សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទុរេនវៀតណាមកំពុងដណ្តើមទីផ្សារចិនពីថៃ ព្រោះថោកជាង
01, Jun 2023 , 8:29 am        
រូបភាព
កម្មករវៀតណាមកំពុងរៀបចំទុរេននាំចេញទៅចិន។ រូបភាពពី Xinhua ។
កម្មករវៀតណាមកំពុងរៀបចំទុរេននាំចេញទៅចិន។ រូបភាពពី Xinhua ។
កំណើននៃការ​នាំ​ចេញ​ទុរេន​វៀតណាម​ទៅក្នុងទីផ្សារ​ចិន បានជំរុញ​ឲ្យ​តម្រូវ​ការ​ផ្លែឈើ​សរុប​កើន​ដល់​ជិត១លាន​តោន​ក្នុង​មួយ​ឆ្នាំពីវៀតណាម។ សន្ទុះនៃការនាំចេញទុរេនវៀតណាម ដោយសារមានតម្លៃថោកជាងទុរេនថៃប្រហែល១៥ ភាគរយ ។
 
ក្រុមហ៊ុននាំចូលផ្លែឈើនៅភាគខាងត្បូងចិន បានចុះកិច្ចព្រមព្រៀងជាមួយកសិដ្ឋានទុរេនវៀតណាមចាប់តាំងពីខែកញ្ញាឆ្នាំ ២០២២ លើផ្ទៃដីដាំសរុបប្រហែល៣០០០ ហិចតា។  លោក Wang ស្ថាបនិកក្រុមហ៊ុន TWT Supply China រំពឹងថាក្រុមហ៊ុនខ្លួន នឹងនាំចូលទុរេនវៀតណាមច្រើនជាង៣ពាន់កុងតឺន័រ ឬ៦០ពាន់តោនក្នុងឆ្នាំនេះ។ 
 
ទុរេន​បាន​ក្លាយ​ជា​ផ្លែ​ឈើ​នាំ​ចូល​ពេញ​និយម​បំផុត​សម្រាប់ជនជាតិ​ចិន​។ ទោះបីជាមានការត្រួតពិនិត្យការនាំចូលតឹងរឹងខ្លាំងក្នុងអំឡុងពេលជំងឺរាលដាលក៏ដោយ ចិនបាននាំចូលទុរេនច្រើនជាងបួនដងនៅក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ ២០១៧ ដែលនាំឱ្យតម្លៃសរុបកើនឡើងដល់ជាង៤ពាន់លានដុល្លារ។
 
« កាលពីឆ្នាំមុន ចិនបាននាំចូលទុរេនជាង៨២០,០០០តោន។ ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា​ការ​នាំ​ចូល​សរុប​នឹង​អាច​កើន​ដល់​ជាង ៩០ ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ»។ លោក Wang បានអះអាងបែបនេះ។ 
 
តាមពិតទៅ ទុរេនថៃបានគ្រប់គ្រងទីផ្សារចិនអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែភាពលេចធ្លោនោះកំពុងត្រូវបានប្រឈមដោយសារតែការកើនឡើងនៃលំហូរចូលពីទុរេនវៀតណាម និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ី និងហ្វីលីពីនដែលកំពុងសម្លឹងមើលការពង្រីកការនាំចូលទុរេនទៅកាន់ចិនផងដែរ។
 
លោក Wang បាន​បន្ត​ថា​៖ «​ការ​នាំ​ចូល​ពី​​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើងច្រើននា​ឆ្នាំ​នេះ ខណៈ​ចំណែក​ទីផ្សារ​នៃ​ទុរេន​វៀតណាម​ក្នុង​ប្រទេស​ចិន​ក៏​នឹង​កើនឡើង​ដែរ។ ហើយនៅក្នុង​ឆ្នាំ ២០២២ ការ​នាំ​ចូល​ទុរេន​ទៅប្រទេស​ចិនមាន​ចំនួន ៧៨ ម៉ឺន​តោន​គឺ​មក​ពី​ប្រទេស​ថៃ។
 
អ្នកលក់ផ្លែឈើជនជាតិចិនម្នាក់បានពន្យល់ថា ធុរេនថៃមានតម្លៃថ្លៃ ប៉ុន្តែវាមានរសជាតិឆ្ងាញ់ជាង ហើយផ្លែទុរេនវៀតណាមកំពុងត្រូវបានស្វាគមន៍យ៉ាងឆាប់រហ័ស ដោយសារតម្លៃរបស់វាថោកជាង។ លោក Wang បាន​កត់​សម្គាល់​ដូច​គ្នា​ថា ទុរេន​វៀតណាម​មាន​តម្លៃ​ថោក​ជាង​ទុរេន​ថៃ​ប្រហែល១៥ភាគរយ។
 
