ជាតិ
សេដ្ឋកិច្ច
កុំយប់យូរសុបិនច្រើន! សម្តេច ហ៊ុន សែន ជំរុញរដ្ឋាភិបាលបើកការសាងសង់«ព្រែកជីកហ្វូណន» ឱ្យបានឆាប់
16, May 2024 , 4:49 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ ថ្លែងសារពិសេសនាថ្ងៃទី១៦ឧសភា ពីការជំរុញការសាងសង់ព្រែកជីកហ្វូណនតេជោ។
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ ថ្លែងសារពិសេសនាថ្ងៃទី១៦ឧសភា ពីការជំរុញការសាងសង់ព្រែកជីកហ្វូណនតេជោ។
ប្រធានព្រឹទ្ធសភាកម្ពុជា​ សម្តេច ហ៊ុន សែន ជំរុញរដ្ឋាភិបាលបើកដ្ឋានសាងសង់«ព្រែកជីកហ្វូណន» ឱ្យបានលឿន គឺកាន់តែប្រសើរ​ ។ សម្តេចបានថ្លែងសារពិសេសបែបនេះចេញពីភូមិគ្រឹះនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៦ឧសភា។
 
«កុំយប់យូរសុបិនច្រើន! បើបើកការដ្ឋាន[សាងសង់ព្រែកជីកហ្វូណន]បានឆាប់​ គឺធ្វើទៅៗ។ កុំរង់ចាំអ្វីទៀត គឺធ្វើទៅ!»។ នេះជាការផ្តល់មតិរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់រាជរដ្ឋាភិបាល​ស្ថិតនៅក្រោមការដឹកនាំសម្តេច ហ៊ុន ម៉ាណែត ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនប្រវែង១៨០គីឡូម៉ែត្រនេះ មិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមឡើយ។ ហេតុដូច្នេះ កម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។
 
បើតាមសម្តេច គម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមផ្ដល់ផលចំណេញក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្ម ដោយេពុំចាំបាច់ពឹងប្រទេសវៀតណាម។ « យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើង! យើងត្រូវគិតទៅដល់ឯករាជ្យភាពរបស់យើង!​»។ សម្តេចបានលើកឡើងបែបនេះ ដោយជឿជាក់ថា ក្រោយស្ថាបនារួចព្រែកជីកនេះ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។ 
 
លើសពីនេះ ព្រែកជីកហ្វូនណន ក៏នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្តស្ថិតនៅទិសនីរតីនៃប្រទេស ដោយអាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់។ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្ម ពីធ្វើមួយលើក ទៅធ្វើពីរលើកឬលើសពីនេះក្នុងមួយឆ្នាំ។ សម្តេចបានបន្ថែមថា តាមរយៈគម្រោងព្រែកជីកនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សានៅកម្ពុជាផង និងបណ្ដាប្រទេសជិតខាង ផងដែរ។ 
 
បើតាមផែនការរបស់ក្រសួងសាធារណការ និងជញ្ជូន គម្រោងព្រែកជីកហ្វូណន នឹងត្រូវបើកដ្ឋានសាងសង់​នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៤ ក្រោមទុនវិនិយោគ​ពីក្រុមហ៊ុនចិន១ ៧០០លានដុល្លារអាម៉េរិក។ តាមការសិក្សា បន្ទាប់ពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោនេះរួចនឹងទទួលផលចំណេញពីការដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ៕

Tag:
 ព្រែកជីកហ្វូណនតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com