កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ និងកីឡាករ Luton Town ដង្ហែក្បួនអបអរ ក្រោយត្រឡប់ទៅលីគកំពូលអង់គ្លេស រដូវកាលក្រោយ
30, May 2023 , 5:39 pm        
រូបភាព
អ្នកគាំទ្រក្រុម Luton Town រាប់ពាន់នាក់ រួមទាំងកីឡាករផង ដង្ហែក្បូនអបអរ ក្រោយក្រុមបានកៅអីឡើងទៅក្របខណ្ឌ Premier League រដូវកាលក្រោយ ក្រោយអវត្តមាន៣១ឆ្នាំ។


ក្រុម Luton Town បានឈ្នះសំបុត្រឡើងទៅប្រកួតប្រជែងនៅក្នុងលីគកំពូលអង់គ្លេសលើកដំបូងគិតចាប់ពីឆ្នាំ១៩៩២ បន្ទាប់ពីឈ្នះក្រុម Coventry City នៅក្នុងការប្រកួតវគ្គ Play-Off  កាលពីថ្ងៃទី២៧ ខែឧសភា។ Luton Town ឡើងមកកាន់ Premier League រយៈពេល ៩ឆ្នាំក្រោយពួកគេបានចាប់ផ្តើមលេងនៅក្នុងក្របខណ្ឌលីគលំដាប់ទី៥អង់គ្លេស Nation League មក។ 
 
Luton Town ស្ថិតក្រោមការដឹកនាំរបស់លោក Rob Edwards បានឈ្នះការប្រកួតដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៦-៥ ក្រោយការប្រកួតស្មើ ១-១ រយៈពេល ១២០នាទី នៅក្នុងកីឡដ្ឋាន Wembley។ Luton Town រដូវកាលក្រោយនឹងត្រូវស្វាគមន៍ក្រុមខ្លាំងៗដូចជា Manchester City, Arsenal, Liverpool និង Manchester United នៅក្នុងកីឡដ្ឋានរបស់ពួកគេដែលអាចផ្ទុកមនុស្សបានត្រឹមជាង ១០,៣៥៦នាក់ តាមបណ្តោយផ្លូវ Kenilworth ប្រទេសអង់គ្លេស។
 
រយៈពេល ៩ឆ្នាំនៃដំណើរផ្លូវឡើងមកកាន់​ Premier League ក្លិប Luton Town បានចំណាយពេលនៅលីគលំដាប់ទី៥ (Nation League) រយៈពេល ៥រដូវកាល មុនពេលប្រជែងឡើងជាបន្តបន្ទាប់រហូតមកដល់ក្របខណ្ឌ Championship។
 
នាថ្ងៃទី២៩ ខែឧសភា អ្នកគាំទ្ររបស់ក្រុម Luton Town បានចេញមកអបអរការឡើងទៅកាន់ក្រមខណ្ឌ Premier League រដូវកាលក្រោយ ដោយអ្នកគាំទ្រខ្លះបានរង់ចាំរយៈពេលជាង ៤ម៉ោង ដើម្បីអបអរជាមួយក្រុមកីឡាករ និងមន្ត្រីបុគ្គលិកក្លិបនៅតាមបណ្តោយផ្លូវដែលសំដៅទៅកាន់ឆាកកម្មវិធីរបស់ក្រុមដែលបានធ្វើឡើងជាពិសេសនៅចំកណ្តាលទីក្រុង ​St George’s Square នៃប្រទេសអង់គ្លេស។
 
រដូវកាលក្រោយនឹងមានភាពខុសប្លែកនៅជុំវិញកីឡដ្ឋានរបស់ក្លិប Luton Town ឈ្មោះ Kenilworth Road ដែលបានបើកតាំងពីឆ្នាំ ១៩០៥ មួយនេះ នឹងក្លាយជាកីឡដ្ឋានដ៏តូចបំផុតដែលនឹងត្រូវរៀបចំការប្រកួត Premier League។
 
កីឡដ្ឋាន Kenilworth Road ដែលមានទីតាំងសម្រាប់អង្គុយត្រូវបានកសាងឡើងដោយឈើ និងទីកន្លែងកៅអីអង្គុយជាកៅអីប្លាទិក ដែលគ្មានសម្រាប់ផ្អែកខ្នងឡើយ ខណៈច្រកចូលក្នុងកីឡដ្ឋានមានភាពតូចចង្អៀត។ រាល់ការប្រកួតនៅពេលដែលក្រុមគូប្រកួតបានស៊ុតចូលលើក្រុម Luton Town កាម៉េរា ពិបាកក្នុងការចាប់យកសកម្មភាពរបស់ពួកគេ។
ក្រៅពីការអបអរជ័យជម្នះ ក្រុម Luton Town ក៏កំពុងប្រឈមមុខក្នុងការកែលម្អរកីឡដ្ឋានពួកគេឡើងវិញនៅក្នុងអំឡុងពេលសម្រាកមុនបើករដូវកាលថ្មី។ 
 
Luton Town ត្រូវការចំណាយប្រាក់ប្រមាណ ១០លានផោន(១២លានដុល្លារ) ដើម្បីកែលម្អរហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានឱ្យសមស្របទៅតាមស្តង់ដាររបស់ក្របខណ្ឌ Premier League។ ការកែលម្អរទាំងនោះរួមមានការកសាងបន្ទប់ផ្លាស់សម្លៀកបំពាក់ឱ្យធំជាងមុន, អំពូលភ្លើងសម្រាប់បញ្ចាំងការប្រកួតនៅពេលយប់, ការកែសម្រួលទីតាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលាយជាងមុន, ទីតាំងសម្រាប់ប្រើប្រាស់ប្រព័ន្ធ VAR មិនមែប៉ុណ្ណោះការកែសម្អរឡើងវិញនៅទីតាំងអង្គុយដែលនៅជុំវិញទីតាំងអង្គុយគោលរបស់ក្លិប។ 
 
បើទោះជាក្លិប Luton Town ទទួលបានការយល់ព្រមក្នុងការសាងកីឡដ្ឋានថ្មីដែលអាចផ្ទុកចំនួនអ្នកទស្សនាបាន ១៧,៥០០នាក់ នៅក្នុងទីតាំង Power Court នៃទីក្រុង Tuton ប្រទេសអង់គ្លេស ប៉ុន្តែការប្រកួត Premier League នឹងចាប់ផ្តើមនៅក្នុងរយៈពេលមិនដល់ជាង ៣ខែទៀតនោះទេ។ កីឡដ្ឋាន Kenilworth Road អាចនឹងត្រូវបានកែលម្អរឱ្យល្អប្រសើរជាងមុននិងឆាប់រហ័សបំផុត ដែលកីឡដ្ឋានមានចម្ងាយប្រមាណជាង ៤៩គីឡូពីទីក្រុងឡុងដ៍៕
 
 

Tag:
 Premier League
  Luton Town
© រក្សាសិទ្ធិដោយ thmeythmey.com