ជាតិ
ព្រះសង្ឃ៥ពាន់អង្គ នឹងធ្វើកិច្ចបដិបត្តិសមាធិ មុខវត្តឧណ្ណាលោម ថ្ងៃទី២៧ឧសភា
26, May 2024 , 8:39 pm        
រូបភាព
រូបតំណាង (រូបពីហ្វេសប៊ុកវត្តឧណ្ណាលោក-Unnalom Pagoda
រូបតំណាង (រូបពីហ្វេសប៊ុកវត្តឧណ្ណាលោក-Unnalom Pagoda
ភ្នំពេញ៖ ព្រះសង្ឃចំនួន៥ពាន់អង្គ រួមទាំងសីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយ ជាសិក្ខាកាម យោគាវចរ នឹងធ្វើកិច្ចបដិបត្តិសមាធិ នៅខាងមុខវត្តឧណ្ណាលោម ក្នុងព្រះរាជពិធីមហាបង្សុកូល ឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ។ កិច្ចបដិបត្តិសមាធិ  នឹងចាប់ផ្ដើម នៅវេលាម៉ោង៦:០០នាទីល្ងាច​  នាថ្ងៃទី២៧ឧសភា។
 
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និងជាព្រះ​មេគណរាជធានីភ្នំពេញ និមន្តបុព្វកថា។ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី ដឹកនាំនមស្ការព្រះរតនត្រ័យ(សង្ខេប)។
 
បន្ទាប់មក លោកអាចារ្យមួយរូប នឹងដឹកនាំសមាទានសីល និងបត្តិទានគាថា។ នាម៉ោង៦:០០នាទីល្ងាច និមន្តព្រះសាសនមុនី មហាកម្មដ្ឋាននាចរិយ ហ៊ឹម ប៊ុនធឿន ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំចម្រើនសមាធិរយៈពេល ៣០នាទី។
 
លុះដល់ម៉ោង៦:៣០នាទីល្ងាច ស្មូតធម្មសង្វេគ។ បន្ទាប់មក បង្សុកូលឧទ្ទិសព្រះរាជមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី។ កម្មវិធីចុងក្រោយ គឺផ្សព្វផ្សាយមេត្តាធម៌។
 
សូមបញ្ជាក់ថា សាធារណជន ដែលមានសទ្ធាជ្រះថ្លា ឬមានបំណងចូលរួម ធ្វើកិច្ចបដិបត្តិសមាធិនេះ ក៏អាចចូលរួមបានដែរ ប៉ុន្តែត្រូវយកសម្ភារៈអង្គុយ (ប្រដាប់អង្គុយ) ទៅដោយខ្លួនឯង។ សាធារណជន ត្រូវទៅដល់ទីតាំងនៅ វេលាម៉ោង៥:០០នាទីល្ងាច៕
 

Tag:
 ព្រះសង្ឃ
  សមាធិ
  បដិបត្តិ
  វត្ត
  ឧណ្ណាលោម
  ព្រះសព
© រក្សាសិទ្ធិដោយ thmeythmey.com