កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមអ្នកលួចបន្លំសិទ្ធិទូរទស្សន៍ផ្សាយដោយខុសច្បាប់ការប្រកួត Premier League ត្រូវបានចាប់ដាក់គុក
31, May 2023 , 2:29 pm        
រូបភាព
ក្រុមអ្នកលួចបន្លំសិទ្ធិទូរទស្សន៍ផ្សាយការប្រកួតក្របខណ្ឌ Premier League ដោយខុសច្បាប់ ដែលមានការចុះថ្លៃដល់អ្នកទស្សនា ៥០,០០០នាក់ ដែលបានទិញការផ្សាយ ដើម្បីទស្សនាការប្រកួត​ ត្រូវបានចាប់ដាក់គុក។


បើតាម​ Premier League បុរសចំនួន ៥នាក់ ត្រូវបានផ្តន្ទាទោសពីបទសមគំនិតក្នុងការបន្លំ ការលាងលុយកខ្វក់ និងមើលងាយដល់តុលាការ បន្ទាប់ពីបានលួចលាក់បង្កើតលុយបានជាង ៧លានផោន(៨,៦លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។
 


បុរសម្នាក់មានឈ្មោះ Mark Gould មកពីទីក្រុងឡុងដ៍ ត្រូវបានគេរាយការណ៍ថា ជាមនុស្សម្នាក់ដែលបានគ្រប់គ្រងដំណើរប្រតិបត្តិការ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ រយៈពេល ១១ឆ្នាំ ដោយតុលាការ Chester Field កាលពីថ្ងៃទី៣០ ខែឧសភា។
 
បុរសវ័យ ៣៦ឆ្នាំ ខាងលើរួមជាមួយនឹងបក្ខពួក ដែលមានឈ្មោះ Steven Gordon, Peter Jolley, William Brown និង Christopher Felvus ត្រូវបានជាប់ចោទ ពីបទបានលួចសិទ្ធិចូលមើលការប្រកួតដោយខុសច្បាប់ពីប៉ុស្តិ៍ទូរទស្សន៍រាប់រយ នៅលើពិភពលោក ។ ក្នុងនោះក៏មានភាពយន្ត និងកម្មវិធីទូរទស្សន៍តាមតម្រូវការរាប់ម៉ឺន។
 
សមាជិកទី៦ នៃក្រុមមានឈ្មោះថា Zak Smith មិនបានចូលខ្លួនក្នុងតុលាការ សម្រាប់ការកាត់ទោសឡើយ ខណៈពេលដែលមានដីកាពីតុលាការបង្គាប់ឱ្យចាប់ខ្លួនបុរសរូបនេះ។
  


បើតាម Premier League ក្រុមអ្នកក្លែងបន្លំសិទ្ធិការផ្សាយទាំងនេះ មានក្រុមបុគ្គលិកការងារប្រមាណ ៣០នាក់ និងម្នាក់ក្នុងចំណោមនោះមានភាពសម្ងាត់ជាងគេបង្អស់ និងជាអ្នកជំនាញខាងប្រឆាំងទៅនឹងសិទ្ធិនៃការលួចចម្លងរបស់ក្រុមហ៊ុននានា។
 
ចំពោះបញ្ហាដែលបានកើតឡើង លោក ​Kevin Plumb ដែលជាទីប្រឹក្សានៃក្របខណ្ឌ Premier League បាននិយាយដូច្នេះថា៖«ការកាត់ទោសថ្ងៃនេះ គឺជាលទ្ធផលនៃការកាត់ទោសដ៏យូ និងស្មុគស្មាញនៃប្រតិបតិ្តការមួយនេះ។ ការកាត់ទោសនេះ ជាការកាត់ទោសដែលវែងបំផុតមិនធ្លាប់មានសម្រាប់ឧក្រិដ្ឋកម្មទាក់ទងនិងការលួចចម្លង ហើយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីនាំបុគ្គលទាំងនេះទៅកាន់យុត្តិធម៍ និងបញ្ចាំងពីភាពធ្ងន់ធ្ងរនៃទំហំខូចខាត់នៃឧក្រិដ្ឋកម្មមួយនេះ។»។
 
បន្ទាប់តែពីកើតមានរឿងរ៉ាវនៃការក្លែងបន្លំបែបនេះ ក្របខណ្ឌ Premier League ក៏បានសន្យាថានឹងរក្សាការពារសិទ្ធិផ្សព្វផ្សាយរបស់ខ្លួនឱ្យមានតម្លាភាព និងរក្សាការពារអ្នកគាំទ្រពីការក្លែងបន្លំផ្សេងៗ ដោយការស៊ើប​អង្កេតលើការផ្សព្វផ្សាយខុសច្បាប់​ហើយ និងកាត់ទោសចំពោះប្រតិបត្តិករដែលធ្វើរឿងខុសច្បាប់គ្រប់កម្រិត៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com