ជាតិ
កសិកម្ម ទេសចរណ៍ ​​ជល​ផល​ និងធនធាន​រ៉ែ ជាវិស័យសក្តានុពលសម្រាប់ខេត្តក្រចេះ
25, May 2024 , 11:59 am        
រូបភាព
រួបតំណាង៖ សត្វផ្សោតដែលស្ថិត«អន្លង់ផ្សោតកាំពី»​ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅទន្លេមេគង្គលើ ខេត្តក្រចេះ។ រូបថត៖ WWF
រួបតំណាង៖ សត្វផ្សោតដែលស្ថិត«អន្លង់ផ្សោតកាំពី»​ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនៅទន្លេមេគង្គលើ ខេត្តក្រចេះ។ រូបថត៖ WWF
ដោយ៖ ញ៉ សុខហឿន
 
​ខេត្តក្រចេះ ជាខេត្តមួយដែលមានសក្តានុពលល្អប្រសើរទាំងវិស័យកសិកម្ម  ទេសចរណ៍ ​​ជល​ផល​ និងធនធានធម្មជាតិរ៉ែ។ ខេត្តក្រចេះ មា​នប្រជាជនរស់នៅប្រមាណ ៤៤ម៉ឺននាក់ គិតត្រឹមឆ្នាំ២០២៣ ដោយប្រជាជនម្នាក់ មានចំណូលជាមធ្យម ១ ៣០០ដុល្លារ។ ខេត្តនេះ មាន​ក្រុងមួយ និង៦ស្រុក និងមានឃុំ-សង្កាត់សរុប​៤៨ និង៣២៧ភូមិ។ ខេត្តក្រចេះមានព្រំប្រទល់ ខាងកើតជាប់ខេត្តមណ្ឌលគិរី ​ខាងលិចជាប់ខេត្តកំពង់ធំ ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងប្រទេសវៀតណាម។​
 
​បើយោងតាមរបាយការណ៍ ដែលចេញដោយ​រដ្ឋបាលខេត្ត​ក្រចេះ​នៅ​ក្នុងខែឧសភា ឆ្នាំ​២០២៣ ប្រជាជនក្នុងខេត្តក្រចេះ ភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ដែលមានដូចជាការដាំ​ស្រូវ កៅស៊ូ ល្ង ថ្នាំជក់ ស្វាយចន្ទី ដំឡូងមី ម្រេច ម៉ៃ​សាក់​។ ក្រៅពីដំណាំកសិ-ឧស្សាហកម្ម ខេត្តនេះមានអំណោយផលសម្រាប់ការដំណាំសាវប្បកម្ម និងផ្លែឈើហូបផ្លែផ្សេងទៀត មានជាអាទិមាន ប៉ិកួៈ និងដំឡូងជ្វាជាដើម។
ក្រៅពីដំណាំ ពលរដ្ឋក៏ចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ទា សម្រាប់បម្រើដល់ការងារកសិកម្ម និងការបន្ថយការចំណាយ ខណៈការចិញ្ចឹមសត្វជាលក្ខណៈកសិដ្ឋាន២៣កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមគោ ៧កន្លែង និងកសិដ្ឋានចិញ្ចឹមមាន់មានចំនួន ៩កន្លែង។ 
 
ចំពោះប្រព័ន្ធធារាសាស្ត្រ​នៅក្នុងខេត្តនេះវិញ មាន១៨១កន្លែង ដែលមានលទ្ធភាពស្រោច ស្រពដំណាំដាំដុះនៅរដូវស្សា ១៥ ហិកតា និងរដូវប្រាំង១១ហិកតា ព្រមទាំង មានស្ថានីយ​បូមទឹក៥ កន្លែង។ 
ខេត្តក្រចេះក៏មានតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើនដែរ  រួមមានសារមន្ទីរ រមណីដ្ឋានប្រវត្តិសាស្ត្រ​វត្តសរសរ១០០ ភ្នំសំបុក វត្តវិហារបុរាណរកាកណ្ដាល ភ្នំសុពណ៌កាឡី ​ ប្រាសាទប្រាំ អន្លង់ផ្សោត ទឹកជួរទន្លេមេគង្គកាំពី ព្រែកជ្រៃមាំង តាព្រហ្ម ឆ្នេរកោះទ្រង់ និងសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ជាដើម។ ជាមួយគ្នាធនធានរ៉ែ ដូចជាថ្មក្រនីត រ៉ែមាស រ៉ែថ្មសំណង់ ក្រួស-ខ្សាច់ ក៏សម្បូរណាស់ដែរ នៅក្នុងទឹកដីខេត្តដែលស្ថិតនៅបណ្តោយដងទន្លេមេគង្គមួយនេះ។ 
 
បើតាមរបាយការណ៍ដដែល ​ដែនជម្រកសត្វព្រៃទាំងមូល ឬក៏ផ្នែកខ្លះមានទីតាំងក្នុងភូមិសាស្ត្រ នៃខេត្តក្រចេះដែរ ដែលមានដូចជាដែនជម្រកសត្វព្រៃ កែវសីមា ,ព្រៃឡង់, សំបូរ, ព្រែក​ប្រ​សព្វ និងដែនជម្រកសត្វព្រៃលំផាត់។
 
ខេត្តក្រចេះ មានសាកលវិទ្យល័យរដ្ឋ និងវិទ្យាស្ថានបណ្ដុះបណ្ដាល១កន្លែង មហា​វិទ្យាល័យ​ឯកជន២ កន្លែង សាលាមធ្យមសិក្សា ៥៥កន្លែង និងសាលាគរុកោសល្យ ១ កន្លែង។ ទាក់ទងនឹងផ្នែកសាសនាវិញ ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ ប្រណិបតន៍ព្រះពុទ្ធ​សាសនា, គ្រឹស្ត​ សាសនា និងឥស្លាមសាសនា ដូច​ពលរដ្ឋនៅក្នុងខេត្តផ្សេងទៀតដែរ៕
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com