អន្តរជាតិ
ថៃទទួលភ្ញៀវទេសចរចិនជិត១លាននាក់ពីខែមករាដល់ពាក់កណ្តាលខែឧសភា 29, May 2023 , 9:29 pm
× ថៃទទួលភ្ញៀវទេសចរចិនប្រហែលមួយលាននាក់នៅចន្លោះខែមករាដល់ថ្ងៃទី១៨ ខែឧសភា បន្ទាប់ពីព្រំដែនរបស់ចិនបានបើកឡើងវិញ។
ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៨ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលថៃ Anucha Burapachaisri បញ្ជាក់ថា រដ្ឋាភិបាលថៃរំពឹងចំនួនភ្ញៀវចិននឹងបំពេញតាមគោលដៅរបស់ខ្លួនចំនួន៥ លាននាក់នៅឆ្នាំនេះ ជាមួយនឹងការចំណាយចំនួន៤៤៦ពាន់លានបាត ឬ១៣,១៨ពាន់លានដុល្លារ។
កាលពីឆ្នាំ២០២២ ភ្ញៀវទេសចរចិនប្រហែល២៧៤,០០០នាក់ប៉ុណ្ណោះបានទៅទស្សនាប្រទេសអាស៊ី អាគ្នេយ៍មួយនេះ បើធៀបនឹងចំនួន១១លាននាក់នៅមុនវិបត្តិជំងឺនៅចុងឆ្នាំ២០១៩។
គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែឧសភានេះដែរ ថៃទទួលបានភ្ញៀវទេសចរជិត១០លាននាក់ បើធៀបនឹងចំនួនភ្ញៀវទេសចរសរុប១១,១៥លាននាក់ក្នុងឆ្នាំ២០២២។
ថៃ ដែលជាសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ មានកំណើនភ្ញៀវទេសចរបរទេសកើនឡើងលឿន ច្រើនជាងការរំពឹងទុកនៅក្នុងត្រីមាសទី១៕
© រក្សាសិទ្ធិដោយ thmeythmey.com