ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំ​រំលង ! ទទួលទាន​ដំឡូងបារាំង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ហើយ​មិន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់
30, May 2023 , 10:59 pm        
រូបភាព
លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អា​មេ​រិ​កបាន​បញ្ជាក់​ថា ទទួលទាន​ដំឡូងបារាំង​ត្រឹមតែ​២​ដុំ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​និង​មិន​បង្ក​ឲ្យ​ឡើង​ទម្ងន់​ខ្លួន​ទៀត​ផង ។
 
អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ការ​យក​ដំឡូងបារាំង​ទៅ​ចម្អិន​កែ​ច្នៃ​តាម​គ្រប់​រូបភាព​មាន​ដូច​ជា ដុត ស្ងោរ និង​កិន​ឲ្យ​ម៉ដ្ឋ​ដូច​បបរ ចៀន​ជ្រលក់​ទឹក​ប៉េងប៉ោះ​…​ទាំង​អស់នេះ​សុទ្ធតែ​មាន​ប្រយោជន៍​ដល់​សុខភាព​អាច​ទទួលយក​បាន ។
 
បើ​តាម​របាយការណ៍​សន្និសីទ​ប្រចាំឆ្នាំ​របស់​អង្គការ​មិន​យក​កម្រៃ The American Chemical Society (ACS) និយាយ​ថា ដំឡូងបារាំង​ត្រូវ​បាន​គេ​គិត​ថា ធ្វើ​ឲ្យ​មនុស្ស​ឆ្អែត​មិន​ឃ្លាន​អាហារ​ផ្សេង​ទៀត ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូលរួម​ការ​ពិសោធ​លើក​នេះ​វា​ហាក់​មិន​ពិត​ទាំង​អស់នោះ​ទេ ។
 
ចំណែក​វេជ្ជបណ្ឌិត ចូ វី​ន​សុ​ន ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​Scranton University ក្នុង​រដ្ឋ​ផឹ​ន​ស៊ី​ល​វេ​នៀ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ឲ្យ​តែ​និយាយ​ពី​ដំឡូងបារាំង មនុស្ស​មួយ​ចំនួន​គិត​ថា ធ្វើ​ឲ្យ​ធាត់ មាន​កាបូ​អុ​ី​ដ្រា​ត​ច្រើន ។ តែ​ពេល​នេះ​យើង​សង្ឃឹមថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​កែ​មុខមាត់​ថ្មី​របស់​ដំឡូងបារាំង​ដែល​វា​គឺជា​អាហារ​បំប៉ន​រាង​កាយ​មួយ​ផង​ដែរ ។ វេជ្ជបណ្ឌិត​រូប​នេះ​ដែល​ជា​អ្នក​ចូល​ចិត្ត​ទទួលទាន​ដំឡូង​បំផុត​នោះ​បាន​បន្ថែម​ថា សម្ពាធ​ឈាម​ចុះ​ទាប​នឹង​ជួយ​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ដោយ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​បាន​ផង​ដែរ ។
 
សូម​បញ្ជាក់​ថា ការ​សិក្សា​ស្រាវជ្រាវ​លើក​មុន​បាន​រក​ឃើញ​ថា ដំឡូងបារាំង​មាន​ផ្ទុក phyto ព្រមទាំង​សារធាតុ​គីមី​ជា​ច្រើន​ទៀត​ដែល​គេ​ឃើញ​មាននៅ​ក្នុង​ឱសថ​បញ្ចុះ​សម្ពាធ​ឈាម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com