ជាតិ
សេដ្ឋកិច្ច
កម្ពុជា-UAE ប្តេជ្ញាបើកទូលាយទីផ្សារទំនិញ និងបង្កើនរំហូរវិនិយោគ​
16, May 2024 , 7:59 pm        
រូបភាព
ជំនួប​រវាង​លោក សុខ ចិន្តាសោភា ​រដ្ឋមន្ត្រី​ការបរទេស(ឆ្វេង)​ និង​លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣​ឧសភា នៅ​ទីស្តីការ​ក្រសួង។ រូបថត៖ ក្រសួងការបរទេស
ជំនួប​រវាង​លោក សុខ ចិន្តាសោភា ​រដ្ឋមន្ត្រី​ការបរទេស(ឆ្វេង)​ និង​លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣​ឧសភា នៅ​ទីស្តីការ​ក្រសួង។ រូបថត៖ ក្រសួងការបរទេស
កម្ពុជា-​អេមីរ៉ាត​អារ៉ាប់​រួម (UAE) ប្ដេជ្ញា​ពន្លឿន​​អនុវត្ត​កិច្ច​ព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (CEPA) ដែល​នឹង​បើក​ទូលាយ​ទីផ្សារ​​សម្រាប់​ទំនិញ ​សេវាកម្ម រួមទាំងបង្កើន​រំហូរ​វិនិយោគ និង​បង្កើត​ការងារ។ ការប្តេជ្ញានេះ ដើម្បីធ្វើឱ្យ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​កាន់តែ​ស៊ីជម្រៅ។​
 
ការ​ប្ដេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ការងាររវាង​លោក សុខ ចិន្តាសោភា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំ​កម្ពុជា នៅទីស្តីការក្រសួង នា​ថ្ងៃទី​១៣ឧសភា។​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញនៅថ្ងៃទី១៥ឧសភា ភាគី​ទាំងពីរជួបគ្នា គឺដើម្បី​ពិភាក្សា​​អំពី​មធ្យោបាយ​នានា ក្នុងការ​ពន្លឿន​ការ​អនុវត្តកិច្ច​ព្រមព្រៀង CEPA ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែមិថុនា ឆ្នាំ២០២៣។
 
ភាគីទាំងពីរប្រទេសបានអះអាងថា៖ «កិច្ចព្រមព្រៀង​នេះ នឹង​បើក​ទូលាយ​ទីផ្សារ​កាន់តែ​ច្រើន​សម្រាប់​ទំនិញ និង​សេវាកម្ម បង្កើន​រំហូរ​វិនិយោគ បង្កើត​ការងារ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ និង​បង្កើន​ផលប្រយោជន៍​ទៅវិញទៅមក»។
 
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា និង​លោក Obaid Saeed Obaid Bintaresh Aldhaheri  ក៏បង្ហាញ​នូវ​ការ​ពេញចិត្ត​ចំពោះ​មិត្តភាព​យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​កម្ពុជា និង​អេមីរ៉ាតអារ៉ាប់​រួម ចាប់តាំង​ពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​នៅ​ឆ្នាំ១៩៩៤។ សេចក្តីប្រកាសព័ត៌មានព័ត៌មានរបស់ក្រសួងការបរទេស បន្តរៀបរាប់ថា ភាគីនៃប្រទេសទាំងពីរ​ប្តេជ្ញា​ចិត្ត​​ពង្រឹង​​ទំនាក់​ទំនង​ទ្វេភាគី និង​ផ្ដល់​ការ​គាំទ្រ​គ្នាទៅវិញ​ទៅមក​ នៅ​លើ​ឆាកអន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេសទាំងពីរ។
 
ក្រៅពីការប្តេជ្ញារួមគ្នានោះ  លោក សុខ ចិន្តាសោភា និង​លោក Obaid Saeed Obaid Bintaresh Aldhaheri   ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​ទៅវិញ​ទៅមក អំពីការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២ ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ផងដែរ។
  


ក្នុង​ជំនួប​ជាមួយ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី​១៣ឧសភា លោក Aldhaheri បាន​បញ្ជាក់ពី​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ដើម្បី​​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​សំខាន់មួយចំនួន។ ក្នុងនោះ​មាន បង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា​រចនា​សម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និង​ទេសចរណ៍។ 

នាជំនួបនោះ សម្តេចបានបង្ហាញពី​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​ស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​អាទិភាព​របស់​រដ្ឋាភិបាល​​ក្នុងការ​សម្រេច​បាន​នូវ​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដើម្បី​អភិវឌ្ឍ​កម្ពុជា​ប្រកប​ដោយ​ភាព​ធន់ និង​បរិយាបន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សម្តេច ដែលបានបញ្ជាក់ថា៖  « ជាក់ស្ដែង ក្នុង​វិស័យ​ថាមពល​ស្អាត បច្ចុប្បន្ន ​កម្ពុជាបាន​សម្រេច​នូវ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ចំនួន៦២​ភាគរយ នៃ​ការ​ប្រើប្រាស់​ថាមពល​សរុប និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​បាន​ដល់ ៧០ភាគរយ ត្រឹមឆ្នាំ​២០៣០ ព្រមទាំង​បាន​បញ្ឈប់​ទាំងស្រុង​នូវ​ការ​បង្កើត​រោងចក្រ​ដំណើរ​ការ​ដោយ​ថាមពល​ធ្យូងថ្ម ដោយ​ជំនួស​មកវិញ​នូវ​គម្រោង​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ »។ 
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញ​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍ ដែលត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​ជា​កញ្ចប់ សម្រាប់​លើកទឹកចិត្ត និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ផងដែរ។ សម្តេច ជឿជាក់ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា-UAE ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​កើនឡើង​បន្ថែមទៀតរវាងប្រទេសទាំងពីរ។ 
 
សម្តេច​ ក៏​បាន​លើក​ទឹកចិត្ត​ដល់លោក​ឯកអគ្គរាជទូត​ បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយក្រសួង-ស្ថាប័ន​កម្ពុជា ជាពិសេស​បន្ត​ជំរុញ​កិច្ចសហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វិស័យ​សក្ដានុពលផ្សេងៗទៀត។ 
 
គួររំឭកថា កម្ពុជា និង ​អេមីរ៉ាត​អារ៉ាប់​រួម បានចុះហត្ថលេខាលើ​ព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ(CEPA) ដោយលោក ប៉ាន សូរស័ក្ត អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិក្រោមអធិបតីភាព សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៨មិថុនាឆ្នាំ២០២៣។​ 
 
រដ្ឋាភិបាលប្រទេសទាំងពីរសម្រេចបង្កើតកិច្ចព្រមព្រៀងនេះឡើង ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវលំហូរពាណិជ្ជកម្មទំនិញនិងសេវា វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម។ ជាពិសេស គឺជំរុញការវិនិយោគ, បង្កើនការធ្វើពាណិជ្ជកម្មឌីជីថល, ការពារកម្មសិទ្ធិបញ្ញា, និងបង្កើនការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងខ្សែច្រវាក់តម្លៃសកល តាមរយៈការអនុវត្តប្រកបដោយតម្លាភាព ជាមួយនឹងឧបាស្រ័យពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទ។
 
Cambodia-UAE CEPA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី៣ ក្នុងកម្រិតទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលបានចូលធរមានកាលពីថ្ងៃទី១មករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េខាងត្បូង កាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០២២៕

Tag:
 ពាណិជ្ជកម្ម
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com