កីឡាអន្តរជាតិ
អន្តរជាតិ
Sevilla ដាក់គោលដៅយក Europa League លើកទី៧ ឯ Roma ចង់បានលើកដំបូង
31, May 2023 , 11:59 am        
រូបភាព
ក្រុម Sevilla ដាក់គោលដៅបន្តកំណត់ត្រាឈ្នះពានរង្វាន់ Europa League ជាលើកទី៧ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១ ខែមិថុនា ទល់នឹងក្រុម AS Roma ដែលដឹកនាំដោយលោក Jose Mourinho។


លោក Mourinho ជាគ្រូបង្វឹកមួយរូប​ដែលឈ្នះពានរង្វាន់អឺរ៉ុបចំនួន ៥លើក​ក្នុងអាជីពដឹកនាំ ដោយក្នុងនោះកាលពីរដូវកាលមុនលោកបានជួយ Roma ឈ្នះ Europa Conference League។
  


​ក្រុម Sevilla ដែលដឹកនាំដោយលោក ឬក៏ Mourinho សុទ្ធសឹងតែមិនធ្លាប់រងបរាជ័យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ដោយក្រុមមកពីលីគកំពូលអេស្ប៉ាញដែលដឹកនាំដោយលោក ​ José Luis Mendilibar មានកំណត់ត្រាឈ្នះពានរង្វាន់ Europa League ចំនួន ៦ លើករួចមកហើយ។ ចំណែកលោក Mourinho គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់បានក្លាយជាគ្រូបង្វឹកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះគ្រប់ពានរង្វាន់ទ្វីបអឺរ៉ុបទាំងអស់។
 
ពានរង្វាន់អឺរ៉ុបដែលលោក Mourinho បានឈ្នះក្នុងនោះមាន UEFA Champions League ចំនួន ២ ជាមួយក្រុម Inter Milan និង ​FC Porto, ពានរង្វាន់ UEFA Europa League ចំនួន ២ ជាមួយ ​FC Porto និង Manchester United និង AS Roma ពានរង្វាន់ Europa Conference League។
  


ទោះយ៉ាងណា អ្នកចាត់ការ Roma នឹងត្រូវឆ្លងកាត់ការងារដ៏លំបាកមួយចុងក្រោយក្នុងការនាំក្រុមលោកឱ្យទទួលបានជ័យជម្នះទល់ជាមួយនឹងក្រុម ដែលអាចនិយាយបានថាជាសម្តេចនៃពានរង្វាន់ Europa League គឺ Sevilla ដែលកំពុងតែស្រែកឃ្លានក្នុងការគ្រងតំណែងពានអឺរ៉ុបមួយនេះ បន្ទាប់ពីការប្រកួតប្រជែងដ៏លំបាក់ក្នុង​លីគនៅរដូវកាលនេះ។
 
ធ្លាក់ទៅដល់តំបន់ពាក់កណ្តាលនៃតារាងក្របខណ្ឌ La Liga ដែលជាទីកន្លែងមិនសូវល្អសមប្រកបសម្រាប់ក្រុម Sevilla ក្លិបជើងខ្លាំងនៅក្នុង ​Europa League មួយនេះបានបណ្តេញអ្នកចាត់ការចំនួន ២រូបរួចមកហើយ ប៉ុន្តែ Sevilla បានរកឃើញផ្លូវដ៏ល្អឡើងវិញបន្ទាប់ពីធ្លាក់ចេញពី Champions League។ Sevilla មុនឈានជើងមកដល់ផ្តាច់ព្រ័ត្របានបំបាក់ក្រុម PSV Eindhoven, Fenerbahce, Manchester United និង Juventus។
  


ពានរង្វាន់ទាំង ៦លើក Sevilla បានឈ្នះនៅក្នុងឆ្នាំ ២០០៦, ២០០៧, ២០១៤, ២០១៥,​ ២០១៦ និង ២០២០ ហើយលើកទី៧ នេះពួកគេអាចនឹងបង្ហាញភាពខ្លាំងសារជាថ្មីតទល់ក្រុម Roma ក្នុងការប្រកួតប្រជែងមួយនេះ។
 
Roma ជាក្រុមមិនដែលឈ្នះពានរង្វាន់ Europa League ម្តងឡើយ ដោយត្រឹមជាក្រុមជើងឯករងក្នុងពានរង្វាន់ ​UEFA Cup ឆ្នាំ ១៩៩១ និង European Cup ក្នុងឆ្នាំ ១៩៨៤។ ពានរង្វាន់ Europa Conference League កាលពីរដូវកាលមុន ជាពានអឺរ៉ុបលើកដំបូងដែល Roma បានឈ្នះចាប់តាំងពីឆ្នាំ ១៩៦១ ដែលកាលនោះពួកគេបានឈ្នះពាន ​Inter-Cities Fair Cup៕
 

Tag:
 Europa League
  AS Roma
  Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com