អន្តរជាតិ
ប្រេសិតពិសេស UN ប្រចាំមីយ៉ាន់ម៉ានឹងលាលែងពីតំណែងក្នុងខែនេះ
01, Jun 2023 , 12:00 pm        
រូបភាព
ប្រេសិតអង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា Noeleen Heyzer។ រូបថត AFP
ប្រេសិតអង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា Noeleen Heyzer។ រូបថត AFP
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំមីយ៉ាន់ម៉ានឹងចុះចេញពីតំណែងនៅ​ខែមិថុនា បន្ទាប់ពីកាន់តំណែងអស់រយៈពេល១៨ខែ។ នេះបើតាមអ្នកនាំពាក្យរបស់ប្រមុខ UN ។ UN នឹងជ្រើសរើសបេសកជនថ្មីជំនួសដែរ។
 
អ្នកនាំពាក្យប្រមុខ UN លោក Stephane Dujarric ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រេសិតពិសេស UN ប្រចាំមីយ៉ាន់ម៉ាលោកស្រី Noeleen Heyzer នឹងចាកចេញពីតំណែងនៅថ្ងៃទី១២ ខែមិថុនា ដែល​ជាថ្ងៃចុងក្រោយនៃកិច្ចសន្យាការងាររបស់លោកស្រី។ លោកស្រីបានចាប់ផ្ដើមតួនាទីនេះក្នុងខែតុលាឆ្នាំ ២០២១ ដែលមកទល់ពេលនេះ លោកស្រីបានបម្រើការងារអស់ជិត២០ខែដែរ​ ប៉ុន្តែលោកស្រីមិនអាចបំពេញការងារដោយរលូនឡើយ។
 
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចខិតខំផ្នែកការទូតរបស់ UN និងអាស៊ានដើម្បីដោះស្រាយវិបត្តិរហូតមកដល់ពេលនេះ បានបរាជ័យ ក្នុងការទប់ស្កាត់ការបង្ហូរឈាមដែលកើតឡើងដោយរដ្ឋប្រហារ។
 
«សូមថ្លែងអំណរគុណចំពោះលោកស្រី Heyzer សម្រាប់កិច្ចខិតខំមិនចេះនឿយហត់ចំពោះមុខ​សន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា»។ អ្នកនាំពាក្យ UN បានស្រង់សម្តីប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បែបនេះដោយបន្ថែមថា បេសកជនថ្មីនឹងត្រូវបានតែងតាំងនៅពេលខាងមុខ។ 
 
ជាប្រេសិតពិសេស លោកស្រី Heyzer ដែលជាសង្គមវិទូជនជាតិសិង្ហបុរី ក៏មាន​ភារកិច្ច​ជំរុ​ញ​ឱ្យ​របប​យោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចសន្ទនានយោបាយជាក្រុមប្រឆាំង និងបញ្ចប់ការបង្ក្រាបដ៏​បង្ហូ​រ​ឈាម​ដែលបានចាប់ផ្តើមបន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ។ លោកស្រីបានទៅ បំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយ​ប្រមុខរបបយោធា មីន អ៊ុងឡាំង និងមន្ត្រីយោធាកំពូលផ្សេងទៀត តែក៏រងការរិះគន់​ដោយ​ក្រុម​សិទ្ធិ​មនុស្សថា ជាទទួលស្គាល់របបយោធាទៅវិញ។ លោកស្រីត្រូវបានបដិសេធមិនឱ្យជួបលោកស្រី ស៊ូជី ដែរ៕
 

Tag:
 UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com