អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាមប្តេជ្ញាជាថ្មីគោរពគោលនយោបាយចិនតែមួយ ក្នុងថ្ងៃតៃវ៉ាន់មានប្រធានាធិបតីថ្មី
21, May 2024 , 5:59 pm        
រូបភាព
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី  Pham Thu Hang។ រូបភាព ៖ Bao Quoc te
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបភាព ៖ Bao Quoc te
ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២០ ខែឧសភា បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តគោរពគោលនយោបាយចិនតែមួយ ហើយចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីចិន។
 
«ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់តៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីចិន វៀតណាមរក្សានិងអភិវឌ្ឍទំនាក់ទំនងប្រជាជន មិនមែនរដ្ឋាភិបាលជាមួយតៃវ៉ាន់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៍ ការអប់រំ ... ដោយមិនអភិវឌ្ឍទំនាក់ទំនងកម្រិតរដ្ឋណាមួយជាមួយតៃវ៉ាន់ទេ»។ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម  បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយនៅថ្ងៃទី២០ ខែឧសភា។ 
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោកស្រី Hang ថា វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក។ 
 
ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលលោក William Lai អាយុ៦៤ឆ្នាំ ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ បានស្បថចូលកាន់តំណែងជំនួសលោកស្រី Tsai Ing-wen ដែលបានដឹកនាំកោះនេះអស់រយៈពេល ៨ឆ្នាំកន្លងមក។ 
 
នៅចុងខែធ្នូឆ្នាំ២០២៣ នៅពេលដែលប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានធ្វើទស្សនកិច្ចទៅកាន់វៀតណាម ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិនដោយបានបញ្ជាក់ថា «ភាគីវៀតណាមបានអះអាងឡើងវិញនូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយប្រឆាំងដាច់ខាតចំពោះសកម្មភាពបែងចែកតៃវ៉ាន់ឯករាជ្យតាមទម្រង់ណាមួយ»។ នេះបើតាមសារព័ត៌មាន VOA ជាភាសាវៀតណាម។  
 
ភ្លាមៗនោះ ទីក្រងតៃប៉ិបានថ្កោលទោសសេចក្តីថ្លែងការណ៍ខាងលើ ហើយបានអំពាវនាវដល់ទីក្រុងហាណូយ កុំធ្វើតាមពាក្យព្យាបាទរបស់ចិន ដែលមានបំណងកាត់បន្ថយអធិបតេយ្យភាពរបស់តៃវ៉ាន់។
 
ក្រសួងការបរទេសតៃវ៉ាន់ បញ្ជាក់ជាថ្មីថា សាធារណៈរដ្ឋចិន (តៃវ៉ាន់) ជាប្រទេសឯករាជ្យ អធិបតេយ្យភាព ហើយថា សាធារណរដ្ឋចិន (តៃវ៉ាន់) ឬសាធារណៈរដ្ឋប្រជាមានិតចិន (ចិន) មិនពឹងផ្អែកលើគ្នាទៅវិញទៅមកឡើយ។ នេះជាការពិតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្ថានភាពបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ការចោទប្រកាន់ដែលបំភ្លៃអំពីស្ថានភាពអធិបតេយ្យភាពរបស់តៃវ៉ាន់មិនអាចផ្លាស់ប្តូរការពិត ឬផ្លាស់ប្តូរស្ថានភាពនេះបានទេ។
 
បច្ចុប្បន្ន តៃវ៉ាន់ជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់វៀតណាម។ យោងតាមស្ថិតិរបស់វៀតណាមក្នុងឆ្នាំ២០២៣ ទុនវិនិយោគពីតៃវ៉ាន់នឹងកើនឡើងដល់ ២,២ពាន់លានដុល្លារជាមួយនឹងគម្រោងជិត ៣២០០គម្រោង និងដើមទុនចុះបញ្ជីសរុបជាង ៣៩,៥ពាន់លានដុល្លារ។
 
អាម៉េរិក ដែលជាប្រទេសមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែជាប្រទេសផ្គត់ផ្គង់ និងគាំទ្រអាវុធដ៏សំខាន់បំផុតរបស់កោះនោះ កាលពីថ្ងៃទី ២០ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍អបអរសាទរលោក Lai ដោយនិយាយថា ភាគីទាំងពីរមានបំណងសហការដើម្បីរក្សាសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
 
រហូតមកដល់ពេលនេះ ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីរបស់ខ្លួន ហើយសុខចិត្តប្រើគ្រប់វិធានការដើម្បីបង្រួបបង្រួមកោះនេះ។ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែចាត់ទុកលោក William Lai ជាអ្នកបំបែកខ្លួន និងជាអ្នកបង្កបញ្ហា។
 
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២០ ខែឧសភា បានបញ្ជាក់ថា បញ្ហានយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់ មិនអាចផ្លាស់ប្តូរការពិត ដែលកោះនេះជាផ្នែកមួយរបស់ចិន៕
 

Tag:
 តៃវ៉ាន់
  វៀតណាម
  ចិនតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com