់​ពិបាក​ដកដង្ហើម​។
 
ក្នុង​មាត់​មាន​រសជាតិ​ដូច​ដែក​ៗ
កាលណា​កាក​សំណល់​ក្នុង​ខ្លួន​កើនឡើង​កាន់តែ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​របៀប​ដែល​មាត់​ស្រង់​រសជាតិ​អាហារ​ដែរ ជា​ពិសេស​រសជាតិ​ដូច​ដែក ហើយ​ក៏​បង្ក​ក្លិន​មាត់អាក្រក់​ថែម​ទៀត​។
 
ឈឺចាប់
ការ​ឈឺចាប់​នៅ​ខ្នង​ម្តុំ​ខាងលើ​ច្រើន​តែ​ទាក់ទង​នឹង​បញ្ហា​តម្រងនោម​។ វា​ក៏​ជា​អាកា​រៈ​មួយ​នៃ​ការ​បង្ក​រោគ ឬ​គ្រួ​ស​ក្នុង​តម្រងនោម​ដែរ​។
 
វិលមុខ
ការ​ដែល​មាន​ចំនួន​អុក​ស៊ី​សែន​តិច​ក្នុង​ខ្លួន គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម និង​ខ្សោយតម្រងនោម​។ ប៉ុន្តែ​វា​ក៏​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ផ្ចង់អារម្មណ៍​ដែរ ដោយសារ​តែ​អុក​ស៊ី​សែន​ទៅ​ខួរក្បាល​មិន​បាន​គ្រប់គ្រាន់​។ ដូច្នេះ​អ្នក​នឹង​មាន​អាកា​រៈ​វិលមុខ​ខ្លាំង ជាមួយនឹង​ការ​ចង​ចាំ​មិន​បាន​ល្អ​ទៀត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com