កីឡាអន្តរជាតិ
អន្តរជាតិ
Bayern ព្យាយាមរក្សាលោក Tuchel ក្រោយមិនអាចរកអ្នកជំនួសបាន
17, May 2024 , 8:29 am        
រូបភាព
ក្លិប Bayern Munich បានបង្ហាញជំហក្នុងការបញ្ចុះបញ្ចូលលោក Thomas Tuchel ឱ្យបន្តដឹកនាំក្រុមបន្តទៀតសម្រាប់រដូវកាលក្រោយ បន្ទាប់ពីការស្វែងរកអ្នកជំនួសតំណែងដឹកនាំក្រុម តែងត្រូវបានបដិសេធ។ លោក Tuchel ធ្លាប់បានប្រកាសចាកចេញពីក្រុម ក្រោយពេលបញ្ចប់រដូវកាល ២០២៣-២៤ បន្ទាប់ពីដឹកនាំមិនបានល្អ។


រដូវកាល ២០២៣-២៤ ជារដូវកាលដ៏អាក្រក់មួយ សម្រាប់ Bayern Munich ដោយពួកគេបានរបូតរាល់ពានរង្វាន់ទាំងអស់ដែលត្រូវប្រជែង។ កាលពីពេលថ្មីនេះ Bayern ត្រូវបានក្រុម Real Madrid ទម្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League លទ្ធផលសរុបទាំង ២ជើង ៤-៣។
 
យ៉ាងណាបន្ទាប់ពីការប្រកាសចាកចេញរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ក្លិប Bayern Munich ពិបាកក្នុងការស្វែងរកអ្នកជំនួសតំណែងនេះ ដោយតែងតែត្រូវបានបដិសេធ។
 
បើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ទស្សនាវដ្តី Kicker និង Sky TV កាលពីថ្ងៃទី១៥ ប្រធានផ្នែកកីឡាលោក Max Eberl និង Christoph Freund ត្រូវបានគេឃើញថាបានជជែងគ្នាជាមួយនឹងលោក Tuchel ចំពោះការសម្រេចចិត្តដែលធ្លាប់បានប្រកាសចាកចេញកាលពីខែកុម្ភៈ។ ការជជែកក៏ត្រូវបានគេដឹងថាមានឧបសគ្គជាច្រើនបានរារាំង។
 
កិច្ចសន្យារបស់លោក Tuchel នៅក្លិបយក្សអាល្លឺម៉ង់ នឹងត្រូវផុតកំណត់ត្រានៅក្នុងឆ្នាំ ២០២៥។ បេក្ខភាពជួរមុខមួយចំនួនដូចជាលោក Jurgen Klopp ដែលប្រកាសចាកចេញពីការដឹកនាំក្រុម Liverpool ធ្លាប់អះអាងថាលោក ត្រូវបានការពេលវេលាសម្រាក់ពីបាល់ទាត់ ១ឆ្នាំ។ កន្លងមក ក្រោយការប្រកួតទល់ Real Madrid បានបញ្ចប់ លោក Tuchel ក៏ធ្លាប់បានបង្ហើបថាបើកឱកាសក្នុងការបន្តដឹកនាំក្រុមផងដែរ។
 
កាលពីថ្ងៃទី១៥ ខែឧសភា ដដែលទៀតសោត ភ្នាក់ងាររបស់លោក Tuchel ក៏ត្រូវបានគេប្រទះឃើញជជែកជាមួយនឹងលោក Jan Christian Dreesen នាយកក្លិប Bayern Munich។ អ្នកគាំទ្រ Bayern Munich មួយចំនួនក៏បានបង្ហាញការគាំទ្រដល់លោក Tuchel ឱ្យបន្តដឹកនាំក្រុមរដូវកាលក្រោយ។
 
Bayern Munich ទៀតសោតក៏ត្រូវបានគេផ្សាយថាបានទាក់ទងលោក Ralf Rangnick គ្រូបង្វឹកក្រុមអូទ្រីសមកដឹកនាំក្រុមបន្ត ប៉ុន្តែអតីតអ្នកចាត់ការបណ្តោះអាសន្ន Mancheter United បដិសេធ។ មួយវិញទៀតលោក Julian Nagelsmann បានបន្តកិច្ចសន្យាជាមួយជម្រើសជាតិអាល្លឺម៉ង់ ខណៈលោក Unai Emery ដែលដឹកនាំក្រុម Aston Villa បានយ៉ាងល្អរដូវកាលនេះ ក៏បានបន្តកិច្ចសន្យាដឹកនាំក្រុមអង់គ្លេស។
 
លើសពីនេះមានរបាយការណ៍ថា Bayern Munich បានទាក់ទង់អតីតគ្រូបង្វឹកក្រុម Wolfsburg លោក Oliver Glasner ដែលបច្ចុប្បន្នដឹកនាំក្រុម Crystal Palace ព្រមទាំងលោក Julen Lopetegui អតីតគ្រូបង្វឹក Real Madrid និង Sevilla ជាដើម៕

Tag:
 Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com