អន្តរជាតិ
របបក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល គ្រានាយករដ្ឋមន្ត្រីកម្ពុជាកំពុងស្ថិតនៅទីក្រុងសេអ៊ូល
18, May 2024 , 12:00 pm        
រូបភាព
ដោយ៖ ហាន ណូយ
 
កូរ៉េខាងជើង​ បានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយ ឆ្ពោះទៅកាន់សមុទ្រខាងកើត នាថ្ងៃសុក្រ ទី១៧ឧសភា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន YonHap ដែលដកស្រង់សម្តីយោធាកូរ៉េខាងត្បូង។ ការ​បាញ់​បង្ហោះ​នេះ​បាន​កើត​ឡើង​ ខណៈនាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន ម៉ាណែត កំពុង​ស្ថិត​ក្នុង​ទីក្រុង​សេអ៊ូល។
YonHap បានរាយការណ៍ថា ការបាញ់បង្ហោះនេះធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុមុនមួយកាលពីថ្ងៃទី២២ ខែមេសា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងធំ ៦០០ មីលីម៉ែត្រ ដែលគេជឿថានេះ ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ចូលទៅក្នុងសមុទ្រខាងកើត។ ចំពោះ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងមិ្សលមិញនេះ ធ្វើឡើងស្របពេលកិច្ចប្រជុំកំពូលដែលរៀបចំដោយសម្តេចហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅទីក្រុងសេអ៊ូល។
 
សម្តេច ហ៊ុន ម៉ាណែត ទៅដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​សម្តេច ហ៊ុន ម៉ាណែត នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣។
 
ក្នុង​ជំនួប​កំពូល​នេះ ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​ លើ​សារៈសំខាន់​នៃ​កូរ៉េខាងជើង​ដែល​ប្រកាន់ខ្ជាប់​នូវ​សេចក្តីសម្រេចផ្សេងៗ​របស់​អង្គការសហប្រជាជាតិ។«ភាគីទាំងពីរបានអំពាវនាវឱ្យកូរ៉ខាងជើងគោរពតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសង្កត់ធ្ងន់អំពីសារសំខាន់នៃកិច្ចសន្ទនា ដោយសន្តិវិធីដើម្បីសម្រេចបាននូវសន្តិភាពនិ ងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទីក្រុងភ្នំពេញនិងក្រុងសេអ៊ូល កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
 
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា៖«ដើម្បីសម្រេចគោលដៅនេះ ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើម Audacious Initiative របស់កូរ៉េខាងត្បូង ដែលមានបំណងសម្រេចឱ្យបាននូវឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លែអ៊ែ មានសន្តិភាព និងវិបុលភាព នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
 
ព្រឹត្តិការណ៍ទាំងនេះ បញ្ជាក់ពីភាពតានតឹងដែលកំពុងបន្តកើតមាននៅក្នុងតំបន់ និងការខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយបញ្ហា។
 
បើតាមលោក ស៊ឺន សម អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងមិនមែនជារឿងថ្មី និងថាករណីនេះបានកើតឡើងញឹកញាប់។ លោកបានលើកឡើងថា របបកូរ៉េខាងជើងក៏ធ្លាប់បាញ់សាកល្បងមីស៊ីលនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ គ្រោនោះ ក៏បានថ្កោលទោសទីក្រុងព្យុងយ៉ាងចំពោះសកម្មភាពគគ្លើនរបស់ខ្លួន ផងដែរ។
 
«អ៊ីចឹងចំពោះការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងនាពេលនេះ គឺអត់មានអ្វីចម្លែកទេ ពីព្រោះវាជាទម្លាប់ហើយក៏ជាទង្វើមួយកើតមានឡើងញឹកញាប់ មិនថាថ្នាក់ដឹកនាំប្រទេសណាទៅទស្សនកិច្ចនៅកន្លែងណាទេគឺឱ្យតែគាត់ត្រូវធ្វើតេស្តគឺគាត់ធ្វើតេស្តហើយខាងកូរ៉េខាងជើង»។ នេះជាការរៀបរាប់របស់លោក  ស៊ឺន សម  ដែលបានបញ្ជាក់ថា ៖ « ពីព្រោះកូរ៉េខាងជើង មិនបានស្តាប់ទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយប្រទេសជាមិត្តរបស់គាត់មួយចំនួនក៏បានផ្តល់អនុសាសន៍ ឬក៏ចចារ ណែនាំយ៉ាងម៉េច គឺគាត់មិនបានគោរពតាមដែរ។ សំខាន់ឱ្យតែគាត់យល់ថាវាមានប្រយោជន៍សម្រាប់ប្រទេសគាត់ គឺកូរ៉េខាងជើងគាត់ធ្វើតេស្តហើយ»។
 
សម្រាប់​លោក ឯក​ ប៊ុនលី អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ យល់ថាសេចក្តីថ្លែងការណ៍រួមរវាងទីក្រុងភ្នំពេញ និងទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ ជាសញ្ញាថាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកូរ៉េខាងត្បូងទាំងក្នុងវិស័យរសើប ដូចជាសន្តិសុខផងដែរ។ លោកមើលឃើញថា ៖«សេចក្តីថ្លែងការណ៍នេះ ក៏ជាសញ្ញាមួយដល់ទីក្រុងព្យុងយ៉ាងថា វិធីសាស្រ្តផ្សងព្រេងនៅក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន មិនសមស្របនឹងរដ្ឋាភិបាលកម្ពុជាទេ ហើយវាអាចប៉ះពាល់ដល់ទំនាក់ទំនងភ្នំពេញ-ព្យុងយ៉ាងក្នុងរយៈពេលយូរ»។
 
ជាមួយគ្នានេះ លោក​ សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រានយោបាយអន្តរជាតិនៅអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នឹងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនកាន់តែយ៉ាប់យ៉ឺនជាមួយប្រទេសដែលធ្លាប់ជិតដិតដូចជាកម្ពុជា៕ 

© រក្សាសិទ្ធិដោយ thmeythmey.com