FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
AFC គាំទ្រសំណើប៉ាឡេស្ទីន ផ្អាកក្រុមបាល់ទាត់អុីស្រាអែលពី FIFA
17, May 2024 , 2:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) គាំទ្រចំពោះសំណើរបស់ប៉ាឡេស្ទីនក្នុងការព្យួរអ៊ីស្រាអែល ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយសារតែសង្គ្រាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ AFC ប្រកាសដូច្នេះនៅឯសមាជ FIFA លើកទី៧៤ នៅក្រុងបាងកក ប្រទេសថៃ។


ប្រធាន AFC លោក Sheikh Salman bin Ebrahim Al Khalifa បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះចលនារបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) ដែលស្វែងរកកា «អនុម័តទណ្ឌកម្ម» ប្រឆាំងនឹងក្រុមបាល់ទាត់អ៊ីស្រាអែល នៅ FIFA។
 
លោក Sheikh Salman បានប្រាប់ក្រុមប្រតិភូដែលចូលរួមសមាជ FIFA ថា៖«AFC មានឥទ្ធិពល ហើយនៅពេលដែលសមាជិកណាម្នាក់រងទុក្ខ សមាជិកផ្សេងទៀត ក៏ត្រូវរងផលប៉ះពាល់ដែរ។ AFC ឈររួមគ្នាជាមួយប៉ាឡេស្ទីន និងចូលរួមស្វែងរកដំណោះស្រាយដែលទាក់ទងនឹងបាល់ទាត់ប្រកបដោយប្រសិទ្ធភាពចំពោះការលំបាកដែល PFA បានដាក់សំណើរប្រឆាំងនឹងអ៊ីស្រាអែល ស្របតាមលក្ខន្តិកៈរបស់ AFC និង FIFA»។

លោក Sheikh Salman bin Ebrahim Al Khalifa ប្រធាន AFC

PFA បានបញ្ជូនសំណើរដាក់ទណ្ឌកម្មក្រុមបាល់ទាត់អ៊ីស្រាអែល ទៅកាន់ FIFA នៅថ្ងៃទី១១ ខែមីនា។ សំណើរនេះ នឹងត្រូវយកទៅពិភាក្សាក្នុងអំឡុងសមាជ FIFA លើកទី៧៤ នៅបាងកក ស្របពេលសំណើរនេះ ក៏មានការគាំទ្រពីសហព័ន្ធអាល់ហ្សេរី ហ្សកដានី ស៊ីរី និងយេម៉ែនផងដែរ។
 
នាសមាជ FIFA នៅថ្ងៃទី១៦ ខែឧសភា គណៈប្រតិភូ AFC បានឈរស្ងៀមមួយនាទី ដើម្បីរំលឹកដល់ជនរងគ្រោះក្នុងសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា និងបានបង្ហាញវីដេអូរបស់ PFA ដែលបង្ហាញពីការបំផ្លិចបំផ្លាញ បង្កឡើងដោយកងកម្លាំងអ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីន ដែលបណ្តាលឱ្យមនុស្ស១២០០ស្លាប់ និងរាប់រយនាក់ទៀតត្រូវចាប់ជាចំណាប់ខ្មាំង។
 
ជុំវិញករណីនេះ ប្រធាន FIFA លោក Gianni Infantino បានលើកឡើងបញ្ហាទៅកាន់គណៈប្រតិភូ ដោយលោកបានអំពាវនាវឱ្យមានការរួបរួម តាមរយៈការចូលរួមដោះស្រាយបញ្ហាទាំងក្នុង និងក្រៅកីឡា៕

Tag:
 ហ្គាហ្សា
  FIFA
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com