កីឡាជាតិ
ជាតិ
វិសាខា ស្ថិតក្នុងពូលជាមួយ Win Streak របស់ វឿន វាសនា ក្នុងការប្រជែងពាន WSVI នៅតៃវ៉ាន់
27, May 2024 , 5:29 pm        
រូបភាព
សមាគមក្លិបបាល់ទះ វិសាខា ក្រោមការដឹកនាំរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចេញដំណើរទៅប្រទេសតែវ៉ាន់ នៅរសៀលថ្ងៃទី២៧ ខែឧសភា ដើម្បីចូលរួមប្រកួតពានរង្វាន់ពានរង្វាន់បាល់ទះ Win+Streak Volleyball Invitational (WSVI) ឆ្នាំ ២០២៤ នៅក្នុងទីក្រុង Taichung។ វិសាខា ស្ថិតនៅក្នុងពូលជាមួយម្ចាស់ផ្ទះ Win Streak ដែល វឿន វាសនា កំពុងប្រកបអាជីព។


ការប្រកួតពានរង្វាន់ WSVI នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ដោយក្រុមបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះសម្រាប់ពានរង្វាន់អន្តរជាតិមួយនេះ។ ​ក្លិបបាល់ទះ Win Steak ដែលមានវត្តមានកីឡាករបាល់ទះកម្ពុជា​ វឿន វាសនា​ កំពុងប្រកបអាជីព ជាក្រុមជើងឯកលីគបាល់ទះប្រទេសតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤។
 
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទះ វិសាខា ទើបតែនាំចូលកីឡាករលំដាប់ A របស់បារាំងចំនួន ៣រូប Francois Rebeyrol, Thomas Gill និង​ Prierre Toledo មករួមក្រុមរយៈពេលខ្លី ដើម្បីចែករំលែកចំណេះដឹងបច្ចេកទេស រួមទាំងបទពិសោធន៍បាល់ទះពីទ្វីបអឺរ៉ុប ពង្រឹងសមត្ថភាពលើកីឡាករបាល់ទះកម្ពុជា។ 
 
ស្ថិតក្នុងដំណើរទៅកាន់ការប្រកួតប្រជែងក្នុងប្រទេសតៃវ៉ាន កីឡាករ​បារាំងទាំង ៣រូប ក៏មានវត្តមានជាមួយនឹងក្រុមវិសាខា។ ក្រៅពីកីឡាករបារាំងទាំង ៣រូប សមាភាពក្រុមកីឡាករ​ ក្លិបវិសាខា ដែលនឹងត្រូវទៅប្រកួតប្រជែងពាន WSVI រួមមានកីឡាករ សួន ចាន់ដារូ​, ពិន សារុន, ធី ម៉េងហួង, គួន មុំ, សឿន ហេង, មឿន ម៉េងឡាយ, ចាន់ វាសនា, ផល រតនៈ, មួន និមល, សេង គីមហាប់។ 



ក្រុមបាល់ទះវិសាខា ក៏នឹងត្រូវបានដឹកនាំទៅកាន់ការប្រកួតដោយ លោក សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា VFC រួមជាមួយនឹងក្រុមគ្រូបង្វឹក មានលោក ប៉េង សុវណ្ណណូ ប្រធានក្រូបង្វឹក, លោក ខន សៀងហីម គ្រូបង្វឹកក្រុមវិសាខា និងលោក នៀវ សាម៉េត ជាជំនួយការគ្រូបង្វឹក។
 
ពានរង្វាន់ WSVI 2024 នឹងមានក្រុមចំនួន ៨ ចូលរួមប្រជែង រួមមានក្រុមម្ចាស់ផ្ទះ Win Streak, សមាគមក្លិបបាល់ទះ​ វិសាខា របស់កម្ពុជា, ក្លិប Flying Falcon មកពីម៉ាឡេស៊ី, ក្លិប Nature Med Club មកពីប្រទេសម៉ុងហ្គោលី, ក្លិប Long My Construction របស់តៃវ៉ាន់, ក្លិប Saitama Azalea របស់ជប៉ុន, ក្លិប Australian Volleyball Academy មកពីអូស្ត្រាលី និងក្លិប Thanh Pho Ho Chi Minh របស់វៀតណាម។ 
 
សម្រាប់កម្មវិធីប្រកួតរបស់ក្រុម វិសាខា ត្រូវបានចាប់គូឱ្យជួបតទល់ជាមួយនឹងក្រុម Australian Volleyball Academy នៅថ្ងៃទីប្រកួតបើកឆាក ទី២៩ ខែឧសភា មុនពេលទៅប៉ះក្លិប Win Streak នៅ១ថ្ងៃបន្ទាប់។ នៅថ្ងៃទី៣១ ខែឧសភា ប៉ះក្រុម Saitama Azalea របស់ជប៉ុន នៅវគ្គសន្សំពិន្ទុ។ 
 
បន្ទាប់ពីក្រុមទាំង ៨ ត្រូវបានចាប់គូឱ្យយប៉ះគ្នារៀងៗខ្លួន នៅជុំដំបូងរួច  នឹងរកឃើញក្រុមដែលមានលំដាប់ពិន្ទុ ពីលេខ ១ ដល់លេខ​៨ រួច។ នៅជុំផ្តាច់ព្រ័ត្រ ក្រុមចំណាត់ថ្នាក់លេខ ៧ នឹងត្រូវប៉ះជាមួយក្រុមលេខ ៨ ធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា និងនៅថ្ងៃទី២ ខែមិថុនា ក្រុមលេខ ៦ ប៉ះគ្នាជាមួយក្រុមលេខ ៥, ក្រុមលេខ ៤ ប៉ះគ្នាជាមួយនឹងក្រុមលេខ ៣ ហើយក្រុមន១ ត្រូវប៉ះក្រុមចំណាត់ថ្នាក់លេខ ២ តែម្តង៕

Tag:
 បាល់ទះ
  វិសាខា
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com