អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រទេសអឺរ៉ុប៣​ ប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ
22, May 2024 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអៀរឡង់ Simon Harris ។ រូបភាព ៖ AP
នាយករដ្ឋមន្ត្រីអៀរឡង់ Simon Harris ។ រូបភាព ៖ AP
មេដឹកនាំនៃប្រទេសន័រវែស អេស្បាញ និងអៀរឡង់ នៅថ្ងៃទី២២ ខែឧសភា បានប្រកាសក្នុងពេលដំណាលគ្នាថា ប្រទេសរបស់ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
 
នៅក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីអូស្លូ នាថ្ងៃទី២២ ខែឧសភា នាយករដ្ឋមន្ត្រី ន័រវែស លោក Jonas Gahr Store បានប្រកាសថា ន័រវែសនឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋចាប់ពីថ្ងៃទី២៨ ខែឧសភា បើទោះបីជាមានការព្រមានពីរដ្ឋាភិបាលអ៊ីស្រាអែលក៏ដោយ។  នេះបើយោងតាមសារព័ត៌មាន ​​AFP ។
 
ទន្ទឹមនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសថា ក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ប្រទេសនេះ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យនៅថ្ងៃទី២៨ ខែឧសភា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ​​Reuters ។
 
នៅថ្ងៃដដែល នាយករដ្ឋមន្ត្រីអៀរឡង់ លោក Simon Harris បានប្រកាសថា ប្រទេសនេះនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយលោកសង្ឃឹមថាប្រទេសផ្សេងទៀតនឹងចូលរួមជាមួយអៀរឡង់ អេស្ប៉ាញ និងន័រវែស ដើម្បីបង្ហាញការគាំទ្រស្រដៀងគ្នានេះនៅក្នុងសប្តាហ៍ខាងមុខ។
 
«ថ្ងៃនេះ អៀរឡង់ ន័រវែស និងអេស្ប៉ាញបានប្រកាសថា យើងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ឥឡូវនេះ យើងម្នាក់ៗនឹងចាត់វិធានការណាក៏ដោយដែលចាំបាច់នៅថ្នាក់ជាតិ ដើម្បីផ្តល់ប្រសិទ្ធភាពដល់ការសម្រេចចិត្តនោះ។ ខ្ញុំមានទំនុកចិត្តថា ប្រទេសជាច្រើនទៀតនឹងចូលរួមជាមួយយើងក្នុងការបោះជំហានដ៏សំខាន់នេះនៅក្នុងសប្តាហ៍ខាងមុខនេះ»។ នាយករដ្ឋមន្ត្រី Harris បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។
 
ជាការឆ្លើយតបទៅនឹងចំណាត់ការខាងលើរបស់ ន័រវែស និងអៀរឡង់ អ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីប្រទេសទាំងពីរនេះ ដើម្បីតវ៉ាចំពោះចំណាត់ការរបស់រដ្ឋាភិបាលទាំងពីរក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ នេះបើយោងតាម ​​AFP ។ 
 
«ថ្ងៃនេះ ខ្ញុំផ្ញើសារទៅកាន់អៀរឡង់ និងន័រវែស៖ អ៊ីស្រាអែលនឹងមិនព្រងើយកន្តើយចំពោះបញ្ហានេះដោយស្ងៀមស្ងាត់នោះទេ។ ខ្ញុំទើបតែបានបញ្ជាឱ្យបញ្ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែលពីទីក្រុងឌុយប្លាំង និងអូស្លូ ត្រឡប់ទៅប្រទេសដើម្បីពិគ្រោះបន្ថែមនៅទីក្រុងហ្ស៊េរុយសាឡិម»។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បានសង្កត់ធ្ងន់នៅក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ។
 
កន្លងមក មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានចេញសេចក្តីសម្រេចមួយ គាំទ្រប៉ាឡេស្ទីនស្នើចូលជាសមាជិកអង្គការសហប្រជាជាតិ ហើយផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតគាំទ្រ៕ 

Tag:
 អឺរ៉ុប
  ប៉ាឡេស្ទីន
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com