សង្គមអន្តរជាតិ​
អន្តរជាតិ
មន្រ្តីថា ថៃទំនងប្តូរទីតាំងរាជធានីដោយសារ​បម្រែបម្រួលអាកាសធាតុ
16, May 2024 , 9:29 pm        
រូបភាព
ទឹកជំនន់នៅទីក្រុងបាងកកលើផ្លូវមួយកន្លែង ។ រូបភាព ៖ Xinhua
ទឹកជំនន់នៅទីក្រុងបាងកកលើផ្លូវមួយកន្លែង ។ រូបភាព ៖ Xinhua
រដ្ឋាភិបាលថៃ អាចពិចារណាលើការផ្លាស់ទីតាំងរាជធានីបាងកក ដោយសារទឹកភ្លៀងជន់លិចទីក្រុងជារៀងរាល់ឆ្នាំ និងកម្ពស់ទឹកសមុទ្រកើនឡើង។ នេះបើតាមសារព័ត៌មាន The Thaiger។


មន្រ្តីជាន់ខ្ពស់ថៃមួយរូប នៅថ្ងៃទី១៥ ខែឧសភា បានលើកឡើងពីភាពចាំបាច់ដែល ថៃអាចផ្លាស់ប្តូររាជធានីបាងកក ដោយសារការគំរាមកំហែងពីកម្រិតទឹកសមុទ្រកើនឡើង ដែលបង្កពីការប្រែប្រួលអាកាសធាតុ។ 
 
លោក Pavich Kesavawong អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងបរិស្ថានថៃបាននិយាយថា មានការព្យាករជាច្រើនបង្ហាញថារាជធានីបាងកកស្ថិតនៅក្នុងតំបន់ទំនាប ហើយប្រឈមនឹងហានិភ័យនៃការលិចលង់ដោយទឹកសមុទ្រនៅមុនដំណាច់សតវត្សនេះ។ តំបន់ភាគច្រើននៅក្នុងទីក្រុងបាងកក ក៏ប្រឈមមុខការជន់លិចក្នុងរដូវវស្សាដែរ។
 
បើតាមលោកPavich Kesavawong សីតុណ្ហភាពពិភពលោកបានកើនឡើងលើសពី ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្មចាប់ផ្តើម ហើយប្រសិនបើអ្វីៗនៅតែបន្តបែបនេះ ទីក្រុងបាងកកអាចនឹងលិចលង់ដោយទឹកសមុទ្រ។ ដូច្នេះ​ហើយ បច្ចុប្បន្ន​ជា​ពេល​គិតគូរ​ពី​ការ​សម្រប​ខ្លួន។
 
មន្រ្តីរូបនេះ បានបន្តថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងសិក្សាវិធានការនានារួមទាំងការសាងសង់ទំនប់ទឹកដែលយកគំរូស្រដៀងហូឡង់។ លើសពីនេះ រដ្ឋាភិបាលក៏កំពុងពិចារណាលើផែនការផ្លាស់ប្តូរទីតាំងរាជធានីផងដែរ ប៉ុន្តែនេះជាបញ្ហាស្មុគស្មាញ ហើយត្រូវការពិភាក្សាច្រើន។
 
ទោះបីជាការផ្លាស់ប្តូរទីតាំងរាជធានី ជារឿងដ៏វែងឆ្ងាយមុនឈានដល់ការអនុម័ត  តែនេះមិនមែនជារឿងដែលមិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍នោះទេ។ ឥណ្ឌូណេស៊ី កំពុងរៀបចំរដ្ឋធានីថ្មី នូសានតារា ដោយជំនួសទីក្រុងហ្សាការតាដែលកំពុងត្រូវបានបំពុលបរិស្ថាន និងគំរាមកំហែងដោយទឹកសមុទ្រ។ 
 
គួរបញ្ជាក់ថា ​ថៃកំពុង​ទទួល​រង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​ខ្លាំង ខណៈ​កសិករ​តស៊ូ​ជាមួយ​នឹង​កំដៅ និង​គ្រោះរាំងស្ងួត ស្រប​អាជីវកម្ម​ទេសចរណ៍​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែពណ៌​ផ្កាថ្ម និង​ការបំពុលជាដើម។ ថៃ​មាន​បំណង​ធ្វើ​ឱ្យ​មាន​កាបូន​អព្យាក្រឹត​ត្រឹម​ឆ្នាំ​ ២០៥០៕

Tag:
 ថៃ
  ទីក្រុង
  បាងកក
© រក្សាសិទ្ធិដោយ thmeythmey.com