សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី នឹងដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP នៅឆ្នាំនេះ
27, May 2024 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីសេដ្ឋកិច្ចឥណ្ឌូណេស៊ី  Airlangga Hartarto ។ រូបភាព ៖ Nikkei Asia
រដ្ឋមន្រ្តីសេដ្ឋកិច្ចឥណ្ឌូណេស៊ី Airlangga Hartarto ។ រូបភាព ៖ Nikkei Asia
ឥណ្ឌូណេស៊ីនឹងដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅឆ្នាំនេះ។ ការចូលរួមក្នុងប្លុកនេះ នឹងពង្រឹងអាជីវកម្មឥណ្ឌូណេស៊ីដែលមាន ៦០ភាគរយនៃផលិតផលសរុបក្នុងស្រុកកាន់តែរឹងមាំ និងជំរុញការនាំចេញកាន់តែច្រើន។
 
រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានថ្លែងនៅខាងក្រៅសន្និសីទអាស៊ីអនាគតលើកទី២៩ នៅជប៉ុនថ្មីៗនេះថា ការក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះ នឹងជួយជំរុញសកម្មភាពនាំចេញរបស់ឥណ្ឌូណេស៊ី។
 
ទន្ទឹមនេះ ការចូលរួមជាមួយ CPTPP នឹងធ្វើឲ្យសហគ្រាសធុនតូច និងមធ្យមប្រទេសនេះត្រូវបានការពារកាន់តែប្រសើរឡើងដោយផ្អែកលើបទប្បញ្ញត្តិនៃការប្រកួតប្រជែងដែលបានកំណត់ដោយកិច្ចព្រមព្រៀង។ 
 
នេះជាអ្វីដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹង ក្នុងបរិបទដែលសហគ្រាសធុនតូច និងមធ្យមចូលរួមចំណែករហូតដល់ ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
 
លោក Hartarto បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្តអនុវត្តកំណែទម្រង់ និងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចដោយផ្អែកលើបច្ចេកវិទ្យា និងវិស្វកម្ម ដែលជំរុញសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគបរទេសដែលធ្វើអាជីវកម្មនៅឥណ្ឌូណេស៊ី។
 
ឥណ្ឌូណេស៊ីមានដំណើរការចរចាកិច្ចព្រមព្រៀងនេះអស់រយៈពេល៧ឆ្នាំជាមួយសហភាពអឺរ៉ុប (EU) ហើយដំណើរការនេះនៅតែបន្ត។ បើតាមលោករដ្ឋមន្ត្រី Hartarto បច្ចុប្បន្នឥណ្ឌូណេស៊ីបានបញ្ចប់ដំណើរការផ្ទៃក្នុងដើម្បីដាក់ពាក្យសុំចូលរួម CPTPP ហើយ។
 
កាលពីខែកក្កដាឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Auckland នូវែលសេឡង់ ប្រទេសសមាជិក CPTPP បានអនុម័តជាផ្លូវការនូវការចូលរួមរបស់អង់គ្លេសនៅក្នុងកិច្ចព្រមព្រៀងនេះ។ ពេលនោះ អង់គ្លេសបានក្លាយជាសមាជិកថ្មី និងជាប្រទេសអឺរ៉ុបដំបូងគេដែលចូលរួម CPTPP ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៨។
 
មុនពេលអង់គ្លេសចូលរួម CPTPP មានប្រទេសជាសមាជិកចំនួន១១ នៅក្នុងកិច្ចព្រមព្រៀងនេះរួមមាន សិង្ហបុរី អូស្ត្រាលី ប្រ៊ុយណេ កាណាដា ស៊ីលី ជប៉ុន វៀតណាម ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ និងនូវែលសេឡង់។ កន្លងមក មូលនិធិរូបិយវត្ថុអន្តរជាតិប៉ាន់ប្រមាណថា ដោយមានការចូលរួមពីអង់គ្លេស ប្លុកនេះនឹងរួមចំណែក ១៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
 
CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបទប្បញ្ញត្តិដែលលុបបំបាត់ពន្ធគយក្នុងចំណោមប្រទេសជាសមាជិក ហើយកំណត់ច្បាប់លើបញ្ហាដូចជា ការវិនិយោគឆ្លងព្រំដែន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កម្មសិទ្ធិបញ្ញា សហគ្រាសរដ្ឋ និងកម្លាំងពលកម្មជាដើម៕
 

Tag:
 ឥណ្ឌូណេស៊ី
  CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com