អន្តរជាតិ
ចិនរំពឹងមានការធ្វើដំណើរដល់ ២៧០លានលើក ក្នុងថ្ងៃឈប់សម្រាកទិវាពលកម្ម
30, Apr 2024 , 10:59 am        
រូបភាព
រូបភាព China Daily
រូបភាព China Daily
ក្រសួងដឹងជញ្ជូនចិន នៅថ្ងៃទី២៩ ខែមេសា បានប៉ាន់ប្រមាណថា ប្រជាជនចិន នឹងមានការធ្វើដំណើរចំនួន ២៧០លើក ដោយប្រើប្រាស់ទាំងការដឹកជញ្ជូនរបស់សាធារណៈ និងឯកជន នៅក្នុងអំឡុងទិវាពលកម្ម ដែលឈប់សម្រាករយៈពេល ៥ថ្ងៃ។

 
ចាប់ពីថ្ងៃទី១ ខែឧសភា ប្រជាជនចិន នឹងឈប់សម្រាករយៈពេល ៥ថ្ងៃ ដើម្បីប្រារព្ធទិវាពលកម្មនៅក្នុងប្រទេស។ ក្នុងអំឡុងពេលនេះ ប្រជាជនតែងចូលចិត្តធ្វើដំណើរកម្សាន្ត ជួបមិត្តភក្តី ចូលរួមក្នុងកម្មវិធីផ្សេងៗ និងទៅក្រៅប្រទេសជាដើម។ 
 
នៅក្នុងសន្និសីទសារព័ត៌មានមួយរៀបចំឡើងនៅថ្ងៃទី២៩ ខែមេសា លោក Guo Sheng អនុប្រធានការិយាល័យមហាវិថីនៅក្រសួងដឹកជញ្ជូន បានរំពឹងថា ចំនួននៃការធ្វើដំណើររបស់ប្រជាជនក្នុងទិវាពលកម្មនៅឆ្នាំ២០២៤ នឹងមានលើសពីឆ្នាំ២០២៣ និងមុនពេលជំងឺកូវីដ-១៩ ផ្ទុះឡើង។ 
 
ក្នុងអំឡុងពេលឈប់សម្រាក ៥ថ្ងៃ ការប្រើប្រាស់រថយន្តឯកជន អាចមានចំនួនរហូតដល់ជាង ៨០ភាគរយ ដោយការធ្វើដំណើរលើមហាវិថីធំៗ អាចមានចំនួនរថយន្ត ៦៣,៥លានគ្រឿងក្នុងមួយថ្ងៃ។ ដើម្បីជួយសម្រួលចរាចរណ៍ ការងារថែរក្សាផ្លូវ និងជួសជុលផ្លូវ នឹងត្រូវផ្អាកមួយរយៈ ខណៈអាជ្ញាធរ នឹងចាត់វិធានការផ្សេងទៀត ដើម្បីទប់ស្កាត់ការកកស្ទះនៅលើដងផ្លូវ។
 
នៅក្នុងវិស័យអាកាសចរណ៍ និងរថភ្លើង ចំនួនអ្នកធ្វើដំណើរអាចនឹងច្រើនជាងកាលពីមុនឆ្នាំ២០១៩។ ក្នុងរយៈពេល ៥ថ្ងៃ អាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International វាយតម្លៃថា នឹងមានអ្នកធ្វើដំណើរប្រមាណជាង ៦៦ម៉ឺនលើក ដោយក្នុងមួយថ្ងៃមានជាង ១៣ម៉ឺនលើក។ ក្នុងរដូវកាលឈប់សម្រាកជាច្រើនថ្ងៃ ប្រជាជនចិន អាចនឹងធ្វើដំណើរទៅក្រៅប្រទេសដូចជា វៀតណាម ថៃ ម៉ាឡេស៊ី និងសិងុបុរីជាដើម៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com