កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រឹទ្ធាចារ្យ ប៉ែន ផាត៖ ហ្គាណេហ្វូឆ្នាំ១៩៦៦ អស្ចារ្យ ស៊ីហ្គេមឆ្នាំ២០២៣ កាន់តែអស្ចារ្យ
27, May 2023 , 9:59 am        
រូបភាព
ព្រឹត្តិការណ៍ GANEFO នាឆ្នាំ១៩៦៦ រូបពី ក្រុមព្រះសុរិយា
ព្រឹត្តិការណ៍ GANEFO នាឆ្នាំ១៩៦៦ រូបពី ក្រុមព្រះសុរិយា
លោកព្រឹទ្ធាចារ្យ ប៉ែន ផាត អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជាទសវត្សរ៍ទី៦០ យល់ឃើញថាស៊ីហ្គេម​លើកទី៣២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃវិស័យកីឡាក្នុងតំបន់ ហើយមានប្រជាជន និងអ្នកចូលរួមច្រើនកុះករ ជាពិសេសក្នុងពិធីបើក និងពិធីបិទ។ ការជួបជុំរបស់ប្រជាជន និងអន្ដរជាតិដ៏ច្រើនបែបនេះ ព្រឹទ្ធាចារ្យ ធ្លាប់ជួបម្ដងរួចមកហើយ នៅពេលដែលប្រទេសកម្ពុជា ធ្វើព្រឹត្តិការណ៍ GANEFO នៅឆ្នាំ១៩៦៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អតីតកីឡាករបាល់ទាត់រូបនេះ សរសើរ ស៊ីហ្គេម ឆ្នាំ២០២៣ មានទស្សនីយភាពល្អច្រើនជាង GANEFO ព្រោះកម្ពុជាបានវិវឌ្ឍទៅតាមពិភពលោក ដែលជឿនលឿន។


GANEFO គឺជាព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិមួយ នៅក្នុងទ្វីបអាស៊ី។ កម្ពុជា នាឆ្នាំ១៩៦៦ ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ។ នាឆ្នាំនោះដែរ ១៧ប្រទេសចូលប្រកួត រួមមានកម្ពុជា ជាម្ចាស់ផ្ទះ, ស៊ីឡុង (ស្រីលង្ការ), ចិន, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, ជប៉ុន, កូរ៉េខាងជើង, ឡាវ, លីបង់, ម៉ុងហ្គោលី, នេប៉ាល់, ប៉ាគីស្ថាន, សិង្ហបុរី, ស៊ីរី, វៀតណាមខាងជើង និងយេម៉ែន។
  

ព្រឹទ្ធាចារ្យ ប៉ែន ផាត ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
ក្នុងបទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត រៀបរាប់ថាពីធីបើកព្រឹត្តិការណ៍ GANEFO មានប្រជាជនក្នុងស្រុក និងអន្ដរជាតិចូលរួមយ៉ាងច្រើនកុះករ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ទិដ្ឋភាពដ៏អស្ចារ្យនោះ បានធ្វើឲ្យព្រឹទ្ធាចារ្យ ចងចាំមិនភ្លេចព្រោះពេលនោះ លោក ប៉ែន ផាត មានអាយុត្រឹម ១៨ឆ្នាំ និងជាតួរអង្គមួយ ដែលប្រកួតលើប្រភេទកីឡាបាល់ទាត់។ ទាំងការសម្ដែងផ្សេងៗ ទទួលប្រតិភូកីឡាជាតិ និងអន្ដរជាតិ គឺល្អ និងមានភាពអស្ចារ្យ។
 
ដោយឡែក ព្រឹទ្ធាចារ្យរូបនេះ បាននិយាយថា ប្រសិនជាប្រៀមធៀបព្រឹត្តិការណ៍ GANEFO និងស៊ីហ្គេមលើកទី៣២ មានភាពខុសឆ្ងាយ ដោយសារតែបច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើប និងការផ្សព្វផ្សាយទូលំទូលាយ ដែលជាហេតុឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការទទួលដំណឹង។ «កាលឆ្នាំ១៩៦៦ កីឡា GANEFO ជាព្រឹត្តិការណ៍ដ៏ល្អ ប៉ុន្ដែមិនដូចស៊ីហ្គេម នាពេលថ្មីៗនេះទេ។ យើង ដឹងហើយថាប្រទេសជាតិយើងកំពុងជឿនលឿន ហើយអ្វីៗទាំងអស់ ត្រូវតែជឿនលឿនតាម ហើយអ្នកធ្វើការ ក៏ត្រូវជឿនលឿនតាម។ កាលពីដើមចាស់ៗ យើងធ្វើបានល្អហើយ ហើយសព្វថ្ងៃនេះ យើងធ្វើបានដូចក្ដីប្រាថ្នាហើយ។»។ លោក ប៉ែន ផាត បន្ថែមដូច្នេះ។
  

ព្រឹទ្ធាចារ្យ ប៉ែន ផាត ប្រគល់អាវ ជាវត្ថុអនុស្សាវរីយ៍ ជូនលោក គឹម មករា
 
ក្នុងបទសម្ភាសដដែរនេះ ព្រឹទ្ធាចារ្យកីឡាបាល់ទាត់កម្ពុជា ដែលមានរហស្សនាមពស់កេងកង បានបង្ហាញអារម្មណ៍រំភើបខ្លួនតាមរយៈការនិយាយបណ្ដើរ ញញឹញបណ្ដើរថា ក្នុងព្រឹត្តិការណ៍ GANEFO អត្ដពលិកកម្ពុជា ធ្វើបានល្អប្រសើរ ដោយឈរលំដាប់ថ្នាក់ លេខ៣ ដណ្ដើមបានមេដាយសរុប ៦២ ក្នុងនោះមាស១០, ប្រាក់៤២ និងសំរិទ្ធ១០។ ប៉ុន្ដែ លោក ប៉ែន ផាត នៅតែសរសើរ ថាវិស័យកីឡាកម្ពុជា មានការវិវឌ្ឍទៅមុខ ដោយកម្ពុជា ចាប់ផ្ដើមមានធនធានកីឡាករ-កីឡាការិនី ដែលមានសក្ដានុពលអាចនាំជ័យលាភីជូនជាតិបាន។
 
លោក ប៉ែន ផាត អះអាងដូច្នេះ៖«ខ្ញុំ រំភើបឃើញគ្រប់វិញ្ញាសា​កីឡាទាំងអស់យើងធ្វើបានល្អមធ្យមដែរកាលនោះ។ ប៉ុន្ដែបើធៀបស៊ីហ្គេមឆ្នាំនេះ យើងបានមេដាយមាសច្រើន។»៕ 
 

Tag:
 GANEFO
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com