កីឡាជាតិ
ជាតិ
សិស្សនិស្សិត មានស្មារតីជាអ្នកកីឡា ក្នុងការប្រកួតជើងឯកឧត្តមសិក្សា
26, May 2024 , 5:59 pm        
រូបភាព
ក្រុមកីឡាបាល់បោះសកលវិទ្យាល័យ CUS
ក្រុមកីឡាបាល់បោះសកលវិទ្យាល័យ CUS
លោក ជា វឌ្ឍនា គ្រូបង្វឹកកីឡាបាល់បោះ នៅសកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) យល់ឃើញថា ថ្វីត្បិតសិស្សនិស្សិត មិនមែនជាកីឡាករ-កីឡាការិនី ដែលជំនាញ ប៉ុន្ដែពួកគេ បានប្រកួតដោយមានស្មារតីជាអ្នកកីឡា មានវិន័យ និងចេះគោរពគ្នាទៅវិញទៅមក។ គ្រូបង្វឹករូបនេះ ក៏សរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស បានយ៉ាងល្អ ដោយក្នុងនោះមានទាំងការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅរបស់កីឡាករ-កីឡាការិនី។
នេះ គឺជាលើកទី១ ដែលសកលវិទ្យាល័យ CUS បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថា្នក់ជាតិ។ លោក ជា វឌ្ឍនា បាននិយាយថា សិស្សនិស្សិតចូលរួម ភាគច្រើនមិនមែនជាអត្ដពលិកអាជីព ឬជំនាញឡើយ។ ប៉ុន្ដែ អ្នកទាំងនោះ មានស្មារតីជាអ្នកកីឡា ហើយប្រកួតប្រជែង មានសីលធម៌ គោរពដៃគូ ជាពិសេសការគោរពបទបញ្ជា នៃការប្រកួត។
 
គ្រូបង្វឹករូបនេះ បាននិយាយថា៖«កីឡាករ-កីឡាការិនី លេងមានការទទួលខុសត្រូវ និងមានស្មារតីជាអ្នកកីឡា។ ចំណែកគណៈកម្មាធិការបច្ចេកទេស គឺពួកគាត់មានភាពសុក្រិត និងរៀបចំបានល្អ។ កីឡាករ-កីឡាការិនី មិនមានជម្លោះក្នុងការប្រកួតទេ។»។
 
លោក ជា វឌ្ឍនា ក៏បានសរសើរថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំបានល្អនូវព្រឹត្តិការណ៍នេះ ទាំងបដិសណ្ឋារកិច្ច ការហូបចុក កន្លែងស្នាក់នៅ សន្ដិសុខ និងការសង្គ្រោះបន្ទាន់។ «ខ្ញុំ គិតថាល្អ ទាំងការដឹកជញ្ជូនកីឡាករ ទាំងការស្នាក់នៅ និងការហូបចុក។ យើង មានសណ្ឋាគារ និងការហូបចុកច្រើនកន្លែង។ ចំពោះការដឹកជញ្ជូនកីឡាការទៅប្រកួត និងក្រោយពេលប្រកួត ឡានបានត្រៀមរួចជាស្រេច។ ខ្ញុំ គិតថាក្រសួងធ្វើបានល្អមែនទែន សម្រាប់ការប្រកួតមួយនេះ។»។ គ្រូបង្វឹកបាល់បោះ CUS បាននិយាយដូច្នេះ៕
 

Tag:
 ជា វឌ្ឍនា
  កីឡាឧត្តមសិក្សា
  មធ្យមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com