ជាតិ
SECU នឹងពិនិត្យបណ្ដឹងរបស់លីកាដូ ដែលថាUNDP បរាជ័យ​ លើការអនុវត្តកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា​
25, May 2024 , 3:59 pm        
រូបភាព
SECU នឹង ពិនិត្យមើល បណ្ដឹងរបស់លីកាដូ ដែលថាកម្មវិធីអភិវឌ្ឍន៍ UNDP បរាជ័យ។ រូបពី លីកាដូ
SECU នឹង ពិនិត្យមើល បណ្ដឹងរបស់លីកាដូ ដែលថាកម្មវិធីអភិវឌ្ឍន៍ UNDP បរាជ័យ។ រូបពី លីកាដូ
ភ្នំពេញ៖ អង្គការលីកាដូ អះអាងថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បរាជ័យ ក្នុងការអនុវត្តវិធានការយកចិត្តទុកដាក់ រួមទាំងការប្រកាន់ខ្ជាប់នូវគោលនយោបាយបរិស្ថាននិងសង្គម។ ករណីនេះ អង្គភាព​អនុលោម​ភាព​សង្គម​ ​និង​បរិស្ថាន​ (S​E​CU) ​ដែលស្ថាប័នទទួលពាក្យបណ្ដឹងផ្ទៃក្នុង របស់កម្មវិធីអភិវឌ្ឍន៍ UNDP ពិនិត្យឃើញថា បណ្ដឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់វាយតម្លៃ។ នេះបើសេចក្ដីថ្លែងការណ៍ របស់លីកាដូ ចេញថ្ងៃទី២៤ឧសភា។
 
ពាក្យបណ្ដឹងសម្ងាត់ ត្រូវបានដាក់ដោយអង្គការលីកាដូ តាងនាម​ឱ្យ​ម្ចាស់​បណ្តឹង​មួយ​ចំនួន​ ​រងគ្រោះ​ពី​ការរំលោភ​សិទិ្ធ​មនុស្ស​ ​បង្ក​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​។​ ​ពាក្យបណ្តឹង​នេះ​ ​ត្រូវ​បាន​ដាក់​កាលពី​ខែ​មីនា​ ​ឆ្នាំ២០២៤ ដោយ​បាន​ប្តឹង​ថា​កម្មវិធី​អភិវឌ្ឍន៍​ ​UN​D​P​ ​បរាជ័យ​ក្នុង​ការ​អនុវត្ត​វិធានការ​យកចិត្តទុកដាក់​ ​ឬ​ ​Due​ ​Diligence​ ​និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​បរិស្ថាន​និង​សង្គម​ ​នៅ​ពេល​បង្កើត​ «ផែនទី​វិនិ​យោគិន​ S​D​G​ ​សម្រាប់​កម្ពុជា​» ​។​
 
​​ក្នុងពាក្យបណ្តឹង បាន​​រៀបរាប់​លម្អិត​ ​ពី​របៀប​ដែល​កម្មវិធី​អភិវឌ្ឍន៍​ ​UN​D​P​ ​ជ្រើសរើស​ក្រុមហ៊ុន​ឯកជន​ ​និង​ចាត់​ទុក​ក្រុមហ៊ុន​ទាំងនោះ​ជា​​ដៃគូ​ ​សម្រាប់​គម្រោង​របស់​ខ្លួន​ ​ដោយ​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​កេរ្តិ៍ឈ្មោះ​ ​ដល់​ក្រុមហ៊ុន​ទាំងនោះ​។​ ​ហើយក្នុងក្រុមហ៊ុន​នោះ បានជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​ឱ្យ​លក់​ដី​ ​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយបង្ខំ​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​មួយ​ចំនួន​និង​លើ​ដី​មួយ​ចំនួន​របស់​ជនជាតិ​ដើម​ភាគតិច​ ​ពលកម្ម​កុមារ​ ​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ការ​រំលោភបំពាន​សិទិ្ធ​មនុស្សជា​ច្រើន​ផ្សេងទៀត​ ​។​
 
