ជាតិ
សង្រ្កាន្តឆ្នាំថ្មី
គោមផ្កាយក្រមា និងគោមផ្ការំដួល ជាទំនិញដែលអ្នកស្រី ហ្សាញ រង្សី លក់ដាច់ខ្លាំង
13, Apr 2024 , 3:59 pm        
រូបភាព
មុខរបរប្រចាំថ្ងៃ ជាអ្នកធ្វើស្លាកយីហោ ប៉ុន្តែនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិម្តងៗ អ្នកស្រី ហ្សាញ រង្សី បន្ថែមរបរមួយទៀត គឺលក់គោម។ អាជីវករនៅផ្សារសាមគ្គីរូបនេះ ទទួលបានចំណូលខ្ទង់ម៉ឺនដុល្លារអាម៉េរិកពីរបរលក់គោម ដោយគោមដែលលក់ដាច់ជាងគេគឺគោមផ្កាយក្រមា និងគោមផ្ការំដួល។
 
គោមគឺជាវត្ថុលម្អសម្រាប់ការតុបតែងផ្ទះដើម្បីទទួលទេវតាឆ្នាំថ្មី ជាពិសេសការបង្កើនសោភណភាព និងបំភ្លឺចិញ្ចាចចិញ្ចែងនាពេលរាត្រី។ ១០ឆ្នាំមកហើយ ដែលអ្នកស្រី ហ្សាញ រង្សី លក់ទំនិញនេះ ពោលគឺចាប់ពីខែមករា ដល់ខែមេសា នៅផ្សារសាមគ្គី រាជធានីភ្នំពេញ។
 
មានគោមច្រើនប្រភេទ ប៉ុន្តែគោមផ្កាយដែលរចនាដោយក្រមា និងគោកផ្ការំដួល ជាទំនិញដែលពេញនិយមខ្លាំង ជាប្រភេទគោមផ្កាយដែលស្រោបដោយក្រណាត់ចម្រុះពណ៌ និងថង់ថ្លា។ ក្នុងបទសម្ភាសជាមួយ ThmeyThmey25 អ្នកស្រី រង្សី អះអាងថា ពីមួយឆ្នាំទៅមួយឆ្នាំ អតិថិជនបញ្ជាទិញគោមផ្កាយក្រមា និងគោមផ្ការំដួល កាន់តែមានចំនួនច្រើនឡើង ហើយក្នុងរដូវកាលចូលឆ្នាំនេះ អ្នកស្រីអាចរកចំណូលបានជាង១ម៉ឺនដុល្លារអាម៉េរិកផងដែរ។
 
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 
ការនិយមប្រើគោមផ្កាយសម្រាប់តាំងលម្អគេហដ្ឋាន ឬក្រុមហ៊ុនសហគ្រាសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានតាំងពីយូរយាណាស់មកហើយ ដោយវាបានបង្ហាញពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិផងដែរ។ ស្រ្តីវ័យ៣៥ឆ្នាំរូបនេះ បញ្ជាក់ថា៖ «ក្តីស្រលាញ់ និងចង់ថែរក្សាវប្បធម៌ខ្មែរ បានធ្វើឱ្យខ្ញុំចាប់មុខរបរលក់គោមផ្កាយ។ តាមពិត ខ្ញុំជាធ្វើស្លាកយីហោលក់ ប៉ុន្តែឃើញគេធ្វើគោមផ្កាយ ខ្ញុំក៏ចាប់មុខរបរនេះរហូត»។  


គោមផ្កាយ
 
បើតាមអ្នកស្រី រង្សី ដំបូងឡើយ គោមផ្កាយដែលបិទដោយថង់ ជាទំនិញលក់ដាច់ជាងគេ ប៉ុន្តែក្រោយមក អតិថិជន បានងាកទៅចាប់អារម្មណ៍គោមផ្កាយក្រមា ដោយសារតែវាមានភាពធន់ ហើយក្រោយមកទៀត គឺគោកផ្ការំដួល ដែលត្រូវបានចាត់ទុកដូចជាផលិតផលតំណាងអត្តសញ្ញាណជាតិ និងជាផលិតផលសិប្បកម្មរបស់ពលរដ្ឋខ្មែរ។
 
ក្នុងមួយឆ្នាំៗ អ្នកស្រី និងក្រុមគ្រួសារធ្វើគោមផ្កាយ និងគោមផ្ការំដួល បានប្រមាណ២ម៉ឺនគោម ហើយភាគច្រើនគឺធ្វើតាមការបញ្ជាទិញទុកមុនរបស់អតិថិជន។ គោមផ្កាយមានតម្លៃចាប់ពី៣០០០ទៅ៣០ ០០០រៀល រីឯគោមផ្ការំដួល មានតម្លៃពី២០ ០០០ ទៅ៣០ ០០០រៀល ដោយអតិថិជនមួយចំនួនបញ្ជាទិញ តាមបណ្តាញសង្គមហ្វេសប៊ុក។
 
ឈើឫស្សី សម្រាប់ធ្វើគោម គឺអ្នកស្រី រង្សី ប្រមូលទិញពីពលរដ្ឋនៅឯខេត្តតាកែវ ដែលជាទីកំណើតរបស់អ្នកស្រី។ «ខ្ញុំចង់បន្តមុខរបរនេះរហូត។ របរនេះ កើតចេញពីការស្រឡាញ់ ចូលចិត្ត មិនមែនចង់តែមួយពេលនោះទេ។ ទោះបីជារបរនេះ មិនអាចរកចំណូលបានច្រើនក្ដី ខ្ញុំនៅតែចង់បន្តលក់គោមផ្កាយរហូតដល់កូនៗរបស់ខ្ញុំអាចចេះធ្វើ និងលក់បន្ត»។ អ្នកស្រី រង្សី បានអះអាងយ៉ាងដូច្នេះ ជាមួយអ្នកអារម្មណ៍រីករាយចំពោះការគាំទ្រផលិតដែលធ្វើដោយផ្ទាល់ដៃរបស់អ្នកស្រី ឬរបស់អាជីវករដទៃទៀត៕


គោមផ្ការំដួល


អ្នកស្រី ហ្សាញ វង្សី អាជីវករលក់គោមផ្កាយ

 

Tag:
 អ្នកលក់គោមផ្កាយ
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com