អន្តរជាតិ
អ្នកដំណើរម្នាក់ត្រូវបានឃាត់ខ្លួន ដោយសារទៅបើកទ្វារយន្តហោះអំឡុងពេលហោះហើរមួយនៅកូរ៉េខាងត្បូង 28, May 2023 , 9:29 am

×![]()
បុរសម្នាក់ ត្រូវបានឃាត់ខ្លួន ដោយសារតែគាត់បានទៅបើកទ្វារយន្តហោះនៃអាកាសចរណ៍ Asiana Airlines នាអំឡុងពេលដែលយន្តហោះត្រូវចុះចតនៅកូរ៉េខាងត្បូង។
អ្នកដំណើរទាំង១៩៤នាក់ រួចផុតពីគ្រោះថ្នាក់ ពីព្រោះយន្តហោះបានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Daegu International Airport កាលពីថ្ងៃសុក្រកន្លងមក ស្របពេលដែលទ្វារយន្តហោះនៅតែបើកចំហ។ នេះតាមការផ្សាយរបស់សារព័ត៌មាន BBC។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា អ្នកដំណើរខ្លះបានដួល ហើយខ្លះទៀតមានបញ្ហាដង្ហើមដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា បុរសដែលមានអាយុប្រមាណ៣០ឆ្នាំខាងលើនេះ មានអារម្មណ៍ថប់ដង្ហើម ហើយគេចង់ចុះពីយន្តហោះឲ្យបានលឿនបំផុត។ បើតាមកំណត់ហេតុរបស់ប៉ូលិស បុគ្គលនោះ ជាមនុស្សបាក់ទឹកចិត្តម្នាក់ បន្ទាប់ពីបាត់បង់ការងារ។
សូមបញ្ជាក់ថា យន្តហោះបានធ្វើដំណើរពីកោះ Jeju Island ហើយត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daegu នារយៈពេលប្រមាណជាង១ម៉ោងបន្ទាប់។ ខណៈយន្តហោះកំពុងចុះចត ហើយស្ថិតនៅលើចម្ងាយ២៥០ម៉ែត្រពីដីនោះឡើយ បុរសនោះបានចុចបើកទ្វារប្រកាសអាសន្ន។
អ្នកដំណើរផ្សេងទៀត អះអាងថា ខ្យល់បានចូលបុកយ៉ាងខ្លាំងក្នុងយន្តហោះ ហើយមានការបញ្ជាក់ផងដែរថា បុរសនោះបានព្យាយាមលោតចេញ ខណៈអ្នកបម្រើការលើយន្តហោះមានការពិបាកចូលទៅអន្តរាគមន៍។
កុមារមួយចំនួននៅលើយន្តហោះនាំគ្នាស្រែកយំយ៉ាងខ្លាំង ក្រោយយន្តហោះចុះចត អ្នកបម្រើការលើយន្តហោះ ក៏បានទាក់ទងទៅភ្នាក់ងារសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com