ជាតិ
​អាន​ប្រលោមលោក ជារឿងឥតប្រយោជន៍?
27, May 2024 , 8:59 am        
រូបភាព
យុវតីម្នាក់ កំពុងអង្គុយអានសៀវភៅប្រលោមលោក។
យុវតីម្នាក់ កំពុងអង្គុយអានសៀវភៅប្រលោមលោក។
សៀមរាប៖ ប្រលោមលោក ​ជាសៀវភៅ​ដែលផ្តល់នូវការកម្សាន្តដល់អ្នកអាន ដែល​មាន​សៀវ​ភៅ​ប្រ​លោម​​​​លោកបែបស្នេហា មនោសញ្ចេតនា អប់រំ លើកទឹកចិត្ត ឬក៏​សៀវភៅ​បែប​ប្រវត្តិ​សាស្ត្រ​​​ជា​ដើម។ ​​សៀវ​ភៅប្រលោមលោក មានការពេញនិយមខ្លាំង​នៅក្នុង​ចំ​ណោម​យុវជន ព្រោះ​វា​​ផ្តល់​ការកម្សាន្តអារម្មណ៍ ផ្តល់ការលើកទឹកចិត្ត​និងមានតម្លៃអប់រំ​ទៅតាម​ប្រភេទសៀវភៅនីមួយៗ។  ​ទោះអាន​ប្រលោមលោកក៏ដោយ ក៏​ជាការរួម​ចំណែក​​ដល់ការ​លើកកម្ពស់ការអាន និងការតែងនិពន្ធនៅក្នុងសង្គម​ដែរ។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 

  

សៀវភៅប្រលោមលោក បែបមនោសញ្ចេតនា, ស៊ើបអង្កេត និងចារកម្ម, ប្រវត្តិសាស្ត្រ, ផ្សងព្រេង និង​រន្ធត់​ជាដើម ហាក់ទទួលបានការពេញនិយមកាន់តែខ្លាំង ពីមិត្តអ្នកអាន នៅក្នុងប្រទេសកម្ពុជា ពិសេសយុវជន។ នៅពេលមានការតាំងពិព័រណ៍សៀវភៅម្ដងៗ គេសង្កេតឃើញថា នៅតូបលក់សៀវភៅ ប្រភេទនេះ ត្រូវបានចោមរោមដោយ​ក្រុម​យុវជន។​ ជាក់ស្ដែងក្នុងពិព័រណ៍សៀវភៅខ្នាតតូច ខេត្តសៀមរាប កាលពីដើមខែមេសា​កន្លង​ទៅដូច្នោះដែរ។ 
 

 យុវតីកំពុងស្វែងរកសៀវភៅប្រលោមលោក ក្នុងពិព័រណ័សៀវភៅខ្នតតូច សៀមរាប កាលពីដើមខែមេសា ឆ្នាំ២០២៤កន្លងទៅ។ 

ពួកគេហាក់ពេញចិត្តអានសៀវភៅប្រភេទនេះណាស់។ ទាក់ចិត្តដោយសារ​ពួកគេ​ចូល​ចិត្ត​អាន​សៀវភៅប្រភេទនេះ ឬទាក់ទាញដោយសារគម្របសៀវភៅចម្រុះពណ៌ និងរូបភាព​ចម្រុះទាំងនោះ? 
 

យុវតី រុន ជូរី សិស្សវិទ្យាល័យ ក្នុងក្រុងសៀមរាប។ 

យុវតី រុន ជូរី ស្ថិតក្នុងចំណោមយុវតីវ័យក្មេងឯទៀត កំពុងពិនិត្យចំណងជើង និងទំព័រខ្លះៗ នៃ​សៀវភៅប្រលោមលោក។ មាណវីរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនតែងចំណាយ​ពេល​​វេលាទំនេររបស់នាង​ ទៅលើការអានសៀវភៅប្រលោមលោក និងម្ដងកាលការអាន​សៀវភៅប្រលោមលោក ក្លាយជាសកម្មភាពពេញម៉ោងរបស់នាងក៏មាន។ 
 
បើតាមយុវតីរូបនេះ ក្នុងមួយខែខ្លួនអានសៀវភៅប្រលោមលោក ចន្លោះពី២០ ទៅ៣០ ចំ​ណង​ជើង។ ប្រភេទរឿងដែលខ្លួនចូលចិត្តអានជាងគេគឺមនោសញ្ចេតនា ស្នេហារវាងស្ត្រី និងបុរស និងស្នេហារវាងបុរស និងបុរស (Boy Love ឬBL)។ 
 
