កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហែមថុន វិទីនី៖ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ជាមនុស្សពិសេស និងអស្ចារ្យ
30, May 2023 , 9:59 pm        
រូបភាព
គ្រូបង្វឹកកីឡាហែលទឹកជនពិការ ហែមថុន វិទីនី ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
គ្រូបង្វឹកកីឡាហែលទឹកជនពិការ ហែមថុន វិទីនី ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
គ្រូបង្វឹកកីឡាហែលទឹក ហែម ថុន វិទីនី រំភើបនឹងការតស៊ូរបស់អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា និងចាត់ទុកពួកគេជាមនុស្សអស្ចារ្យ ព្រោះមនុស្សធម្មតា ជាច្រើនមិនអាចមានសមត្ថភាពដូចពួកគេឡើយ។ ទោះមិនមានកាយសម្បទាគ្រប់គ្រាន់ និងមានការឈឺចាប់ដៃជើង អំឡុងពេលហ្វឹកហាត់ខ្លះ ក៏អត្ដពលិកពិការភាពទាំងនោះ នៅតែប្រឹងហ្វឹកហាត់ ដើម្បីមានសមត្ថភាពដណ្ដើមមេដាយជូន ជាតិក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។


អតីតជម្រើសជាតិកីឡាហែលទឹកកម្ពុជា ហែមថុន វិទីនី បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ ដូច្នេះថា អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ពិសេស លើសពិសេស ព្រោះការតាំងចិត្តរបស់អ្នកទាំងនោះខ្ពស់។ គ្រូបង្វឹករូបនេះ និយាយថាប្រសិនជាមនុស្សធម្មតា ច្បាស់ជាមិនអាចធ្វើបានដូចអត្ដពលិកទាំងនោះទេ ដោយពួកគេ អាចហែលទឹក បើទោះជាមានពិការភាពជាប់ខ្លួន។ ម្យ៉ាងវិញទៀត ការហែលទឹករបស់ពួកគេ គឺជាការប្រកួតប្រជែងក្នុងសកម្មភាពកីឡា។ 
  


«ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការងារមួយនេះ។ ខ្ញុំ ជាមនុស្សម្នាក់មានកាយសម្បទាគ្រប់គ្រាន់។ ខ្ញុំ ឃើញការតស៊ូរបស់ពួកគាត់លើសពីពួកខ្ញុំ ដែលពួកខ្ញុំមានគ្រប់បែបយ៉ាង ពួកគាត់ជាកម្លាំងចិត្តដល់ខ្ញុំជាគ្រូបង្វឹក។ ពួកគាត់មានភាពអស្ចារ្យមែនទែន។ អ្វី ខ្ញុំចង់ឃើញ គឺពួកគាត់អាចបង្ហូតទង់ជាតិ កម្ពុជា ទោះបីគាត់នៅលើរទេះក៏ដោយ។»។ គ្រូបង្វឹកហែលទឹករូបនេះ បានប្រាប់ដូច្នេះ។
 
កញ្ញា វិទីនី បន្ថែមទៀតថា ការហ្វឹកហាត់របស់អ្នកទាំងនោះ មានការលំបាកជាងកីឡាករ-កីឡាការិនី ដែលមានកាយសម្បទាពេញលេញ។ គ្រូបង្វឹករូបនេះ បានពន្យល់បែបនេះថា ចំពោះបញ្ហាហ្វឹកហាត់បច្ចេកទេស គឺមិនមានអ្វីខុសប្លែកគ្នាពីអត្ដពលិក ដែលមានកាយសម្បទាគ្រប់គ្រាន់ទេ ដោយវិញ្ញាសាប្រកួតដូចគ្នា គឺមាន ហែលមេអំបៅ ហែលកង្កែប និងហែលសេរី។

ប៉ុន្ដែអ្វី ដែលពិបាក គឺការយកចិត្តទុកដាក់សិក្សាពីសុខភាព និងកម្រិតនៃពិការភាពរបស់អត្ដពលិក។ គ្រូបង្វឹក ត្រូវស្វែងយល់ពីសមត្ថភាព រួចរៀបចំបង្រៀន តាមអ្វីដែលពួកគេ អាចធ្វើបានតាមប្រភេទ និងកម្រិតពិការភាព។ កញ្ញា វិទីនី បានប្រាប់ដូច្នេះថា៖«យើង មិនអាចដាក់កម្មវិធីឲ្យគាត់ ហើយដាក់កំហិតឲ្យពួកគាត់ត្រូវធ្វើឲ្យយើងទេ។ ជួនកាលគាត់មានបញ្ហាសុខភាពរបស់ពួកគាត់ គឺយើងត្រូវឆែកមើលទាំងអស់។»។ 
 
គ្រូបង្វឹករូបនេះ ពន្យល់បន្ថែមទៀតថា អត្ដពលិកពិការភាពពីកំណើត ជួបប្រទះការឈឺដៃជើង អំឡុងពេលហ្វឹកហាត់បន្ដិចបន្ដួច ប៉ុន្ដែសម្រាប់អត្ដពលិក ដែលពិការភាព ដោយសារឧបត្តវហេតុគ្រោះថ្នាក់ណាមួយ អ្នកទាំងនោះ អាចមានបញ្ហាឈឺដៃជើង ច្រើន និងខ្លាំងជាង។ ដូច្នេះ ការតាមដានសុខភាពរបស់អត្ដពលិកពិការភាព គឺសំខាន់ណាស់សម្រាប់គ្រូ។
 
«ជាគ្រូបង្វឹក ត្រូវពង្វាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ត្រូវយកចិត្តទុកដាក់ពួកគាត់ឲ្យបានល្អិតល្អន់មែនទែន ព្រោះពួកគាត់ជាមនុស្សមានពិការភាព។»។ កញ្ញា វិទីនី បានប្រាប់បែបនេះ។
 
ចំណែកការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ អ្នកគ្រូ វិទីនី បានបញ្ជាក់ថា អត្ដពលិក លើវិញ្ញាសាហែលទឹក បានត្រៀមខ្លួនបានរួចរាល់។ គ្រូបង្វឹកនេះ ជឿជាក់ថា អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា អាចដណ្ដើមមេដាយណាមួយជូនជាតិ ដោយសារតែការហ្វឹកហាត់របស់អ្នកទាំងនោះ មានការវិវឌ្ឍទៅមុខ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ហែមថុន វិទីនី
  អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com