សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ ៖ អង្ករនៅសល់ពីអាណត្តិលោកស្រីយីងឡាក់ មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់
21, May 2024 , 8:29 pm        
រូបភាព
អង្ករថៃរក្សាទុករយៈពេល ១០ឆ្នាំក្នុងឃ្លាំង។ រូបភាព ៖ X/Thai Enquirer
អង្ករថៃរក្សាទុករយៈពេល ១០ឆ្នាំក្នុងឃ្លាំង។ រូបភាព ៖ X/Thai Enquirer
នាយកដ្ឋានវិទ្យាសាស្ត្រនៃក្រសួងសុខាភិបាលថៃ ទើបតែបានប្រកាសលទ្ធផលនៃការធ្វើតេស្តសំណាកអង្ករពីក្រសួងពាណិជ្ជកម្មដោយបញ្ជាក់ថា អង្ករដែលនៅក្នុងស្តុក ១០ឆ្នាំក្រោមកម្មវិធីឧបត្ថម្ភធនស្រូវរបស់អតីតនាយកមន្រ្តីលោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់ មិនមានផ្ទុកសារធាតុពុល និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។
 
លោក​បណ្ឌិត Yongyos Thammawut ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បង្ហាញ​លទ្ធផល​តេស្ត​លើ​សំណាក​អង្ករ​ដែល​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា។ ការធ្វើតេស្តមានគោលបំណងកំណត់អត្តសញ្ញាណសំណល់គីមី ការចម្លងរោគផ្សិត និងវាយតម្លៃគុណភាពអាហារូបត្ថម្ភរបស់អង្ករដោយប្រើស្តង់ដារគុណភាពដែលបានបញ្ជាក់ ISO/IEC 17025 ត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍លំដាប់ពិភពលោក ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមមន្ទីរពិសោធន៍កំពូលទាំង៥នៅលើពិភពលោក និងទី៣នៅអាស៊ី។
 
បើតាមលោក​ Yongyos ការធ្វើតេស្តសុវត្ថិភាពបានរកឃើញថា មិនមានដាននៃសារធាតុ Mycotoxins បន្ទាប់ពីការធ្វើតេស្តជាច្រើនដង។ សារធាតុ Mycotoxins អាចបង្កឱ្យប៉ះពាល់សុខភាព ហើយអាចឈានដល់ជំងឺមហារីកថែមទៀត។ 
 
ចំណែកការវិភាគលើដែនកំណត់សុវត្ថិភាព ​និងអាហារូបត្ថម្ភបានបានបង្ហាញនូវឲ្យឃើញថា មានបរិមាណកាបូអ៊ីដ្រាត ឬសារធាតុចិញ្ចឹមផ្សេងទៀត ដូចទៅនឹងអង្ករដែលដាក់លក់លើទីផ្សារធម្មតា។ អង្ករនៅតែរក្សាបាននូវតម្លៃអាហារូបត្ថម្ភរបស់វា និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។
 
គួរបញ្ជាក់ថា ការធ្វើតេស្តសំណាកអង្ករខាងលើធ្វើឡើងនៅពេលរដ្ឋាភិបាលថៃ ចង់លក់អង្ករទាំងអស់ដែលមានក្នុងស្តុកសល់រយៈពេល ១០ឆ្នាំ ក្រោមកម្មវិធីឧបត្ថម្ភធនស្រូវរបស់អតីតនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត់ ដើម្បីប្រមូលលុយចូលរតនាគារវិញ។
 
កម្មវិធី​ឧបត្ថម្ភធន​តម្លៃ​ស្រូវ​របស់​រដ្ឋបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី យីងឡាក់ បាន​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ ៥០ភាគរយ។ គោលនយោបាយនេះត្រូវបានគាំទ្រដោយកសិករ ប៉ុន្តែមានការរិះគន់ថាគោលនយោបាយនេះធ្វើឱ្យរដ្ឋខាតបង់ប្រហែល ៧-៨ពាន់លានដុល្លារ៕
 

Tag:
 ថៃ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com