ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់ ៥​យ៉ាង​ដែល​អាច​បំផ្លាញ​ស្បែក​អ្នក​បាន
29, May 2023 , 10:59 pm        
រូបភាព
អ្នក​ពិតជា​មាន​បំណង​ចង់អោយ​ស្បែក​ខ្លួនឯង​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត​ណាស់ ដូច្នេះ​ក្នុង​បន្ទប់ទឹក​ប្រហែលជា​ពោរពេញ​ទៅ​ដោយ​ផលិតផល​សម្រាប់​ថែរក្សា​សម្ផស្ស និង​ប្រើប្រាស់​វា​រាល់ថ្ងៃ​ហើយ​។ ប៉ុន្តែ​អ្នក​អាច​នឹង​មើល​រំលង​រឿង​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​ស្បែក​អ្នក​បាន ដូច្នេះ​តើ​អ្នកមាន​កំពុង​តែ​ប្រព្រឹត្ត​នូវ​ទម្លាប់​អាក្រក់​ប្រាំ​ចំណុច​ដែល​អាច​បំផ្លាញ​ស្បែក​អ្នក​ដែរ​ទេ?
 
ធ្វើ​មុខ​ដូច​មនុស្ស​កើតទុក្ខ
វេជ្ជបណ្ឌិត ដូ​រី​ស ដេ (Doris Day, MD) អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក នៅ​ទីក្រុង​ញ៉ូ​យក និយាយ​ថា “​ការ​ដែល​ធ្វើខ្លួន​មិន​សប្បាយចិត្ត​វា​នឹង​បង្កើត​ជា​ទឹកមុខ​ពិបាកចិត្ត​ដូច​ជា ចង​ចិញ្ចើម​, បូញ​បបូរមាត់ និង​សាច់ដុំ​មុខ​ទៅ​ជា​តឹង​”​។ ចូរ​សាកល្បង​ធ្វើ​ចលនា​ត្រចៀក​ទៅ​ក្រោយ​ដោយ​មិនបាច់​ចាប់​ទាញ​។ ទោះបីជា​មិន​អាច​ធ្វើ​បាន​ក៏​ដោយ ក៏​វា​មាន​ប្រយោជន៍​ដែរ​។
 
គាត់​បាន​បន្ត​ទៀត​ថា “​វា​គឺជា​ការ​បញ្ជាក់​បែប​បើកចំហរ​ខ្លាំង​បំផុត​។ អ្នក​មិន​អាច​ចង​ចិញ្ចើម និង​ទាញ​ត្រចៀក​ទៅ​ក្រោយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ តែ​អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​សប្បាយ​រីករាយ ហើយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​នឹង​មាន​ប្រតិកម្ម​សប្បាយ​ជាមួយ​កាន់តែ​ច្រើន​ដែរ​”​។
 
ផ្អាក​ការ​ប្រើ​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ
វេជ្ជបណ្ឌិត ដេ និយាយ​ថា “​អ្នក​មិន​អាច​សង្កត់ធ្ងន់​បាន​គ្រប់គ្រាន់​លើ​ចំនួន​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ប៉ុណ្ណា​សម្រាប់​ការពារ​ស្បែក​ឡើយ​។​ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​៩០​ភាគរយ​នៃ​បញ្ហា​ស្បែក​ជ្រីវជ្រួញ​កើត​ចេញពី​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ មាន​តែ ១០​ភាគរយ​ទេ​ដែល​ទាក់ទង​នឹង​ហ្សែ​ន​។ ដូច្នេះ​អ្នក​អាច​ធ្វើការ​គ្រប់គ្រង​បាន​យ៉ាងច្រើន​ចំពោះ​បញ្ហា​នេះ​”​។
 
ចូរ​ប្រើ​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែល​មាន SPF យ៉ាង​ហោច​ណាស់ ៣០ ជា​រៀងរាល់ថ្ងៃ ទោះបីជា​អាកាសធាតុ​មាន​ពពក​ច្រើន​ពេញ​មេឃ​ក៏​ដោយ​។ ការ​បើកបរ​, ដើរ​លេង ឬ​សកម្មភាព​ទាំងអស់​នៅ​ក្រៅ​ផ្ទះ​ត្រូវ​តែ​ប្រើ​ឡេ​ការពារ​ជា​និច្ច​។
 
ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​គួរតែ​មាន​សរសេរ​ស្លាក​សញ្ញា​បែប Broad-spectrum មាន​ន័យ​ថា វា​ជួយ​ការពារ​កាំរស្មី​យូ​វី​ទាំង យូ​វី​អេ និង​យូ​វី​ប៊ី​។ កាំរស្មី​យូ​វី​ប៊ី​ធ្វើ​អោយរ​លាក ចំណែកឯ​យូ​វី​អេ​ធ្វើ​អោយ​ស្បែក​ងាប់​តែ មិន​បង្ក​ភាព​ជ្រីវជ្រួញ​ទេ​។ កាំរស្មី​យូ​វី​ទាំង​ពីរ​នេះ​អាច​ធ្វើ​អោយ​ស្បែក​មាន​ជំងឺមហារីក​បាន​។
 
ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ពេក
វេជ្ជបណ្ឌិត ប៉ា​ទ្រី​សៀ ហ្វា​រី​ស (Patricia Farris, MD) អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក នៅ New Orleans និយាយ​ថា ការ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ពេក​អាច​បង្កើន​ល្បឿន​នៃ​ការ​ចាស់​របស់​ស្បែក ។ គាត់​បាន​ពន្យល់​ថា ជាតិ​ស្ករ​នឹង​ទៅ​បំផ្លាញ​សារធាតុ​កូ​ឡា​ជែ​ន និង​អេ​ឡា​ស្ទី​ន ដែល​ស្បែក​ត្រូវការ​ដើម្បី​ភាព​ណែន និង​តឹង​។ ដូច្នេះ​កាលណា​បាត់បង់​វា​ទាំង​ពីរ​នេះ​នឹង​ធ្វើ​អោយ​ស្បែក​ទៅ​ជា​ជ្រីវជ្រួញ និង​យៀរ​។
 
ដូច្នេះ​ចូរ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ទទួលទាន​របស់​អ្នក​។ ចូរ​ញ៉ាំ​បន្លែ​, ផ្លែ​ឈើ និង​ជាតិ​ខ្លាញ់​ល្អ​ៗ​ដូច​ជា ត្រី​សាល​ម៉ុង​អោយ​បាន​ច្រើន​វិញ​។ នោះ​គឺជា​គម្រោង​របប​អាហារ​ដ៏​ល្អ​បំផុត​ហើយ​ដើម្បី​អោយ​ស្បែក​មើលទៅ​ក្មេង​បាន​យូរ​។
 
ដេក​មិន​គ្រប់គ្រាន់
ខណៈ​ពេល​អ្នក​កំពុង​តែ​ដេក ស្បែក​នឹង​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ដូច្នេះ​ការ​ដែល​ដេក​មិន​គ្រប់គ្រាន់ ឬ​តិចតួច​នាំ​អោយ​ការ​ជួស​ជួល​ក៏​ត្រូវ​ប្រើ​ពេល​កាន់តែ​តិច​ដែរ​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បានអោយ​ដឹង​ថា ចំពោះ​អ្នក​ដែល​ដេក​តិច​ពេក ឬ​ប្រើ​ពេល​យូរ​ទើប​ដេក​លក់​នឹង​ធ្វើ​អោយ​ស្បែក​មាន​ភាព​តឹង​កាន់តែ​តិច​ជាង​អ្នក​ដែល​ដេក​លក់​បាន​ច្រើន​ម៉ោង​។ អ្នក​ត្រូវ​តែ​ដេក​អោយ​បាន​គ្រប់គ្រាន់ ដោយ​មនុស្ស​ពេញវ័យ​ត្រូវការ​ដេក​ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។
 
វេជ្ជបណ្ឌិត ដេ និយាយ​ថា “​បើសិនជា​អ្នកក្រ​ចូល​ដេក​ជាង​ធម្មតា​ពីរ​បី​ម៉ោង វា​នឹង​ធ្វើ​អោយ​ស្បែក​មាន​ភាព​នឿយហត់ ដូច្នេះ​អ្នក​នឹង​មាន​បញ្ហា​ហើម​ភ្នែក​, ខូង​ភ្នែក និង​ស្បែក​យៀរ​។ ប៉ុន្តែ​បើសិនជា​ចូល​ដេក​ដូច​ពេល​ធម្មតា អ្នក​នឹង​មើលឃើញ​នូវ​ភាព​ខុស​គ្នា​របស់​ស្បែក​ជា​មិន​ខាន​”​។
 
របៀប​ដេក​ក៏​ជា​បញ្ហា​មួយ​ដែរ​។ វេជ្ជបណ្ឌិត ហ្វា​រី​ស និ​យា​យា​ថា “​ការ​ដេក​ចំហៀង​មុខ​ធ្វើ​អោយ​ស្បែក​មុខ​ទៅ​ជា​ផ្នត់​ៗ​បាន​”​។ គាត់​បាន​ណែនាំ​អោយ​ប្រើ​ខ្នើយ​ដែល​ជំនួយ​ដល់​សម្រស់​ដើម្បី​បន្ថយ​សម្ពាធ​លើ​ផ្ទៃមុខ​ក្នុង​ពេលដេក​។ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ដេក​ផ្ងា ប៉ុន្តែ​កាលណា​ដេក​ចំហៀង​មុខ​កាន់​តិច កាន់តែ​ល្អ​។
 
ជក់បារី
ការ​ជក់បារី​មិន​គ្រាន់តែ​អាក្រក់​ចំពោះ​សុខភាព​បេះដូង និង​សួត​ទេ តែ​ក៏​ប៉ះពាល់​ដល់​ស្បែក​ដែរ​។ វេជ្ជបណ្ឌិត ហ្វា​រី​ស និយាយ​ថា “​នៅ​ពេល​អ្នក​ជក់បារី​ហារ​មាត់​បឺត​ផ្សែង​បារី ពួក​គេ​នឹង​ធ្វើ​អោយ​បបូរមាត់​មាន​ស្នាម​ផ្នត់ ហើយ​ពេល​ផ្សែង​បារី​ទៅ​ក្បែរ​ភ្នែក វា​នឹង​ធ្វើ​អោយ​ភ្នែក​ទៅ​ជា​ស្រលៀង​បាន​”​។
 
ការ​ជក់បារី​ក៏​ធ្វើ​អោយ​អ្នក​ងាយ​នឹង​កើត​ជំងឺមហារីក​ស្បែក​មួយ​ចំនួន​, ស្បែក​ទៅ​ជា​លឿង​ព្រឿ​ង​ៗ, និង​របួស​ក្រ​ជា​។ វា​អាច​បង្កើត​ជា​ការ​បង្ក​រោគ និង​ស្នាក​ស្នាម​ដែរ​ដូច​ជា ស្នាម​មុន​ជាដើម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com