កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាករប៉ារ៉ាហែលទឹក យ៉ុន មួយ ប្តេជ្ញាយកមេដាយមាសជូនជាតិ
26, May 2023 , 4:54 pm        
រូបភាព
កីឡាករប៉ារ៉ាហែលទឹក យ៉ុន មួយ ពេលកំពុងហ្វឹកហាត់។
កីឡាករប៉ារ៉ាហែលទឹក យ៉ុន មួយ ពេលកំពុងហ្វឹកហាត់។
ដោយ:
កីឡាករប៉ារ៉ាហែលទឹកម្ពុជា យ៉ុន មួយ ប្តេជ្ញានឹងធ្វើឱ្យបានល្អក្នុងការប្រជែងយកមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។
 
ម្ចាស់មេដាយប្រាក់១ និងសំរឹទ្ធ១ ពីការប្រកួតកីឡាជនមានពិការភាពនៅក្រុង សូឡូ រូបនេះ បានបញ្ជាក់យ៉ាងមុតមាំក្នុងកំឡុងពេលផ្តល់បទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៦ ខែមិថុនា ថា៖ «នៅក្នុងប្រទេសកម្ពុជាយើងដែលរៀបចំធ្វើជាម្ចាស់ផ្ទះ ខ្ញុំរំពឹងថា នឹងដណ្តើមយកមេដាយទ្វេដង»។ 

លោក យ៉ុន មួយ ខកខានឱកាសក្នុងការប្រជែងមេដាយមាស នាការប្រកួតប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។


កីឡាករ យ៉ុន មួយ ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ
 
ទាក់ទងនឹងការហ្វឹកហាត់វិញអត្តពលិកប៉ារ៉ាហែលទឹក យ៉ុន មួយ លើកឡើងថា ខ្លួនយល់ដឹងបានច្រើនពីគ្រូបង្វឹកជំនាញ ដែលតែងតែណែនាំអំពីបច្ចេកទេសក្នុងការលោត និងការហែល ដែលជាអ្វីថ្មីសម្រាប់ខ្លួនត្រៀមបានពេញលេញក្នុងការប្រកួតនាពេលខាងមុខ។
 
ម្ចាស់មេដាយប្រាក់ យ៉ុន មួយ បន្ថែមថា៖«លោកគ្រូអ្នកគ្រូគាត់យកចិត្តទុកដាក់ចំពោះអត្តពលិក ក្នុងការបញ្ចេញនូវបច្ចេកទេសល្បឿន ភាពវៃឆ្លាតពេលប្រកួតនៅក្នុងទឹក ដែលយើងអាចចាប់យកបាន»។ លោក មួយ បន្តថា ខ្លួនក៏ទទួលបានបទពិសោធន៍ច្រើនក្រាស់ក្រែលពីការប្រកួតដំបូង នៅប្រទេសឥណ្ឌូណេស៊ី យកមកបំពេញបន្ថែមសម្រាប់ក្នុងការប្រកួតនៅទឹកដីកំណើតរបស់ខ្លួន។
 
គួរបញ្ជាក់ថា កីឡាករប៉ារ៉ាហែលទឹកកម្ពុជា យ៉ុន មួយ នឹងត្រូវលេងនៅលើ ៥វិញ្ញាសា។ វិញ្ញាសាឯកត្តជន៣ និងវិញ្ញាសាក្រុម២។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 កីឡាហែលទឹក
 យ៉ុន មួយ
 ប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com