កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ក្លាយជាអ្នកចាត់ការទី៣ របស់ Chelsea ក្រោមការដឹកនាំរបស់ Boehly
30, May 2023 , 11:02 am        
រូបភាព
ក្លិប Chelsea នៅថ្ងៃទី២៩​ ខែឧសភា តែងតាំងលោក Mauricio Pochettino ជាអ្នកចាត់ការទូទៅថ្មី។ Pochettino ជាអ្នកចាត់ការតោខៀវទី៣ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មីលោក Todd Boehly ត្រឹមរដូវកាលដំបូង។


បើតាមការផ្សាយរបស់ក្លិប Chelsea លោក Pochettino អតីតអ្នកចាត់ការ Tottenham Hotspur និង Paris St Germain​ បានយល់ព្រមចុះហត្ថលេខាដឹកនាំក្រុមតោខៀវរយៈពេល២ឆ្នាំ ព្រមទាំងលក្ខខណ្ឌបន្ត១ឆ្នាំបន្ថែមទៀត។
 
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៥១ឆ្នាំរូបនេះ នឹងចូលកាន់តំណែងជំនួសលោក Frank Lampard ដែលជាគ្រូបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣តទៅ។ Chelsea ដែលបានប្តូរម្ចាស់ និងអ្នកចាត់ការពីររូបរដូវកាល២០២២-២៣ ធ្វើមិនបានល្អនោះឡើយ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League។
 
Pochettino បានក្លាយជាអ្នកចាត់ការ Chelsea ទី៣ហើយ ចាប់តាំងពីលោក Todd Boehly ឡើងជាម្ចាស់ក្លិបថ្មី បន្ទាប់ពីទិញយកភាគហ៊ុនធំពីលោក Roman Abramovich កាលពីឆ្នាំ២០២២។
 
អ្នកជំនួញអាម៉េរិក Boehly ដែលទន្ទឹងរង់ចាំការមកដល់របស់ Pochettino នៅ Stamford Bridge បានសរសើរគ្រូសញ្ជាតិអាហ្សង់ទីន ជាអ្នកចាត់ការលំដាប់ពិភពលោក និងមានកំណត់ត្រាដឹកនាំដ៏អស្ចារ្យ។
 
លោក Pochettino ចាប់ផ្តើមទទួលបានកេរ្តិ៍ឈ្មោះចាប់តាំពីងដឹកនាំ Southampton ទទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងរដូវកាលពេញដំបូង មុនពេលទៅចូលរួមជាមួយ Spurs ក្នុងឆ្នាំ២០១៤ និងបានជួយក្រុមរហស្សនាមមាន់ខ្នាយមាសឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ថែមទៀត៕
 

Tag:
 Mauricio Pochettino
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com