សក្តានុពលទីផ្សារដែលកំពុងកើនឡើងសម្រាប់ផ្លែទុរេនក្នុងប្រទេសចិនបានជំរុញទីក្រុងនានាក្នុងតំបន់ស្វយ័តគ័ងស៊ី ដែលមានព្រំប្រទល់ជាប់នឹងវៀតណាម ដើម្បីពង្រឹងផ្នែកដឹកជញ្ជូនដើម្បីជួយសម្រួលដល់ការនាំចូលពីប្រទេសជិតខាង។
 
លោក Liu Yeke អនុប្រធានការិយាល័យអភិវឌ្ឍន៍ និងកំណែទម្រង់របស់ទីក្រុងបាននិយាយថា Chongzuo ដែលជាទីក្រុងព្រំដែនក្នុងខេត្ត គ័ងស៊ីកំពុងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនទំនើបមួយដែលមានកន្លែងផ្ទុកខ្សែច្រវាក់ផ្គត់ផ្គង់ និងជាកន្លែងកែច្នៃអាហារដ៏ធំ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនៃការនាំចូល។ គម្រោងនេះបោះទុនវិនិយោគប្រមាណ ១,៨ពាន់លានយ័ន (២៥៤ លានដុល្លារ) ហើយគម្រោងនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២៥ ។
 
ជាមួយកំណើនតម្រូវការ ការដឹកជញ្ជូនក៏កាន់តែមមាញឹកដែរ។ យោងតាមលោក Huang Wenhan អ្នកគ្រប់គ្រងទំនិញជាមួយសាខា Pingxiang នៃ China Railway Nanning Bureau Group ចាប់តាំងពីខែមេសាមក មានរថភ្លើងឆ្លងកាត់ព្រំដែនចំនួនពីរក្នុងមួយថ្ងៃដែលដឹកជញ្ជូនផ្លែឈើវៀតណាមឆ្លងកាត់ទីក្រុងព្រំដែន Pingxiang ដែលគ្រប់គ្រងដោយ Chongzuo ។ ភាគច្រើននៃផ្លែឈើដឹកជញ្ជូនគឺជាធុរេន និងមង្ឃុត ព្រោះវាទទួលបានផលចំណេញច្រើនបំផុតក្នុងចំណោមផ្លែឈើនៅតំបន់ត្រូពិច។
 
លោក Huang បានបន្ថែមថា ជាធម្មតាវាចំណាយពេលត្រឹមតែមួយ ឬពីរម៉ោងប៉ុណ្ណោះ ដើម្បីបំពេញបែបបទចូល និងដាក់ផ្លែឈើនៅលើឡានដឹកទំនិញដែលមានទូត្រជាក់ដើម្បីរក្សាគុណភាព ដែលអាចទៅដល់ផ្សារទំនើបទូទាំងប្រទេសក្នុងរយៈពេលតិចជាងបីថ្ងៃ។
 
បុរសជនជាតិវៀតណាមឈ្មោះ Rog Chau ដែលបើកកសិដ្ឋានផ្លែឈើមួយកន្លែងនៅជិតទីក្រុងហូជីមិញបានលើកឡើងថា ជនជាតិចិនបានចាប់ផ្តើមវិនិយោគលើកសិដ្ឋានទុរេននៅស្រុកកំណើតរបស់គាត់។
 
លោក Chau បាន​បន្ត​ថា​៖ «​កសិករ​ដាំ​ផ្លែ​ឈើ​ជា​ច្រើន​នៅ​ប្រទេស​វៀតណាម​កំពុង​ងាក​មក​ដាំ​ទុរេន​ព្រោះ​វា​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ដោយសារ​ចំណង់​ចំណូល​ចិត្ត​ទីផ្សារ​របស់​ប្រទេស​ចិន​យ៉ាង​ច្រើន​។
 
លោក Wang ដែលជាអ្នកនាំចូលផ្លែឈើក៏រំពឹងថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទុរេនកាន់តែច្រើននាពេលអនាគត ហើយកិច្ចព្រមព្រៀងដែលបានធ្វើឡើងតាមរយៈកតិកាសញ្ញាពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកក៏អាចនាំឱ្យប្រទេសអាស៊ានជាច្រើនទៀតដូចជាឥណ្ឌូណេស៊ីក្លាយជាអ្នកផ្គត់ផ្គង់ទុរេនដ៏សំខាន់ដល់ប្រទេសចិនផងដែរ៕
 

Tag:
 ចិន
  ទុរេន
  វៀតណាម
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com