សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី​រក្សាចំណាត់ថ្នាក់ទីក្រុង ដែលមាន​តម្លៃ​ផ្ទះ​ថ្លៃ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក
31, May 2023 , 8:29 am        
រូបភាព
ប្រទេសសិង្ហបុរី ។ រូបភាពពី AFP ។
ប្រទេសសិង្ហបុរី ។ រូបភាពពី AFP ។
យោងតាមរបាយការណ៍សន្ទស្សន៍លទ្ធភាពប្រើប្រាស់លំនៅឋានរបស់វិទ្យាស្ថាន Urban Land (ULI) តម្លៃជាមធ្យមនៃផ្ទះសម្រាប់គ្រួសារតែមួយនៅក្នុងប្រទេសសិង្ហបុរីមានតម្លៃ ១,២លានដុល្លារនៅឆ្នាំ ២០២២ ដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមទីក្រុងនានានៅអាស៊ីប៉ាស៊ីហ្វិ ។ ចំណែកទីក្រុងស៊ីដនី និងហុងកុង ជាប់ចំណាត់ថ្នាក់ទី ២ និងទី ៣ ។ 
 
នៅក្នុងលក្ខខណ្ឌនៃតម្លៃសមរម្យ តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសសិង្ហបុរី គឺខ្ពស់ជាង ១៣,៧ដងនៃប្រាក់ចំណូលគ្រួសារជាមធ្យម។ តួលេខនេះគឺស្មើនឹង ៤,៧ នៃអាផាតមិន ជាមធ្យមរបស់គណៈកម្មការលំនៅដ្ឋានសាធារណៈ។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ តម្លៃ​ផ្ទះ​មធ្យម​ក្នុង​វិស័យ​ឯកជន​របស់​សិង្ហបុរី ​បាន​កើនឡើង​ជាង ៨ភាគរយ ខណៈ​តម្លៃ​ផ្ទះ​មធ្យម​នៅ​ហុងកុង ​បាន​ធ្លាក់​ចុះ ៨,៧ភាគរយ។
 
មានកត្តាមួយចំនួន ដែលនាំទៅរកការកើនឡើងតម្លៃនៅក្នុងប្រទេសសិង្ហបុរី រួមទាំងលំហូរចូលដ៏ច្រើននៃជនអន្តោប្រវេសន៍ និងនិន្នាការកើនឡើងនៃកម្មករ ដែលមានគុណភាពខ្ពស់វ័យក្មេងចាកចេញពីផ្ទះគ្រួសារ ដើម្បីរកកន្លែងដែលពួកគេគិតថា​មានសេរីភាព។ នេះបើតាមការចុះផ្សាយរបស់វិទ្យាស្ថាន ULI កាលពីថ្ងៃ ៣០ ខែឧសភា​។ 
 
ចំណែកការផ្គត់ផ្គង់លំនៅឋានថ្មីក៏មានការថយចុះផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរំខាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្ភារសំណង់ និងកម្លាំងពលកម្ម ដែលបណ្តាលមកពីជំងឺកូវីដ-១៩។​ 
 
រដ្ឋាភិបាលសិង្ហបុរី បានព្យាយាមដោះស្រាយបញ្ហានៃការកើនឡើងតម្លៃជាមួយនឹងវិធានការជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យអចលនទ្រព្យត្រជាក់ចុះ។ គោលនយោបាយដែលបានណែនាំកាលពីខែមេសាកន្លងទៅរួមមាន ការបង្កើនពន្ធទ្វេដងលើអ្នកទិញផ្ទះបរទេសដល់ ៦០ភាគរយជាដើម ។
 
ដោយឡែក តម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (ប្រទេសចិន) គឺប្រហែល ១៩,៧៦៨ដុល្លារក្នុងមួយម៉ែត្រការ៉េ  ដែលជិតពីរដងបើធៀបនឹង ១០,៧១៥ដុល្លារក្នុងមួយម៉ែត្រការ៉េនៅប្រទេសសិង្ហបុរី។ តាម​រយៈ​ការ​វាស់វែង​នេះ តម្លៃ​លំនៅឋាន​របស់​សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់​លេខ​បី ​ក្នុង​តំបន់ ​បន្ទាប់​ពី​ទីក្រុង​ហុងកុង និង​ក្រុង Shenzhen។
 
សម្រាប់ផ្ទះឯកជនមានចំនួនប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់លំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ខណៈដែលភាគច្រើនជាផ្ទះល្វែង Housing and Development Board -HDB ។ សិង្ហបុរី​ក៏​បន្ត​មាន​អត្រា​កម្មសិទ្ធិ​ផ្ទះ​ខ្ពស់​បំផុត​ជាមួយ​នឹង​ជិត ៩០ភាគរយសម្រាប់​លំនៅឋាន​សាធារណៈ និង​ឯកជន។
 
ទោះជាយ៉ាងណាក៏ដោយ តាមស្តង់ដារដែលបានលើកឡើងដោយរបាយការណ៍នេះ អាផាតមិន HDB នៅសិង្ហបុរី និងអាផាតមិននៅទីក្រុងមែលប៊ន និងប្រ៊ីសបេន នៅតែត្រូវបានចាត់ទុកថាមានតម្លៃសមរម្យ។ការជួលផ្ទះនៅសិង្ហបុរីបានកើនឡើងជិត ៣០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយតម្លៃជួលប្រចាំខែជាមធ្យមសម្រាប់ អចលនទ្រព្យឯកជន នៅសិង្ហបុរីគឺខ្ពស់បំផុតក្នុងចំណោមទីក្រុងដែលត្រូវបានស្ទង់មតិ។
 
របាយការណ៍នេះបានលើកឡើងពីការកើនឡើងភ្លាមៗនៃចំនួនជនចំណាកស្រុក ល្បឿនយឺតនៃការបញ្ចប់ការសាងសង់ និងការផ្គត់ផ្គង់អចលនទ្រព្យជួល ដែលមានកម្រិតតិចតួច និងជាកម្មសិទ្ធិរបស់អង្គការ ឬបុគ្គល ដែលជាកត្តាបង្កឱ្យតម្លៃជួលកើនឡើងខ្ពស់។ ចំណាត់ថ្នាក់ទី ២ និងទី ៣ បន្ទាប់ពីសិង្ហបុរីគឺតម្លៃផ្ទះនៅទីក្រុងស៊ីដនី និងហុងកុង។
 
ជារួមនៅក្នុងលក្ខខណ្ឌនៃតម្លៃសមរម្យ ការជួលជាមធ្យមសម្រាប់ផ្ទះឯកជននៅប្រទេសសិង្ហបុរី គឺ ៣៥ភាគរយនៃប្រាក់ចំណូលគ្រួសារ។ សម្រាប់ការជួលប្រចាំខែជាមធ្យមនៅទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលប្រែប្រួលប្រហែល ២៥ភាគរយបើប្រៀបធៀបទៅនឹងប្រទេសសិង្ហបុរី៕
 

Tag:
 សិង្ហបុរី
  ផ្ទះ
  អចលទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com