ជាតិ
វីដេអូ
ហាង​លក់​គ្រឿង​ទេស LA PLANTATION ដាក់​តាំងឧបករណ៍កិនម្រេចបុ​រាណ​ច្រើនប្រភេទ​
26, May 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្នុង​ហាង​លក់​គ្រឿង​ទេស LA PLANTATION មាន​សារមន្ទីរ​មួយ​បន្ទប់​ ដែលស្ថិតនៅ​ជាន់​ទីមួយនៃអគារ។ ជាក្រុមហ៊ុន​នេះ​ផលិត​ម្រេច ដូច្នេះវត្ថុ​បុរាណ​ភាគ​ច្រើន​ដែល​មាន​តាំង​​ ក៏ជា​ម៉ាស៊ីន​កិន​គ្រាប់​ម្រេច និង​ប្រដាប់​ដាក់​ម្រេច​កិន​ដែរ​។ នៅទីនេះ ក៏​មានម៉ាស៊ីនកិនគ្រាប់​កាហ្វេ ​ម៉ាស៊ីន​កិនអំបិល ​និង​ប្រដាប់​ដាក់អំបិល​​ដែរ ដែលស្ទើរតែ​ទាំង​អស់ ត្រូវបាននាំ​​មក​ពី​ទ្វីប​អឺរ៉ុប​ ពិសេស​ពី​ប្រទេស​បារាំង។ មាន​វត្ថុ​ពី​សម័យ​ផ្សេងៗ ពី​សតវត្ស​ទី១៩ និង​សត​វត្ស​ទី​២០។ វា​ធ្វើ​អំពីធាតុ​ផ្សេងៗ​ដែរ ដូចជា​ឈើ កែវ សេរ៉ាមិក និង​ដែក ​ជាពិសេស​សម្រាប់​​គ្រឿងខាង​ក្នុង។ ខ្លះ​មាន​រចនា​បថ​បែប​ពាណិជ្ជកម្ម ខ្លះ​មាន​រចនាបថបែបសិល្បៈ។ វត្ថុ​តាំង​ទាំង​អស់​នោះ ​ទាក់ទងនឹងគ្រឿងទេស និងផលិតផលម្រេចសរីរាង្គ ដែលហាងនេះ​មានលក់​។​ ​គេដាក់តាំងវា​ ដើម្បី​បង្ហាញ​អំពី​ភាពពិត​នៃ​គ្រឿង​ទេស​ទាំង​អស់ដែល​គេ​ផលិត​។ មិនប្រើប្លាស្ទិក ​គ្រឿងទេស​​ដែល​គេ​លក់​ ​គឺ​គេ​ប្រើ​ក្រដាស​ស៊ីម៉ងត៍ និង​ក្រដាសកាតុង​ ឬកែវ សម្រាប់ខ្ចប់។ ​
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
 
 
​ពី​បុរាណ​​ មនុស្ស​ត្រូវការ​បុក ឬកិន​គ្រឿង។ ដើម្បី​កិន គេ​ប្រើ​ថ្ម​ធម្មជាតិ ពីព្រោះ​វា​ធ្ងន់។ ថ្ម​ធំៗបង្វិល​ដោយ​ប្រើ​កម្លាំង​សត្វ ហើយ​​ថ្ម​តូច​បង្វិល​ដោយប្រើ​កម្លាំង​ដៃ។ ចាប់​ពី​សតវត្ស​ទី​១៩ គេ​ចាប់ផ្ដើម​ប្រើ​គ្រឿង​ដែក​ដើម្បី​កិន ដែល​ធ្វើ​ឱ្យ​មាន​ម៉ាស៊ីន​តូចទៅៗ។ គឺ​ជា​ប្រដាប់​កិន​បែប​​នេះ​ហើយ ​ដែល​មាន​តាំង​ក្នុង​សារមន្ទីរ​ LA PLANTATION ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ​ថា ដើមម្រេច​គេ​ដាំ​នៅ​ទ្វីប​អាស៊ី ខណៈ​ម៉ាស៊ីន​កិន​គ្រាប់​ម្រេច គេ​ច្នៃ​នៅ​ទ្វីប​អឺរ៉ុប។


ក្រុមហ៊ុន LA PLANTATION មាន​ផ្នែក​ផ្សេងៗ​ដូចជាចម្ការ​ម្រេច​កំពត កសិកម្ម​គ្រឿងទេស និង​តែ​ច្រើន​មុខ។ ផ្នែកបដិសណ្ឋាកិច្ច មានការទទួល​ភ្ញៀវ​ទេសចរក្នុងចម្ការ ​សណ្ឋាគារ និងភោជ​នីយដ្ឋាន ហើយផ្នែក​សប្បុរសធម៌​​​ ផ្ដល់​ឱកាស​ឱ្យ​កុមារាកុមារី​ក្រីក្រទៅ​រៀន។ ហាង​ពាក្យបារាំង plantation មាន​ន័យ​ថា ចម្ការ៕
 






Tag:
 ម្រេច
  ឧបករណ៍កិនម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com