អន្តរជាតិ
អាមេរិក​សង្កត់​ធ្ងន់​ថា ខ្លួន​មិនមែន​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី​នោះ​ទេ
27, May 2023 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin និងលោកឧត្ដមសេនីយ៍ Mark Milley ប្រធានសេនាធិការកងទ័ពរួមសហរដ្ឋអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin និងលោកឧត្ដមសេនីយ៍ Mark Milley ប្រធានសេនាធិការកងទ័ពរួមសហរដ្ឋអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ
ដោយ: VOA
មេដឹកនាំ​យោធា​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក បានធ្វើ​ការ​បកស្រាយដោយ​ប្រុងប្រយ័ត្ន​នូវ​ភាព​ខុស​គ្នា​រវាង​ការ​បន្ត​ការ​គាំទ្ររបស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិកទៅ​លើ​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​រុស្ស៊ី​ ហើយ​ថា​ សហរដ្ឋ​អាមេរិក​មិន​ស្ថិត​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​នោះ​ឡើយ។​


នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ ក្រោយ​កិច្ចប្រជុំ​តាម​អនឡាញ​ជាមួយ​ក្រុម​ប្រទេសមួយ​ចំនួន​ដែលកំពុង​ជួយ​គាំទ្រ​អ៊ុយក្រែន​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ លោក​ Lloyd Austin បាន​ឆ្លើយ​តប​ទៅ​នឹង​ក្តីបារម្ភ​ ដែល​ថា ​ក្រុម​ជីវពល​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បានប្រើប្រាស់រថយន្ត​យោធា​អាមេរិក​ ​ក្នុង​ការ​វាយប្រហារទៅ​ក្នុង​ទឹកដី​រុស្ស៊ី​កាល​ពីថ្ងៃ​ចន្ទ​កន្លង​ទៅ​ ហើយ​ដែល​អាចនឹង​ត្រូវ​បានរដ្ឋាភិបាល​ក្រុង​មូស្គូប្រើធ្វើ​ជា​លេស​ ដើម្បី​ទាញ​សហរដ្ឋ​អាមេរិក​ឱ្យ​ចូល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ទៅ​ក្នុង​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។​
 
លោក​ Lloyd Austin ថ្លែង​ដូច​នេះ​ថា៖ «យើង​មិន​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី​នោះ`​ទេ។​នេះ​ជា​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន។ គោលបំណង​សំខាន់​របស់​យើង​ គឺ​ដើម្បី​ធានា​ថា យើង​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​អ៊ុយក្រែនឱ្យ​ទទួល​បាន​ជោគជ័យ» ប៉ុណ្ណោះ។​
 
ដោយ​ឡែកលោក​ឧត្ដមសេនីយ៍​ Mark Milley ប្រធាន​សេនាធិការកងទ័ព​រួម​សហរដ្ឋអាមេរិកក៏​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ស្នើ​ដល់​អ៊ុយក្រែន​ជា​យូរ​មក​ហើយ​ មិន​ឱ្យ​ប្រើប្រាស់​អាវុធដែល​អាមេរិក​ផ្តល់​ឱ្យ​ ដើម្បី​ធ្វើ​ការ​វាយប្រហារ​ទៅ​ក្នុង​ទឹកដី​រុស្ស៊ី​នោះ​ទេ។
 
លោក​ Mark Milley បញ្ជាក់​បន្ថែម​ថា៖​ «ខ្ញុំ​អាច​និយាយ​ថា​ យើង​បាន​ស្នើ​សុំដល់អ៊ុយក្រែនមិន​ឱ្យ​ប្រើប្រាស់ឧបករណ៍​យោធា ដែល​អាមេរិក​ផ្តល់​ឱ្យ​ ដើម្បី​ធ្វើ​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​ទឹក​ដី​រុស្ស៊ី​នោះ​ឡើយ។​ នេះ​ជា​សង្គ្រាមអ៊ុយក្រែន។​ វា​មិនមែន​ជា​សង្គ្រាមរវាង​សហរដ្ឋ​អាមេរិក​និងរុស្ស៊ី​នោះ​ទេ។​ វាក៏​មិនមែន​ជា​សង្គ្រាម​រវាងអង្គការ​អូតង់​និង​រុស្ស៊ី​នោះ​ដែរ។
 
ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ទី​ភ្នាក់ងារ​សារព័ត៌មាន AP រាយការណ៍​ថា​ ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អនុម័ត​យល់​ព្រម​ដាក់ទណ្ឌកម្ម​ជា​ថ្មី​ទៀត​ប្រឆាំង​ទៅ​លើ​ប្រទេសរុស្ស៊ី ជុំវិញ​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​ក្នុង​នោះរួមមានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​និង​ក្រុម​មួយ​ចំនួន​ផង​ដែរ និង​បាន​ហាមប្រាម​ការនាំចេញទៅ​កាន់​ស្ថាប័នឬ​អង្គការនានា​ដែល​ជាប់ពាក់ព័ន្ធនឹង​ក្រុម​យោធា​រុស្ស៊ី។ ជប៉ុន​ក៏​បាន​រិះគន់​ចំពោះ​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី​និង​បេឡារុស​ដើម្បី​ស្តុកទុក​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ស្រាល​នៅ​ក្នុង​ទឹកដី​បេឡារុស ថា​អាចបង្កើន​ភាព​តានតឹង​ថែម​ទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com