កីឡាអន្តរជាតិ
អន្តរជាតិ
Bayern លើកពាន Bundesliga ១១លើកជាប់គ្នា ខណៈ Dortmund បានត្រឹមខកចិត្ត 28, May 2023 , 10:29 am

×![]()
Bayern Munich បានឈ្នះពានក្របខណ្ឌកំពូល Bundesliga អាល្លឺម៉ង់ ១១លើកជាប់គ្នា ក្រោយឈ្នះម្ចាស់ផ្ទះ Cologne ២-១ ស្របពេលដែល Borussia Dortmund ខកចិត្តជាមួយនឹងការបាត់បង់ឱកាសមាសរបស់ខ្លួន ក្រោយតាមត្រឹមស្មើភ្ញៀវ Mainz ២-២ នាជំនួបចុងក្រោយប្រចាំរដូវកាល។
តាមពិតទៅ Dortmund មានប្រៀបជាង Bayern ដើម្បីលើកពានជាលើកដំបូងបើគិតចាប់តាំងពីរដូវកាល ២០១១-១២ ប៉ុន្តែពួកគេមានការចាប់ផ្តើមមិនល្អ ដោយនៅតង់ទីមួយ ត្រូវបានម្ចាស់ផ្ទះ Mainz នាំមុខដល់ទៅ២គ្រាប់ត្រឹម២៤នាទី ដែលសម្រេចបានដោយ Anreas Hanche-Olsen និង Karim Onisiwo។
ស្របពេលដែល Dormund យ៉ាប់យ៉ឺន Bayern នាំមុខម្ចាស់ផ្ទះ Cologne ១-០ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ Kingsley Coman។ នៅនាទី៨១ Dejan Ljubicic បានស៊ុតបាល់ប៉េណាល់ទីតាមស្មើសម្រាប់ Cologne ហើយជាលទ្ធផលដ៏គាប់ចិត្តសម្រាប់ក្រុមអ្នកគាំទ្រ Dortmund ព្រោះបើរក្សាបានលទ្ធផលបែបនេះ ក្រុមពួកគេនឹងត្រូវលើកពាន។
សុបិនមិនបានក្លាយជាការពិតនោះឡើយ នៅនាទី៨៩ Jamal Musiala បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ទៀត សម្រាប់ Bayern។ ងាកទៅ Dortmund ´ឯណោះវិញ ក្រោយ Raphael Guerreiro តាមពីក្រោយ Mainz ១គ្រាប់ Niklas Sule តាមស្មើ ២-២ នៅនាទីបន្ថែម ប៉ុន្តែវាយឺតពេលទៅហើយ ដោយសារចាញ់ប្រៀប Bayern។
Bayern និង Dortmund បាន៧១ពិន្ទុដូចគ្នា ប៉ុន្តែ Bayern មានប្រៀបលើចំនួនគ្រាប់បាល់បញ្ចូលទី។ RB Leipzig និង Union Berlin ស្ថិតក្នុងចំណោមក្រុម Top 4 ដែលទទួលបានកៅអីទៅលេង Champions League, Freiburg លេង Europa, Bayer Leverkusen លេង Europa Conference។
ជាមួយគ្នានេះ VfB Stuttgart រងចាំការប្រកួតជម្រុះដើម្បីរក្សាខ្លួនក្នុងក្របខណ្ឌកំពូល ខណៈ Schalke 04 និង Hertha Berlin ត្រូវធ្លាក់ទៅលេងនៅ 2.Bundesliga៕
© រក្សាសិទ្ធិដោយ thmeythmey.com