កីឡាអន្តរជាតិ
អន្តរជាតិ
Man United វិលត្រលប់មកកាន់ការប្រជែង Champions League ក្រោយលត់ Chelsea ៤-១
26, May 2023 , 10:39 am        
រូបភាព
ក្លិប Manchester United នឹងវិលត្រលប់ទៅកាន់ការប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League វិញ នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេបានប្រកួតយកឈ្នះលើក្រុម​ Chelsea ក្នុងលទ្ធផល ៤-១ នាថ្ងៃទី២៥ ខែឧសភា ដើម្បីរក្សាកៅអីក្រុមកំពូលទាំង ៤ នៅ Premier League។


គ្រាប់បាល់ទាំង ៤គ្រាប់ សម្រេចបានដោយកីឡាករ ​Casemiro, Anthony Martial, Bruno Fernandes ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង ​Marcus Rashford សម្រាប់ក្រុមបិសាចក្រហម ដែលកំពុងស្រែកឃ្លានពិន្ទុ ពីការប្រកួតដែលនៅសល់ចំនួន ២ក្នុងលីគ។ Man United ធ្វើឱ្យក្រុម Liverpool ខកចិត្តដោយត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌ Europa League នៅរដូវកាលក្រោយ។
  


ម្ចាស់ជើងឯក ៣សម័យ Champions League ក្រុមបិសាចក្រហម បានបរាជ័យក្នុងការឈ្នះកៅអីលេងក្នុងពានរង្វាន់លំដាប់កំពូលតំបន់អឺរ៉ុបកាលពីរដូវកាលមុន។ ក្នុងរដូវកាលនេះពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៧២ពិន្ទុក្នុងដៃ ខណៈនៅសល់ ១ប្រកួតចុងក្រោយក្នុងដៃ និងមាន​ ៦ពិន្ទុដាច់ពីក្រុម Liverpool ដែលឈរនៅលំដាប់ថ្នាក់ទី៥។
 
ចំណាត់ថ្នាក់លេខ ៤ រក្សាបានដោយក្រុម Newcastle United ដែលនឹងវិលត្រលប់ទៅកាន់ការប្រកួត Champions League សារជាថ្មីផងដែរ ក្រោយខកខានរយៈពេលជាច្រើនឆ្នាំ។ ពួកគេបានឈ្នះកៅអីពានរង្វាន់កំពូលតំបន់អឺរ៉ុប បន្ទាប់ពីប្រកួតស្មើនឹងក្រុម Leicester City កាលពីថ្ងៃ២២ ខែឧសភា។​
  


សម្រាប់ក្រុមដែលដឹកនាំដោយលោក Erik ten Hag វិញ ការប្រកួតនៅក្នុងទឹកដី Old Trafford ចំនួន ១៧លើក នៃក្របខណ្ឌ Premier League មិនទាន់ស្គាល់ការបរាជ័យម្តងឡើយ ខណៈពួកគេនឹងត្រូវប្រកួតបង្គ្រប់ការប្រកួត ១ចុងក្រោយដែលនៅសល់នាចុងបញ្ចប់រដូវកាលនេះ។
 
បន្ទាប់ពីរក្សាបានកៅអីលេងនៅ Champions League រួចមក Man United នៅសល់ភារកិច្ចដ៏ធំមួយបន្ថែមទៀត ដោយជាការប្រកួតប្រជែងក្នុងពានរង្វាន់ FA Cup ទល់ក្រុម Manchester City ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា៕
 

Tag:
 Manchester United
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com