ក្រៀមក្រំ, សប្បាយចិត្ត, រំភើប អារម្មណ៍ប្លែកៗពីគ្នាពីមួយទៅមួយ នៃសាច់រឿង ធ្វើឱ្យយុវតី ចិត្តចូលចិត្តអានរឿងប្រលោមលោក។ កញ្ញារៀបរាបដូច្នេះ៖ «អ្នកនិពន្ធ ពេលដែលគាត់​និពន្ធ ដូចស្វែងយល់ពីចិត្តយើង ចំណុចស៊ីជម្រៅខ្លាំង មានគ្រប់រសជាតិទាំងផ្អែម ល្វីង ជូរ ចត់​​​។ វាធ្វើឱ្យពេលយើងអានទៅ​ ដូចជាយើងជួបអារម្មណ៍ទាំងអស់នោះ»។ 
 
ការលើកទឹកចិត្តពីសៀវភៅ ជាចំណុចចម្បងមួយដែលបណ្តាលឱ្យសិស្ស​វិទ្យាល័យ​រូបនេះ​ ចូលចិត្តអានសៀវភៅប្រលោមលោកដែរ។ អ្នកខេត្តសៀមរាបរូបនេះ​រៀបរាប់ដូច្នេះ៖«ពេល​ដែលយើងជួបបញ្ហា កុំឱ្យយើងគេចពីបញ្ហា ហើយក្នុងរឿងប្រលោម​លោកមានរឿងតិច​មែន​ទែន ដែលជួបបញ្ហាគេចពីបញ្ហា។ អ៊ីចឹងវាបង្រៀនយើងពេលជួប​បញ្ហា កុំគេចពីបញ្ហា»។ 
 

កញ្ញា គាំ លីសា សិស្សអនុវិទ្យាល័យ ក្នុងក្រុងសៀមរាប។ 

ជាអ្នកចូលចិត្តអាន និងគាំទ្រស្នាដៃប្រលោមលោកខេមរភាសា កញ្ញា គាំ លីសា ជាសិស្ស​កំ​ពុង​សិក្សា ថ្នាក់ទី៩ ក្នុងក្រុងសៀមរាប។ អ្នកសៀមរាបរូបនេះថា ខ្លួនតែងឆ្លៀតពីការ​សិក្សា​​អាន​​សៀវភៅប្រភេទនេះ ដោយសារសម្រាប់កម្សាន្តផង និងចូលចិត្តការ​តែងនិពន្ធបញ្ចូល​រូបា​រម្មណ៍ទាក់ចិត្តតរុណីរូបនេះ ឱ្យអានសៀវភៅប្រភេទពីមួយ ទៅមួយឥតឈប់ឈរ។ 
 
«ពេលអានទៅជក់ចិត្ត ជួយនៅពេលដែលយើងអប្សុក។ ពាក្យសម្ដីដែលនិពន្ធឡើង ឃ្លា​ឃ្លោង​ដែលអ្នកនិពន្ធឡើង។ យើងអាចរៀនសូត្របានចេញពីសៀវភៅប្រលោមលោក ដូច​កន្លែងខ្លះឱ្យយើង​ខិតខំរៀនសូត្រ»។ 
 
ទាំងជូរី និងលីសា នាងមិនគិតថាការអានសៀវភៅប្រលោមលោកជារឿងឥតប្រយោជន៍ តាមរយៈ​បទពិសោធន៍របស់គេនាពេលកន្លងមក។ ផ្ទុយមកវិញ ការអានប្រលោមលោក​ជួយ​ឱ្យពួកគេកម្សាន្តកែកុនអប្សុក និងពួកគេអាចរឿនសូត្រពីចំណុចល្អចេញពីសៀវភៅ​ទាំងនោះ មកអនុវត្តក្នុងជីវភាពរស់នៅរបស់ខ្លួន។
 

លោក ធឿន វុទ្ធី អ្នកនិពន្ធរឿងប្រលោមលោកបែបរន្ធត់។ 

ជាពន្លកថ្មី ​ លោក ធឿន វុទ្ធី ជា​អ្នក​និពន្ធរឿងប្រលោម​លោក​​បែបរន្ធត់មួយរូប។ តាំងពីចាប់​ផ្ដើម រហូតមកទល់ពេលនេះ អ្នកខេត្តសៀមរាបរូបនេះ បានបោះពុម្ពស្នា​ដៃរបស់ខ្លួន ជា​បន្ត​បន្ទាប់ ចំនួន១៣ចំណងជើងរួចមកហើយ។ 
 

