កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Liverpool ទម្លាក់ Arsenal ចំណែក Cheslea, Man City, Aston Villa ទៅជុំទី៤
08, Jan 2024 , 10:59 am        
រូបភាព
Liverpool យកឈ្នះ Arsenal លទ្ធផល ២-០ បន្តដំណើរជុំទី៤ ពានរង្វាន់ FA Cup ស្របពេល Chelsea, Manchester City និង Aston Villa ដែលមកពី Premier League ក៏រកបានជ័យជម្នះរៀងខ្លួនក្នុងជំនួបជុំទី៣។
២គ្រាប់នៅចុងម៉ោង ដែលកើតឡើងកីឡាករ Jakub Kiwior ធ្វើឱ្យចូលទីខ្លួនឯងនៅនាទី៨០ និងការស៊ុតរបស់ Luis Diaz នៅនាទី៩០+៥ បានជួយ Liverpool ឈ្នះ Arsenal ២-០ ក្នុងការប្រកួត FA Cup ជុំទី៣ នៅរាត្រីថ្ងៃទី៧ ខែមករា។
 
ទម្រង់លេងមិនល្អក្រុមម្ចាស់ផ្ទះ Arsenal បន្តឈានដល់ក្នុងឆ្នាំ ២០២៤ ដោយការប្រកួតក្នុងវគ្គទីមួយម្ចាស់ទីលានកីឡដ្ឋាន Emirate បានបាត់បង់ឱកាសក្នុងការស្វែងរកគ្រាប់បាល់ រហូតឈានដល់វគ្គទីពីរក្រុមភ្ញៀងហង្សក្រហមក៏អាចរកបានឱកាសជ័យជម្នះរបស់ពួកគេនៅចុងម៉ោង។
 
២គ្រាប់ដ៏អស្ចារ្យក្នុងទឹកដីក្រុមកាំភ្លើង បានជួយរុញច្រាន Liverpool អង្គុយរង់ចាំការចាប់ឆ្នោតសម្រាប់ការប្រកួតនៅជុំទី៤ បន្តទៀត ចំណែក Arsenal របូតការប្រជែងពានរង្វាន់មួយបន្ថែមទៀតបន្ទាប់ពីពានរង្វាន់ EFL Cup។
 
ដោយឡែក Chelsea កំពុងបន្តដំណើរក្នុងពានក្រៅពីក្របខណ្ឌ Premier League ដោយយកឈ្នះក្រុមពីលីគទី៣  Preston North End ក្នុងលទ្ធផល ៤-០ នៅជុំទី៣។ ការស៊ុតពីសំណាក់កីឡាករ Armando Broja, Thiago Silva, Raheem Sterling និង Enzo Fernandez ជួយដល់តោខៀវឡើងទៅការប្រកួតជុំទី៤ បន្តទៀត។ 
 
ក្រៅពីពានរង្វាន់ Premier League ក្រុមរហស្សនាមតោខៀវហាក់ខ្លាំងក្លាក្នុងការប្រកួតប្រជែងពានផ្សេងទៀត ខណៈបច្ចុប្បន្នពួកគេកំពុងប្រជែងពានរង្វាន់ EFL Cup ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទន្ទឹមគ្នានឹងពាន FA Cup បន្តទៅជុំទី៤។ 
 
Manchester City ក៏ធ្វើការងាររបស់ខ្លួនដ៏អស្ចារ្យ ដោយបានលុតក្រុមមកពីលីគលំដាប់ទីពីរ Huddersfield Town លទ្ធផលដល់ទៅ ៥-០ ខណៈការប្រកួតខ្សែបម្រើដ៏ខ្លាំងប្រចាំក្រុម Kevin De Bruyne បានវិលត្រឡប់មកកាន់ទីលានវិញលើកដំបូងក្រោយជាពីរបួស។
 
កីឡាករ Phil Foden ២គ្រាប់, Julian Alvarez, Jeremy Doku និងកីឡាករ​ Ben Jackson ដែលស៊ុតចូលទីខ្លួនឯង បានជួយដល់ក្រុមរហស្សនាមមេឃខៀវឱ្យឈានជើងឡើងទៅកាន់វគ្គបន្ទាប់ ក្នុងនាមជាក្រុមការពារជើងឯក។
 
ចំណែក Aston Villa ក្រុមលេខពីរក្របខណ្ឌ Premier League ក៏រកបានឱកាសដើម្បីទៅកាន់ជុំទី៤ ក្រោយពេលយកឈ្នះការប្រកួតលើក្រុម Middlesbrough លទ្ធផល ១-០ យ៉ាងតឹងតែង។ ក្រុមរបស់លោក Unai Emery យកឈ្នះការប្រកួតយ៉ាងលំបាកលើម្ចាស់ផ្ទះ ខណៈកីឡាកររបស់លោកទទួលបានកាតលឿងច្រើនសន្ធឹកសន្ធាប់ដល់ទៅ ៥នាក់ ពីការប៉ះទង្គិចគ្នាជាមួយនឹងក្រុមម្ចាស់ផ្ទះដែលព្យាយាមវាយសម្រុកស្វែងរកគ្រាប់បាល់។ ជ័យជម្នះអរគុណដល់ការស៊ុតពីសំណាក់កីឡាករ Matty Cash នៅនាទី៨៧។
 
ទន្ទឹងនឹងនេះ Nottingham Forest ស្មើ ២-២ ជាមួយនឹងក្រុម Blackpool និង West Ham United ស្មើ ១-១ ជាមួយនឹងក្រុម Bristol City ហើយ Luton Town ស្មើ ០-០ ជាមួយក្រុម Bolton Wanderers ក្រុមដែលមកពីក្របខណ្ឌលីគកំពូលអង់គ្លេសទាំងពីរ នឹងត្រូវបន្តប្រជែងការប្រកួតជើងទីពីរបន្តទៀតដើម្បីរកបានក្រុមដែលឈ្នះការប្រកួតឡើងទៅកាន់វគ្គបន្ទាប់៕
 
ខាងក្រោមនេះជាការប្រកួតរបស់ក្រុមដទៃទៀត
 
Sheffield Wednesday ឈ្នះ Cardiff City លទ្ធផល ៤-០
Swansea City ឈ្នះ Morecambe លទ្ធផល ២-០
Peterborough United ចាញ់ Leeds United ៣-០
Shrewsbury Town ចាញ់ Wrexham ១-០
West Bromwich Albion ឈ្នះ ​Aldershot Town ៤-១៕
 
 

Tag:
 FA Cup
  Liverpool
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com