សង្គមអន្តរជាតិ​
អន្តរជាតិ
ហេតុការណ៍ Singapore Airlines បង្ហាញសារសំខាន់នៃការដាក់ខ្សែក្រវាត់ពេលជិះយន្តហោះ
22, May 2024 , 4:29 pm        
រូបភាព
អ្នកដំណើររង់ចាំចុះពីយន្តហោះ បន្ទាប់ពីចុះចតបន្ទាន់នៅថៃ។ រូបភាព ៖ AFP
អ្នកដំណើររង់ចាំចុះពីយន្តហោះ បន្ទាប់ពីចុះចតបន្ទាន់នៅថៃ។ រូបភាព ៖ AFP
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រូវបានចាត់ទុកថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុត ដោយសារកំណត់ត្រាក្រុមហ៊ុននេះមិនដែលមានគ្រោះថ្នាក់ធំណាមួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ដូច្នេះហើយ គ្រោះថ្នាក់​នៅថ្ងៃទី​២១ ខែឧសភា បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់មនុស្សភាគច្រើន​​។
 
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។
 
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២១ ខែឧសភា យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវចុះចតជាបន្ទាន់នៅទីក្រុងបាងកកដោយសារខ្យល់ព្យុះបោកបក់ខ្លាំង។ ឧបទ្ទវហេតុ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស និង​យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​​Reuters ភ្លាមៗនៅពេលដែលពួកគេជួបប្រទះខ្យល់កន្រ្តាក់នៅលើអាកាស បុគ្គលិកជើងហោះហើរលេខ SQ321 ភ្លាមៗបានប្រាប់អ្នកដំណើរឱ្យរឹតបន្តឹងខ្សែក្រវ៉ាត់សុវត្ថិភាពរបស់ពួកគេ។
 
ទិន្នន័យពី Flightradar24 បង្ហាញថា ជើងហោះហើរពីទីក្រុងឡុងដ៍ ទៅកាន់សិង្ហបុរី បានជួបប្រទះខ្យល់កន្រ្តាក់យ៉ាងខ្លាំងអស់រយៈពេលជាង១នាទី ខណៈកំពុងហោះហើរលើប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈកម្ពស់ ១១៣០០ម៉ែត្រ ដែលបណ្តាលឱ្យយន្តហោះញ័រឡើងលើ ចុះក្រោមជាច្រើនដង។

រូបភាព ​៖ Standard 

សេវាកម្មព្យាករណ៍អាកាសធាតុ AccuWeather បាននិយាយថា ទិន្នន័យផ្កាយរណប និងផ្លេកបន្ទោរបង្ហាញពីព្យុះផ្គររន្ទះនៅជិតផ្លូវហោះហើរ ដែលអាចទុកពេលឱ្យអ្នកបើកយន្តហោះមានប្រតិកម្មតិចតួច។
 
នាយកប្រតិបត្តិក្រុមហ៊ុន Singapore Airlines លោក Goh Choon Phong បានប្រកាសថា យន្តហោះបានជួបប្រទះខ្យល់ព្យុះខ្លាំង និងមិននឹកស្មានដល់។
 
«ការរំខាននៅលើផ្ទៃមេឃស្រឡះគឺមើលមិនឃើញ ហើយស្ទើរតែមិនអាចរកឃើញជាមួយនឹងបច្ចេកវិទ្យាបច្ចុប្បន្ន។ ដូច្នេះវាកាន់តែមានសារៈសំខាន់សម្រាប់អ្នកដំណើរក្នុងការពាក់ខ្សែក្រវាត់គ្រប់ពេលដែលពួកគេអង្គុយ។ វាជាបញ្ហានៃជីវិត និងការស្លាប់»។ លោកស្រី Sara Nelson ប្រធានសមាគមអ្នកបម្រើលើយន្តហោះអន្តរជាតិ CWA បាននិយាយបែបនេះ។ 
 
សមាគមអ្នកបើកយន្តហោះ Airline (ALPA) ដែលតំណាងឱ្យអ្នកបើកយន្តហោះជាង ៧៧០០០នាក់នៅក្រុមហ៊ុនអាកាសចរណ៍ ៤១របស់អាម៉េរិក និងកាណាដា បានឲ្យដឹងដែរថា មធ្យោបាយសុវត្ថិភាពបំផុតសម្រាប់អ្នកដំណើរដើម្បីការពារខ្លួនគឺត្រូវប្រាកដថាខ្សែក្រវាត់សុវត្ថិភាពរបស់ពួកគេត្រូវបានរឹតបន្តឹងគ្រប់ពេលវេលា។
 
ការសិក្សាឆ្នាំ២០២១ ដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក បាននិយាយថា គ្រោះថ្នាក់អាកាសចរណ៍ដែលពាក់ព័ន្ធនឹងភាពខ្យល់កន្រ្ទាក់ គឺជាប្រភេទគ្រោះថ្នាក់ទូទៅបំផុត។ ថ្មីៗនេះ នៅក្នុងខែមីនា ឆ្នាំ២០២៤ យន្តហោះ Boeing BA.N 787 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ LATAM ស្រាប់តែជួបបញ្ហាស្រដៀងគ្នានេះនៅពាក់កណ្តាលជើងហោះហើរ បណ្តាលឲ្យមនុស្សជាង ៥០នាក់រងរបួស៕

© រក្សាសិទ្ធិដោយ thmeythmey.com