ជាតិ
ក្រោយផ្ដួលក្រុមខ្លាំងៗ នៅសប្ដាហ៍ដំបូង គ្រូបង្វឹកក្រុម D-Roar Legends សម្លឹងការឈ្នះពាន MPL KH
26, Mar 2024 , 10:14 am        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក D-Roar Legends បំបាក់ក្រុមខ្លាំងៗម្ចាស់ឯកជើង ២សម័យ នៅក្នុងការប្រកួតពានរង្វាន់ MPL KH រដូវកាលទី៦ នាសប្តាហ៍ទីមួយ។ លោក ស៊ីន ប៊ុនឆាយ គ្រូបង្វឹកប្រចាំក្រុម D-Roar បាននិយាយថា ក្រុមកំពុងសម្លឹងការឈ្នះពានក្នុងរដូវកាលនេះ ។


«សម្រាប់រដូវកាលនេះ ពួកយើងប្រើជាមួយនឹងក្រុមកីឡាករដដែល ហើយយើងនឹងរំពឹងក្លាយជាជើងឯកក្នុងរដូវកាលថ្មីនេះ។»។ នេះបើតាមសម្តីលោក ប៊ុនឆាយ បាននិយាយប្រាប់មកកាន់សារព័ត៌មានថ្មីៗតាមរយៈកិច្ចសម្ភាស។
 
គ្រូបង្វឹកមានបទពិសោធន៍បង្ហាញខ្លួនច្រើនលើក ក្នុងការប្រកួតវិស័យកីឡាអេឡិចត្រូនិករូបនេះ ក៏បានបញ្ជាក់ថា កូនក្រុមលោក មានសមត្ថភាពគ្រប់គ្រាន់ និងការយល់ចិត្តគ្នាល្អប្រសើរជាងរដូវកាលមុន។ ដ្បិតរដូវកាលថ្មី កូនក្រុមធ្វើបានល្អ នៅការប្រកួតសប្តាហ៍ទី១ តែអតីតគ្រូបង្វឹកក្រុម See You Soon រូបនេះ នៅតែមើលឃើញពីចំណុចខ្វះខាត ដែលត្រូវការបំពេញបន្ថែម។
  


លោក ប៊ុនឆាយ (Coach ឆាយ) បានអះអាងដូច្នេះថា ៖«ខ្ញុំគិតថាពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ហើយ គ្រាន់តែថាការហ្វឹកហាត់របស់ពួកយើង ក៏ដូចជាការស្វែងយល់ចិត្តគ្នាឱ្យបានកាន់តែខ្លាំងបន្ថែមទៀត គឺនៅមានកម្រិត។ បើសម្រាប់ចិត្តខ្ញុំវិញ រឿងទាំងនេះគឺនៅស្ទើរនៅឡើយ ប៉ុន្តែយើងនឹងខិតខំប្រឹងប្រែងទៅមុខ ដើម្បីឱ្យកាន់តែល្អខ្លាំងឡើង។»។
 
ម្ចាស់ពាន ២សម័យ កីឡាអេឡិចត្រូនិក Mobile Legends Bang Bang (MLBB) ដែលមានក្រុមការពារជើងឯក See You Soon និង Flash KH បានរងបរាជ័យ ដោយត្រូវបានក្រុម D-Roar Legends វាយបកឈ្នះ ក្នុងលទ្ធផលការប្រកួត ២-១ ដូចគ្នា។ បច្ចុប្បន្ន D-Roar ឈរនៅចំណាត់ថ្នាក់លេខ ២ មាន ៤ពិន្ទុ បណ្តោះអាសន្ន។
 
ជំនួបបន្តនៅសប្តាហ៍ទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា D-Roar Legends នឹងត្រូវប៉ះក្រុម Team MAX វេលាម៉ោង ១២ថ្ងៃត្រង់៕ 



Tag:
 ស៊ីន ប៊ុនឆាយ
  D-Roar Legends
  MPL KH
© រក្សាសិទ្ធិដោយ thmeythmey.com