 
តាមរយៈបណ្ដឹងខាងលើ អង្គភាព​អនុលោម​ភាព​សង្គម​ ​និង​បរិស្ថាន​ (S​E​CU) ​ រក​ឃើញ​ថា​ ​ពាក្យបណ្តឹង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ក្នុងការពិនិត្យនិងវាយតម្លៃ។  S​E​CU បាន​លើកឡើង​អំពី​បញ្ហា​​ពាក់ព័ន្ធ​នឹង​ការ​អនុលោម​តាម​គោលការណ៍​មួយ​ចំនួន​របស់​កម្មវិធី​អភិវឌ្ឍន៍ UN​D​P​ ​និង​លទ្ធផល​នៃ​ការ​មិន​អនុលោម​តាម​គោលការណ៍​។ លើសពីនេះ S​E​CU យល់ឃើញដែរថា ​ម្ចាស់​បណ្តឹង​(ក្រុមជន​រងគ្រោះ​ដែលប្ដឹងសម្ងាត់) បានរងគ្រោះដោយសារ​សកម្មភាព​ទាំងនោះ​​។​ S​E​CU ​នឹង​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត​ តាមការអះអាង​ របស់​ពាក្យបណ្តឹង​​។​
 
 
សម្រេច​ទទួលយក​បណ្តឹង​របស់ SECU​ ​គឺជា​ជំហាន​មួយ​ដ៏​សំខាន់​​ឆ្ពោះទៅ​កាន់ការ​ធានា​ថា​សកម្មភាព​របស់​កម្មវិធី​អភិវឌ្ឍន៍​UN​D​P​ នៅ​កម្ពុជា​ ​គោរព​តាម​គោលការណ៍​របស់​ខ្លួន​​។​ ​ការ​វិនិយោគ​របស់​វិ​ស័​យ​ឯកជន​ ​មិន​អាច​រំលោភ​សិទិ្ធ​មនុស្ស​របស់​ពលរដ្ឋ​មូលដ្ឋាន​បាន​នោះ​ទេ​​។​ អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​លីកាដូទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​ បានលើកឡើងបសោយង្កត់ធ្ងន់បេបនេះថា៖ ​​«យើង​ចង់​ឱ្យ​ការស៊ើបអង្កេត​នេះ​ ​ប្រព្រឹត្តិ​ទៅ​ឱ្យ​បាន​ឆាប់រហ័ស​ ​ហើយ​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ ​ដែល​បង្ក​ដោយ​គម្រោង​ទាំងនោះ ​នឹង​ត្រូវ​ដោះស្រាយ​»។ 
 
តាមរយៈ​ការ​ជ្រើស​សម្រាប់​ជាដៃគូ​ ​នៅ​លើ​ថ្នាល​វិនិ​យោគិន​ S​D​G​ (S​D​G​ ​Investor​ ​Platform​) ​កម្មវិធី​អភិវឌ្ឍន៍​ UN​D​P​ ​បាន​បរាជ័យ​ក្នុង​ការ​អនុលោម​តាម​បទដ្ឋាន​មួយ​ចំនួន​ ​ដូចជា ការពារ​​សុខភាព​ ​សុវត្ថិភាព​និង​សន្តិសុខ​ដល់​សហគមន៍​, ​ការ​បណ្តេញ​ចេញ​​និង​ការ​តាំងទីលំនៅ​ថ្មី​ និង​​ជនជាតិ​ដើម​ភាគតិច​។​ ​ការ​ព្រួយបារម្ភ​ជាច្រើន​ ​ពាក់ព័ន្ធ​នឹង​គម្រោង​ ​ត្រូវ​បាន​លើកឡើង​ដោយ​ផ្ទាល់​ជាមួយ​ការិយាល័យ​របស់​កម្មវិធី​អភិវឌ្ឍន៍ UN​D​P​ ​ប្រចាំ​នៅ​កម្ពុជា​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​។ ​ប៉ុន្តែ​ស្ថាប័ន​នេះ​ ​បាន​បរាជ័យ​ក្នុង​ការដោះស្រាយបញ្ហា​ទាំងនេះ​ ​អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ​មុន​ពេល​ដែល​ពាក្យបណ្តឹង​ត្រូវ​បាន​ធ្វើឡើង​។ នេះជាការអះអាងរបស់ លីកាដូ៕ 
 
 
​ 
 
 
 
 

Tag:
 ការអភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com