ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន គ.ជ.ប អះអាងថា ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ ដំណើរការដោយរលូន
26, May 2024 , 5:51 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
 ភ្នំពេញ៖ ដំណើរការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តិទៅដោយជោគជ័យ គ្មានហិង្សា និងសណ្ដាប់ធ្នាប់។ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងបែបនេះ ដោយបញ្ជាក់ថា ក្នុងចំណោមអ្នកបោះឆ្នោត១១ ៦២២នាក់ មានអ្នកទៅបោះឆ្នោតរហូតដល់ ៩៩ភាគរយ។


ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការប្រកាសព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ លោក ប្រាជ្ញ ចន្ទ បានរៀបរាប់ថា នៅព្រឹកម៉ោង៧ ថ្ងៃទី២៦ឧសភា គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។ លើសពីនេះ ប្រធាន គ.ជ.ប មើលឃើញពីភាពស្ងប់ស្ងាត់របស់គណបក្សនីមួយៗ ដើម្បីជំរុញឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្តអ្នកបោះឆ្នោតឡើយ។

ចំពោះ កម្លាំងសន្តិសុខបោះឆ្នោត មានដាក់ពង្រាយតាមគោលដៅនានាដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ។ នេះជាការបញ្ជាក់របស់ ប្រាជ្ញ ចន្ទ ដោយបានបន្ថែមថា៖ «ការិយាល័យបោះឆ្នោតទាំង ២០៩ បានដំណើរការបោះឆ្នោតដោយរលូន និងជោគជ័យដែលក្នុង នោះមាន ១៩៥ ការិយាល័យបានបិទការិយាល័យបោះឆ្នោតមុនពេលកំណត់ ដោយហេតុថា អស់អ្នកមកបោះឆ្នោតហើយការិយាល័យ ១៤ បានបន្តបើកដំណើរការ រហូតដល់ម៉ោង៣រសៀល»។

បើតាមប្រធាន គ.ជ.ប បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្តើមភ្លាមៗនៅនឹងកន្លែង តាម នីតិវិធីរបស់ គ.ជ.ប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និង អ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យនីមួយៗ។ ជាមួយគ្នាដែរ តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោត ដែល គ.ជ.ប ទទួលបាន បង្ហាញថាអ្នកបានទៅ បោះឆ្នោតសរុបចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩,៧៩ ភាគរយ នៃអ្នកមានឈោ្មះក្នុងបញ្ជី បោះឆ្នោត ១១.៦២២នាក់។

ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ប្រធាន គ.ជ.ប ដើម្បីឱ្យដំណើរការនៃការរៀបចំត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប នឹងប្រកាសនៅម៉ោងប្រមាណ៧យប់នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com