ជាតិ
ទៅលេងប្រាសាទបន្ទាយស្រី អាចពិសាទឹកស្អាតឥតគិតថ្លៃហើយជួយដល់បរិស្ថានទៀត​
25, May 2024 , 8:59 pm        
រូបភាព
ឧបករណ៍ចម្រោះទឹកស្អាតដែលបំពាក់នៅប្រាសាទបន្ទាយស្រី។
ឧបករណ៍ចម្រោះទឹកស្អាតដែលបំពាក់នៅប្រាសាទបន្ទាយស្រី។
សៀមរាប៖ អង្គការ GIZ បានដំឡើងឧបករណ៍ចម្រោះទឹកស្អាតនៅប្រាសាទបន្ទាយស្រី ដែលជាគម្រោងដំបូងអនុញ្ញាតឱ្យភ្ញៀវទេសចរប្រើប្រាស់ទឹកទាំងនោះដោយឥតថ្លៃ។ គម្រោងនេះ មានគោលដៅកាត់បន្ថយប្លាស្ទិក និងការបំពុលដោយកាកសំណល់ប្លាស្ទិកនៅតំបន់ប្រាសាទ។
 
ប្រធានក្រុមការងារអាស៊ានប្រចាំកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) លោក Frank Jattke លើកឡើងថា នៅកម្ពុជាតាមរយៈក្រសួងបរិស្ថាន GIZ បានជ្រើសរើសតំបន់រមណីយដ្ឋានអង្គរ ក្នុងការសាកល្បងគម្រោងបំពាក់ឧបករណ៍ចម្រោះទឹកស្អាតនៅតាមប្រាសាទនេះ។ ការធ្វើបែបនេះ  ក្នុងគោលដៅ កាត់បន្ថយការបំពុលប្លាស្ទិកនៅតំបន់ប្រាសាទ និងឱ្យសាធារណជនផ្លាស់ប្ដូរឥរិយាបថ លើការប្រើប្រាស់ប្លាស្ទិក ពិសេសដបទឹកសុទ្ធ។ 
 
« នៅទីនេះ ពួកគេអាចប្រើដបទឹក ច្រកទឹកស្អាតពិសារបានដោយឥតគិតថ្លៃ ពេលមកលេងប្រាសាទបាន»។ នេះជាការបញ្ជាក់ពីលោក Frank ដែលកន្លែងចម្រោះទឹកស្អាតនៅប្រាសាទបន្ទាយស្រី គឺមាន២កន្លែងផ្សេងពីគ្នា ដោយទីតាំងទីមួយ ស្ថិតនៅទីលានបដិសណ្ឋារកិច្ច និងទីពីរ នៅសាលសារមន្ទីរ។ 
 


សាធារណប្រើប្រាស់ទឹកស្អាតដែលបំពាក់នៅប្រាសាទបន្ទាយស្រី

GIZ បានសហការជាមួយ​អង្គការទឹកស្អាតកម្ពុជា ឬ Water Camdodia ដែលជាអ្នកបច្ចេកទេសដំឡើង​ប្រព័ន្ធចម្រោះទឹកស្អាត។ តំណាងអង្គការ GIZ លោក Frank ជឿជាក់ថា ប្រព័ន្ធចម្រោះទឹកស្អាតនេះ នឹងដើរតួនាទីសំខាន់ក្នុងការ ផ្លាស់ប្ដូរឥរិយាបថការប្រើប្រាស់ទឹក ដបប្លាស្ទិក និងចង់ឃើញការបំពុលបរិស្ថានក្នុងតំបន់ប្រាសាទមានការ ថយចុះ។ 
 


កំណើននៃការអភិវឌ្ឍធ្វើឱ្យនិន្នាការនៃការប្រើប្រាស់ប្លាស្ទិកមានការកើនឡើង និងកាន់តែងាយស្រួល។ លោក Frank ថា នាប៉ុន្មានទសវត្សចុងក្រោយនេះ ការប្រើប្រាស់ប្លាស្ទិកមានភាពងាយស្រួលពេក ធ្វើឱ្យប្រជាពលរដ្ឋបំភ្លេចចោល ឬមើលមិនឃើញនៃការបំពុលរបស់វា។ ដូច្នេះដើម្បីដោះស្រាយជាជំហានៗ​ទៅបាន គឺមានតែការចូលរួមពីភាគីពាក់ព័ន្ធទេ ដូចជាផ្លាស់ប្ដូរទម្លាប់ឈប់ប្រើប្រាស់ដបប្លាស្ទិក ហើយតាមអាហារដ្ឋាននានាឈប់ប្រើចាន ស្លាបព្រា ឬទុយោប្លាស្ទិក ជំនួសដោយប្រើសម្ភារ​ដែលអាចកែច្នៃ ឬងាយនឹងរលាយ​ពីភពផែនដីជាដើម។
 


