កីឡាអន្តរជាតិ
អន្តរជាតិ
បេក្ខភាពគ្រូបង្វឹកចំនួន ៥ ក្នុងការដឹកនាំ ​Spurs ខណៈការស្វែងរកនៅតែបន្ត
27, May 2023 , 9:29 am        
រូបភាព
ក្លិប​ Tottenham Hotspurs រយៈពេលជាង ២ខែរួចមកហើយចាប់តាំងពីលោក Antonio Conte បានចែកផ្លូវជាមួយ ហើយការស្វែងរកបេក្ខភាពដ៏សក្ក័សមក្នុងការមកដឹកនាំក្រុមបន្តនៅតែមិនទាន់រកឃើញនៅឡើយ។


ការស្វែករកអ្នកចាត់ការថ្មីសម្រាប់ Spurs កំពុងតែបន្ត ខណៈពេលវេលានៃការស្វែងរកនេះ ត្រូវបានគេរំពឹងថានឹងអាចលើសពីចំនួន ៧២ថ្ងៃ ដែលជាចំនួនពេលវេលាក្រុមរហ័សនាមមាន់ក្នាយមាស រកបានអ្នកគ្រប់គ្រងថ្មី ដូចក្នុងការរកអ្នកជំនួសតំណែងលោក Jose Mourinho កាលពីឆ្នាំ ២០២១។
 
Spurs នៅតែស្វែងរកបេក្ខភាពដ៏ស័ក្កសម ខាងក្រោមនេះជាគ្រូបង្វឹកចំនួន ៥ ដែលជាបេក្ខភាពដ៏ស័ក្កសម៖
 
១. Luis Enrique
Luis Enrique ត្រូវបានគេលើកឡើងជាច្រើនដងថាមានទំនាក់ទំនងការងារជាមួយនឹងក្រុម​ Spurs ចាប់តាំងពីការចាកចេញរបស់លោក Conte ហើយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញក៏ជាមនុស្សម្នាក់ ដែលជាបេក្ខភាពភាគរយខ្ពស់ក្នុងការជួយស្រោចស្រង់ក្លិបដែលមានលោក Daniel Levy ជាប្រធាន។
 
លោក Enrique បច្ចុប្បន្នមានទាន់មានក្លិបសម្រាប់ដឹកនាំនៅឡើយ បន្ទាប់ពីលោកបានចាកចេញពីការដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយអេស្ប៉ាញបានធ្លាក់ចេញពីការប្រកួត World Cup ដោយធ្លាក់ក្រោមថ្វីជើងម៉ារ៉ុក។ ទោះយ៉ាងណា លោក Enrique នៅតែមានឈ្មោះល្បីល្បាញក្នុងអាជីពដឹកនាំ ពីប្រវត្តិនៃការដឹកនាំរបស់លោកនៅក្លិប Barcelona។
 
២. Ange Postecoglou
អ្នកចាត់ការក្រុម ​Celtic របស់លីគស្ថិតក្នុងប្រទេសស្កុតឡែន រដូវកាលនេះបានធ្វើព្យុះភ្លៀងយ៉ាងខ្លាំង ដោយដឹកនាំក្រុមប្រជែងឈ្នះពានរង្វាន់លីគកំពូល។ រដូវកាលនេះទៀតសោតលោក ​Ange ត្រូវបានគេរាយការណ៍កំពុងតែមានទំនាក់ទំនងថានឹងអាចមកទទួលការងារនៅក្លិប Chelsea ហើយពេលនេះលោកក៏អាចត្រូវបានជាចំណាប់អារម្មណ៍ពីសំណាក់ Spurs។
កាលពី​មុនមកអ្នកចាត់ការសញ្ជាតិអូស្រា្តលីក៏បានដឹកនាំក្រុមជម្រើសជាតិអូស្ត្រាលី និងជប៉ុន ជាពិសេសដឹកនាំក្រុមជើងខ្លាំងប្រចាំលីគជប៉ុន Yokohama F Marinos។
 
៣. Brendan Rodgers
លោក Brendan Rodgers ក៏កំពុងក្លាយជាទីចាប់អារម្មណ៍ក្នុងការទៅកាន់កាប់តំណែងនៅក្លិប Spurs មួយរូបផងដែរ។ អតីតអ្នកចាត់ក្រុម Leicester និង ​Liverpool បានរីករាយក្នុងការដឹកនាំជោគជ័យនៅក្លិបទាំង ២ នេះកាលពីរដូវកាលមុនៗ ។ ប៉ុន្តែរដូវកាលនេះលោក Rodgers ធ្វើមិនបានល្អឡើយជាមួយក្រុម Leicester City។
 
ការរៀបចំទម្រង់លេងរបស់លោក ​Rodgers ៤-២-៣-១ ​មានភាពប្រហាក់ប្រហែលទៅនឹងទម្រង់លេងរបស់ Spurs តែងតែប្រើប្រាស់ តាំងពីពេលការដឹកនាំរបស់លោក Mauricio Pochettino ដឹកនាំ។ សមិទ្ធិផលការដឹកនាំរបស់លោក Rodgers នៅដឹកនាំ Leicester City លោកបានជួយក្រុមរហ័សនាមកញ្ច្រោងទឹកក្រូចឈ្នះពាន FA Cup ក្នុងឆ្នាំ ២០២១ ទៅកាន់ទឹកដីកីឡដ្ឋាន King Power។
 
៤. Ruud Van Nistelrooy
អតីតខ្សែប្រយុទ្ធក្រុម Manchester United បានប្រកាសចាកចេញពីការដឹកនាំក្លិប PSV Eindhoven កាលពីថ្ងៃទី២៤ ខែឧសភា បើទោះជាជួយក្រុមលើកពានរង្វាន់លីគកំពូលហូឡង់ចំនួន ២ក៏ដោយក្តី។ អ្នកចាត់ការវ័យ ៤៦ឆ្នាំ ក៏បានក្លាយជាបេក្ខភាពមួយរូបសម្រាប់ក្រុម Spurs។
 
៥. Luciano Spalletti
​​SSC Napoli ទទួលបានជោគជ័យឈ្នះរង្វាន់ ​Serie A យ៉ាងងាយស្រួលក្នុងរដូវកាល​នេះ គឺអរគុណទៅកាន់លោក Luciano Spalletti។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីត្រូវបានគេមើលឃើញថានឹងអាចត្រូវមកដឹកនាំនៅ Premier League ដែលជាទីកន្លែងដ៏ស័ក្កសមសម្រាប់ការប្រកួតប្រជែងថ្មីមួយបន្ថែមទៀតរបស់លោក។
 
មិនត្រឹមតែជួយ ​Napoli ឈ្នះពានរង្វាន់ Serie A លោក Spalletti ក៏បានដឹកនាំក្រុមប្រជែងក្នុងពានរង្វាន់ Champions League ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយធ្វើឱ្យក្រុម Napoli ក្លាយជាក្រុមដ៏គ្រោះថ្នាក់មួយប្រចាំអ៊ីតាលីនាពេលបច្ចុប្បន្ន៕
 
 

Tag:
 Tottenham Hotspurs
© រក្សាសិទ្ធិដោយ thmeythmey.com