អន្តរជាតិ
វៀតណាម ​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​អង្ករ​ប្រចាំឆ្នាំ​៤៤ភាគរយត្រឹមឆ្នាំ២០៣០
27, May 2023 , 8:29 pm        
រូបភាព
រដ្ឋាភិបាលវៀតណាម មានគោលបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួនដល់៤លាន​តោនក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០ ខណៈកាលពីឆ្នាំមុនអង្ករនាំចេញមានដល់៧,១លានតោន។
 
យោងតាម​ឯកសារ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី២៦ ខែឧសភា វៀតណាម​សម្រេច​លើចំណាត់ការ​ដែលមានបំណងជំរុញការនាំចេញអង្ករដែលមានគុណភាពខ្ពស់ ធានាសន្តិសុខ​ស្បៀង​ក្នុង​ស្រុក ការពារបរិស្ថាន និងសម្របខ្លួនទៅនឹង ការប្រែប្រួលអាកាសធាតុ។ វៀតណាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​បី​របស់​ពិភពលោកបន្ទាប់ ​ពី​​ឥណ្ឌា និង​ថៃបាន។ 
 
របាយការណ៍ដដែល សម្គាល់ពីប្រាក់ចំណូលនាំចេញអង្ករដែលនឹងធ្លាក់ចុះមកនៅត្រឹម២,៦២ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ដែលធ្លាក់ចុះពី៣,៤៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។
 
ឯកសារខាងលើដដែលបង្ហាញទៀតថា វៀតណាមនឹងធ្វើពិពិធកម្មទីផ្សារនាំ​ចេញអង្ករ​របស់​ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ។ ក្នុងនោះហ្វីលីពីនគឺជាអ្នកទិញអង្ករដ៏ធំបំ ផុតរបស់វៀតណាមជាយូរមកហើយដែលស្មើនឹង៤៥ភាគរយនៃការនាំចេញកាលពីឆ្នាំមុន។ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានប្រាប់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក្នុងកិច្ចប្រជុំនៅឥណ្ឌូណេស៊ីក្នុងខែនេះថា វៀតណាមមាន ឆន្ទៈក្នុងការផ្គត់​ផ្គង់​អង្ក​រ​ដល់ហ្វីលីពីនសម្រាប់រយៈពេលវែងក្នុងតម្លៃសមរម្យ។
 
គួរបញ្ជាក់ថា នៅឆ្នាំ ២០២៥ ការនាំចេញអង្កររបស់វៀតណាម៦០ភាគរយ នឹងត្រូវដឹកជញ្ជូន ទៅកាន់ទីផ្សារអាស៊ីចំនួន ២២ភាគរយទៅអាហ្វ្រិក ៧ភាគរយទៅអាម៉េរិក ៤ភាគរយ​ទៅកា​ន់​មជ្ឈិមបូព៌ា និង ៣ភាគរយទៅអឺរ៉ុប។ បើយោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល ការនាំចេញអង្ករពីវៀតណាមក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះបានកើនឡើង៤០,៧ ភាគរយ​ធៀបនឹងឆ្នាំមុនដែល២,៩លានលានតោន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com