ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​៥ ​មុខ​នេះល្អ​ខ្លាំង​ដល់​ខួរក្បាល និង​ការ​ចង​ចាំ
16, Jun 2023 , 6:59 am        
រូបភាព
ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ល្អ​ នឹង​ជួយ​ឱ្យ​ខួរក្បាល​ដំណើរការ​បាន​ត្រឹមត្រូវ មិន​បង្កើត​ឱ្យ​មានការ​ឃ្លាន​អាហារ​សម្បូរ​ខ្លាញ់​ឡើយ។ អ្នកឯកទេស​ខាង​សរសៃប្រសាទ​ជឿជាក់​ថា របប​អាហារ​បួស​ប្រចាំ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​សកម្មភាព​ខួរក្បាល​ប្រសើរ​ឡើង ពន្យារ​ការ​ចាប់ផ្តើម​នៃ​ជំងឺ​ភ្លេចភ្លាំង ឬ​ជំងឺ​ផាក​ឃី​ន​សុ​ន​។
 
ដើម្បី​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ យើង​មិន​អាច​មើល​រំលង​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​នោះ​ទេ។ ដូច្នេះ​ហើយ ចូរ​ញ៉ាំ​អាហារ​ទាំង​៥​ប្រភេទ​នេះ ដើម្បី​ជួយ​បង្កើន​អានុភាព​ខួរក្បាល ក៏​ដូច​ជា​ធ្វើ​ឲ្យ​ខួរក្បាល​យើង ​បំពេញ​មុខងារ​កាន់តែ​ប្រសើរ​ជាង​មុន ។
 
១. ស៊ុត
ជា​ការ​ពិត​ណាស់ ស៊ុត​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ ​ជាតិ​ប្រូតេអ៊ីន​។ យើង​អាច​ចម្អិន​ម្ហូបអាហារ​ ជាមួយនឹង​ស៊ុត​បាន​ច្រើន​យ៉ាង ហើយ​វា​ក៏​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ​។
 
២. សាច់​ត្រី
សាច់​ត្រី​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ហើយ​ក៏​ផ្ដល់​នូវ​អាស៊ី​ដ​ខ្លាញ់​អូ​មី​ហ្គា​៣ ដែល​ជា​ខ្លាញ់​ជំនួយ​ដល់​សុខភាព ក៏​ដូច​ជា​ផ្ដល់​ថាមពល​ដល់​ខួរក្បាល​បាន​យ៉ាង​ស័ក្ដិសិទ្ធផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត អាស៊ី​ដ​ខ្លាញ់​អូ​មី​ហ្គា​៣ ក៏​ជួយ​កាត់​បន្ថយ​​​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង ព្រមទាំង​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​​​ទៀត​ផង​។
 
៣. គ្រាប់​ធញ្ញជាតិ និង​សូកូឡា
គ្រាប់​ធញ្ញជាតិ គឺជា​ប្រភព​នៃ​វីតាមីន​E ដែល​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ តាម​ការ​សិក្សា​ខ្លះ ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ការ​ចង​ចាំ នៅ​ពេល​ដែល​យើង​មាន​អាយុ​កាន់តែ​ច្រើន​។ ចំណែកឯ​សូកូឡា​ពណ៌​ខ្មៅ​វិញ វា​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ​​ដែរ​។
 
៤. បន្លែ​បៃតង
បន្លែ​ខៀវ​មាន​សារ​ប្រយោជន៍​យ៉ាងច្រើន​ ដល់​រាង​កាយ​យើង​។ វា​ជួយ​ធ្វើ​ឲ្យ​ស្បែក​យើង​ភ្លឺ​ថ្លា ជំនួយ​ឆ្អឹង កាត់​បន្ថយ​ស្ត្រេ​ស ក៏​ដូច​ជា​ប្រឆាំង​នឹង​ភាព​ចាស់​ជាដើម​។ លើស​ពី​នេះ បន្លែ​ខៀវ​ក៏​ជួយ​ទ្រទ្រង់​ដល់​ការ​ចង​ចាំ និង​ជា​អាហារ​បំប៉ន​ដល់​ពេញ​និយម​មួយ ​សម្រាប់​ថាមពល​ខួរក្បាល​ផង​ដែរ​។
 
៥. តែ​បៃតង
យើង​បានដឹង​ហើយ​ថា តែ​បៃតង​ដើរតួ​នាទី​ដ៏​សំខាន់ ​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ពិសេស​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ ពិតជា​មិន​គួរ​មើល​រំលង​ភេសជ្ជៈ​មួយ​មុខ​នេះ​ឡើយ​។ បន្ថែម​ពី​នេះ តែ​បៃតង ​ក៏​ជួយ​បង្កើន​ថាមពល​ខួរក្បាល ក៏​ដូច​ជា​ពង្រឹង​ការ​ចង​ចាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com