ជាមួយគ្នានេះ មន្រ្តីអង្គការ GIZ ក៏រំពឹងជាខ្លាំងដែរថា មគ្គុទ្ទេសក៍ មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ឬអ្នកលក់ដូរ និងដើរតួសំខាន់ ក្នុងការណែនាំដល់ភ្ញៀវទេសចរឱ្យបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងងាកមកពិសារទឹកស្អាតដែលបំពាក់តាមឧបករណ៍ចម្រោះទឹក ដើម្បីរួមចំណែកជួយឱ្យគម្រោង​ទទួលបានជោគជ័យជានិរន្ត។ លើសពីនេះ GIZ ក៏មានគោលដៅសហការជាមួយអាជ្ញាធរជាតិអប្សរា​ បន្តដំឡើងឧបករណ៍ទាំងនេះនៅតាមប្រាសាទដទៃទៀតក្នុងតំបន់អង្គរ ក៏ដូចជានៅក្នុងទីក្រុងសៀមរាបផងដែរ ដើម្បីបង្កើតជាចក្ខុវិស័យមួយថា នៅពេលទេសចរមកលេងសៀមរាប គឺពួកគេមានទីតាំងសម្រាប់ប្រើប្រាស់ទឹកស្អាត និងច្រកទឹកបានច្រើន ទីតាំង។
 
ក្នុងពិធីសម្ពោធ និងទទួលគម្រោងចម្រោះទឹកស្អាតនាព្រឹកថ្ងៃទី២៤ ឧសភា លោក ឡុង កុសល អគ្គរង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា រំពឹងគម្រោងខាងលើនឹងទទួលបានជោគជ័យ និងមានការចូលរួមពីភាគីពាក់ព័ន្ធ។ លោកបានវាយតម្លៃថា  គម្រោងនេះពិតជាសំខាន់ណាស់ និងស្របតាមគោលដៅរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំឱ្យតំបន់ប្រាសាទគ្មានកាកសំណល់ប្លាស្ទិក និងកាត់បន្ថយការបំពុលផ្សេងៗ។ កិច្ចការងារនេះជាកិច្ចការនេះ ជាគោលសំខាន់របស់អាជ្ញាធរ ដែលបានកំណត់យ៉ាងច្បាស់លាស់។
 
« អ្វីដែលធំ គឺការផ្លាស់ប្ដូរអាកប្បកិរិយាបថនៃការប្រើប្រាស់ប្លាស្ទិក។ កន្លងមកអាជ្ញាធរជាតិងប្សរា ធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្អាតបរិស្ថាន និងយកមកកែច្នៃ ហើយដើម្បីឱ្យកចិ្ចការងារនេះរលូន សូមអ្នកពាក់ព័ន្ធជួយបែកចែក ឬញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីការគ្រប់គ្រងកាកសំណង់ និងសំរាម មានប្រសិទ្ធិភាពខ្ពស់​នៅតំបន់ប្រាសាទ»។ លោក កុសល បាននិយាយបែបនេះជាមួយនឹងសង្ឃឹមថា អ្នកពាក់ព័ន្ធពិសេសអាជីវករនៅ​ប្រាសាទបន្ទាយស្រី នឹងសហការញែកសំរាមឱ្យបានត្រឹមត្រូវ និងចូលរួមជួយជំរុញឱ្យគម្រោងទឹកស្អាត ខាងលើទទួលបានជោគជ័យ។ ប្រសិនទីនេះជោគជ័យ វានឹងក្លាយជាគំរូមួយដែលអាចឱ្យគេរៀនសូត្រ បាននាពេលអនាគត៕
 
 

Tag:
 ទឹកស្អាត
  បន្ទាយស្រី
  GIZ
© រក្សាសិទ្ធិដោយ thmeythmey.com