សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
CEO ក្រុមហ៊ុន Boeing មិនបារម្ភពីការផលិតយន្តហោះរបស់ចិនទេ​
02, Jun 2023 , 8:29 pm        
រូបភាព
នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun ។ រូបភាពពី Reuters ។
នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun ។ រូបភាពពី Reuters ។
នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Calhoun មិនមានការព្រួយបារម្ភខ្លាំងពេកទេអំពីយន្តហោះដឹកអ្នកដំណើរដែលផលិតដោយចិន ដោយលោកអះអាងថាយន្តហោះប្រភេទ C919 របស់ចិន នឹងមិនអាចប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus នោះទេ ។
 
«ក្រុមហ៊ុនផលិតយន្តហោះចំនួន ៣ នៅក្នុងទីផ្សារពិភពលោកដែលកំពុងរីកចម្រើននៃទំហំ និងវិសាលភាពនេះ មិនមែនជារឿងដ៏គួរឱ្យខ្លាចបំផុតនៅក្នុងពិភពលោកនោះទេ។ វាជារឿងឆ្កួតសម្រាប់ពួកយើងក្នុងការព្រួយបារម្ភខ្លាំងពេក។» នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានលើកឡើងបែបនេះ ដោយសំដៅលើយន្តហោះប្រភេទ C919 របស់ចិនដែលទើបហោះហើរដោយជោគជ័យដឹកអ្នកដំណើរជាលើកដំបូងគេនៅក្នុងស្រុក។
 
យន្តហោះប្រភេទ C919 ត្រូវបានសាងសង់ដោយសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្មចិន (COMAC) ប៉ុន្តែផ្នែកជាច្រើននៃ C919 ត្រូវបាននាំចូលពីបរទេស រួមទាំងម៉ាស៊ីន និងប្រព័ន្ធអេឡិកត្រូនិចផ្សេងទៀត។
 
បើតាមការបញ្ជាក់របស់លោក Calhoun យន្តហោះ C919 ជាយន្តហោះល្អ ប៉ុន្តែវានឹងចំណាយពេលយូរសម្រាប់ក្រុមហ៊ុន COMAC ក្នុងការកសាងសមត្ថភាពផលិតចាំបាច់ ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន មុនពេលឈានទៅដល់ការប្រជែងកម្រិតពិភពលោក។
 
នាយកប្រតិបត្តិរូបនេះក៏បានស្នើឱ្យ Boeing គួរតែផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះការប្រណាំងបច្ចេកវិទ្យាជាមួយ Airbus នៅពេលបច្ចុប្បន្ន ហើយបានអះអាងថា ចិននៅតែជាមិត្ត និងអតិថិជនរបស់ខ្លួនដដែល ប៉ុន្តែសកម្មភាពអាជីវកម្មអាចមានភាពមិនប្រក្រតី ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ។
 
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនបានចាប់ផ្តើមនាំយកយន្តហោះ Boeing 737 MAX ត្រឡប់មកវិញ បន្ទាប់ពីធ្លាក់នៅឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០១៨ និងអេត្យូពីក្នុងឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្សសរុបចំនួន ៣៤៦នាក់។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនយន្តហោះត្រឡប់មកវិញនេះត្រូវបានពន្យារពេល ដោយសារភាពតានតឹងរវាងអាម៉េរិក និងចិន។
 
ក្រុមហ៊ុន Boeing របស់អាម៉េរិក និងក្រុមហ៊ុន Airbus របស់បារាំង ជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតពីរនៅលើពិភពលោក និងជាគូប្រជែងអស់រយៈពេលជាច្រើនឆ្នាំ។ អាស៊ីរួមទាំងចិន ជាទីផ្សារគោលដៅសំខាន់សម្រាប់ទាំងក្រុមហ៊ុន Airbus និង Boeing ដែលកំពុងស្វែងរកទុនលើតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ 
 
ចិនបានវិនិយោគយ៉ាងច្រើននៅក្នុងការផលិតយន្តហោះក្នុងស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាស្វ័យភាពនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ។ ក្រុមហ៊ុន COMAC បានចាប់ផ្តើមអភិវឌ្ឍ C919 កាលពី ១៥ ឆ្នាំមុន ហើយទីក្រុងប៉េកាំងសង្ឃឹមថាវានឹងប្រកួតជាមួយម៉ូដែលបរទេសដ៏ពេញនិយមដូចជា Boeing 737 MAX និង Airbus A320 ។
 
លោក Li Hanming អ្នកជំនាញឯករាជ្យផ្នែកអាកាសចរណ៍ចិនបាននិយាយថា ប្រភេទ C919 គឺសម្រាប់ទីផ្សារក្នុងស្រុកដែលមានទំហំធំល្មម ។ ចំណែកលោក Greg Waldron អ្នកនិពន្ធអាស៊ីនៃ FlightGlobal បាននិយាយថា C919 បច្ចុប្បន្នមិនអាចទៅដល់ទីផ្សារអន្តរជាតិបានទេ ដោយសារតែវាមិនត្រូវបានអនុម័តដោយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក (FAA) ៕
 

Tag:
 Boeing
  C919
  Airbus
  ចិន
  អាម៉េរិក
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com