កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Napoli សុំម្ចាស់ក្លិបសម្រាក១រដូវកាលមើលថែកូនស្រី ក្រោយឈ្នះ Serie A លើកដំបូងរយៈពេល៣៣ឆ្នាំ 30, May 2023 , 4:59 pm
× លោក Luciano Spalletti អ្នកចាត់ការទូទៅក្រុម SSC Napoli ស្នើសុំម្ចាស់ក្លិបសម្រាកពីការងារ១ឆ្នាំ ក្រោយជួយក្រុមឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ នេះបើតាមសម្តីលោក Spalletti នៅថ្ងៃទី២៩ ខែឧសភា។
លោក Spalletti បានជួយក្រុម SSC Napoli គ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលី ដែលជាពានរង្វាន់លើកដំបូងសម្រាប់ពួកគេ ចាប់តាំងពីឆ្នាំ ១៩៩០ មក ប៉ុន្តែទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនៅតែត្រូវបានគេរំពឹងថានឹងមិនបន្តដឹកនាំក្រុមនេះទេនៅរដូវកាលក្រោយ។
កាលពីថ្ងៃទី២៨ ខែឧសភា ម្ចាស់ក្លិប Napoli លោក Aurelio De Laurentiis បាននិយាយថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានស្នើសុំសម្រាកពីការងារដឹកនាំក្រុម ហើយលោក Aurelio ក៏បានឆ្លើយថានឹងមិនហាមឃាត់ការសម្រេចចិត្តរបស់លោក Spalletti នោះទេ។
«ដោយសារការគោរពចំពោះក្លិប ខ្ញុំបានប្រាប់ទៅលោក De Laurentiis ភ្លាមៗថាខ្ញុំត្រូវការសម្រាកមួយឆ្នាំ។ ខ្ញុំមានភាពហត់នឿយខ្លះ និងចង់បានពេលវេលាខ្លះជាមួយនឹងកូនស្រីរបស់ខ្ញុំ Matilde។»។ នេះបើតាមការស្រង់សម្តីរបស់លោក Spalletti ពីសំណាក់ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី Ansa។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ Barcelona លោក Luis Enrique បានក្លាយជាទីចាប់អារម្មណ៍ក្នុងការជំនួសលោក Spalletti តែយ៉ាងណា មកដល់ពេលនេះនៅមិនមានព័ត៌មានច្បាស់លាស់នៅឡើយ ជុំវិញការជំនួសតំណែងនេះ។
លោក Spalletti បានចូលដឹកនាំក្រុម Napoli នៅក្នុងឆ្នាំ ២០២១ ហើយលោកបានជួយឱ្យ Napoli គ្រងជើងឯកនៅក្នុងរដូវកាលទីពីររបស់លោក ដោយរយៈកាលកន្លងមក Napoli បានធ្វើព្យុះភ្លៀងក្នុងការប្រកួតទាំងនៅក្នុងក្របខណ្ឌ Serie A និង Champions League។ ការឈ្នះពានប្រៀបបានជាការឧទ្ទិសដល់ការបាត់បង់ជីវិតរបស់បងប្អូនប្រុសរបស់លោកកាលពី ៤ឆ្នាំមុខផងដែរ។
គ្រូបង្វឹកវ័យ ៦៤ឆ្នាំ ធ្លាប់បានដឹកនាំក្រុមជាច្រើននៅក្នុងលីគបាល់ទាត់អ៊ីតាលីដូចជា AS Roma និង Inter Milan ហើយក៏បានដឹកនាំក្លិបនៅប្រទេសរុស្ស៊ី Zenit St Petersburg រយៈពេល ៥ឆ្នាំ៕
Tag:
SSC Napoli
Luciano Spalletti
© រក្សាសិទ្ធិដោយ thmeythmey.com