សៀវភៅប្រលោមលោកជាច្រើនចំណងជើង ដាក់តាំងលក់ក្នុងពិព័រណ៍សៀវភៅខ្នាតតូច ខេត្តសៀមរាប កាលពីដើមខែមេសា ឆ្នាំ២០២៤។ 

មានបទពិសោធន៍ប្រមាណ៥ឆ្នាំក្នុងវិស័យតែងនិពន្ធលោក វុទ្ធី សង្កេតឃើញថា សន្ទុះនៃ​អ្នក​អានសៀវភៅប្រលោមលោកច្រើនឡើងៗ​​ជាពិសេសគឺយុវតី ដែលចូលចិត្តអាន​សៀវ​ភៅ​ប្រភេទនេះ។ ម្ចាស់ស្នាដៃ «យប់ថ្ងៃព្រហស្បតិ៍» រូបនេះពន្យល់ថា៖«សព្វថ្ងៃហ្នឹង គឺមាន​សន្ទុះការអានសៀវភៅច្រើន ហើយការអានសៀវភៅក៏ច្រើនដែរ ដោយសារតែយើងមាន​ការ​លើក​កម្ពស់វិស័យអំណាន ការអាននៅកម្ពុជាពីក្រសួង និងស្ថាប័ននានា។ តាមដែលខ្ញុំ​ឃើញ (អ្នកអានសៀវភៅប្រលោមលោក) គឺស្ត្រីមានច្រើនបុរស ប្រហែល៧០ភាគរយ»។ 
 
សម្រាប់អ្នក​និពន្ធរូបនេះ ដើម្បី​ជំរុញ និង​លើកកម្ពស់ការអាននៅកម្ពុជា គឺ ទាល់តែ​ជំរុញការអាន និងជំរុញការគាំទ្រស្នាដៃនិពន្ធដែលមានគុណភាព ត្រូវដើរទន្ទឹមគ្នា។ គុណភាពត្រង់នេះ លោកសំដៅលើភាពខ្លឹមសារ, ការអប់រំ និងវិធីសាស្ត្រការតែង ដែលទាក់ចិត្តអ្នកអាន។ លោក វុទ្ធី បញ្ជាក់ដូច្នេះ៖ «រាប់តាំងពីសាច់រឿងក្នុងនិពន្ធ​តើ​មានគ្រប់គ្រាន់អត់? អត្តន័យ អត្ថរស អត្ថរូប បញ្ចេញក្នុងប្រលោមលោក។ សាច់ក្រៅ ដូចជាការរចនាក្រប ការសុំបាកូដ ការចុះជាកម្មសិទ្ធិបញ្ញា...»។ 
 
សម្រាប់អ្នកនិពន្ធរូបនេះ ដ្បិតសៀវភៅប្រលោមលោក ជាប្រភេទសៀវភៅកម្សាន្ត​ការ​ពិតមែន តែសៀវភៅកម្សាន្តប្រភេទនេះ មានបង្កប់នូវតម្លៃអប់រំតាមបែបផែនរបស់វា។ ម្យ៉ាងទៀតសៀវភៅប្រភេទនេះ ជំរុញឱ្យអ្នកអានមានស្មារតី​ត្រិះរិះពិចារណា​ផងដែរ។ 
 
«យើងដឹងហើយថា ប្រលោមលោក វាជាសៀវភៅបែប entertainment (កម្សាន្ត) ប៉ុន្តែ​នៅ​ក្នុង​ហ្នឹងមានតម្លៃអប់រំ ជួនណាជាតម្លៃអប់រំបើកចំហ ប៉ុន្តែភាគច្រើនប្រលោមលោក​ជា​តម្លៃអប់រំបែបបង្កប់។ ពេលអ្នកអានអានចប់ កាត់អាចត្រិះរិះពិចារណា​ពីតម្លៃអប់រំ​នៅក្នុង​សាច់​រឿងដែលគាត់បានអាន»។ នេះជាការលើកឡើងរបស់លោក ធឿន វុទ្ធី៕ 
 
 
 
 
 
 

Tag:
 ThmeyThmey
  ប្រលោមលោក
  អប់រំ
  អំណាន
© រក្សាសិទ្ធិដោយ thmeythmey.com