អន្តរជាតិ
លោក ប្លីងខិន ជំរុញតួកគីឱ្យបើកផ្លូវដល់ស៊ុយអែតចូលណាតូបានរហ័ស
31, May 2023 , 9:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៣០ ខែឧសភា បានជំរុញតួកគីឱ្យផ្ដល់សច្ចាប័ន​ឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូឱ្យបានរហ័ស។ លោកបានអះអាងថាស៊ុយអែតបានចាត់វិធានការសំខាន់ៗរួចហើយដើម្បីដោះស្រាយតាមការទាមទាររបស់តួកគីកន្លងមក។


ហ្វាំងឡង់ និងស៊ុយអែតបានស្នើសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រោយ​សភាតួកគីផ្តល់សច្ចាប័នលើការចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ហើយ ស៊ុយអែតនៅតែនៅក្រៅរង្វង់ណាតូដដែល។
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតនៅទីក្រុង Lulea រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តធ្វើការដើម្បីសម្រេចការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែតឱ្យទាន់ពេលវេលានៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅពាក់កណ្តាលខែកក្កដា។ 
 
«យើងជឿថាវាដល់ពេលវេលាហើយ ហើយមិនមានហេតុផលសម្រាប់ការមិនឆ្ពោះទៅមុខនោះទេ»។ លោកប្លីងខិនលើកឡើងបែបនេះ ដោយសំដៅលើការពង្រីកខ្លួនរបស់អង្គការណាតូ។ លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ថា ស៊ុយអែត និងហ្វាំងឡង់បានដោះស្រាយកង្វល់ទាំងនោះរបស់តួកគីហើយ។ 
 
ទន្ទឹមនឹងនេះ លោក ប្លីងខិន បានបញ្ជាក់សារជាថ្មីតាមទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នៅថ្ងៃដដែលថា អាម៉េរិកជឿជាក់ថាស៊ុយអែតបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមសម្ព័ន្ធភាពនេះហើយ។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិក។ 
 
ក្រៅតែពីជំរុញឱ្យតួកគីផ្ដល់សច្ចាប័ន​ឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកដដែលក៏បានអះអាងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនបានភ្ជាប់ការយល់ព្រមរបស់តួកគីឱ្យស៊ុយអ៊ែតចូលជាសមាជិកណាតូជាមួយនឹងការលក់យន្តហោះចម្បាំង F-16 ដល់ទីក្រុងអង់ការ៉ានោះទេ។ 
ដើម្បីក្លាយជាសមាជិកមួយនៃអង្គការនេះ ប្រទេសមួយ ត្រូវតែទទួលបានការយល់ព្រមពីសមាជិកណាតូទាំងអស់៕
 

Tag:
 អាម៉េរិក
  តួកគី
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com